ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ​ កម្មការិនី រោងចក្រដែលផ្ទុះកូដកម្មមិនព្រមចូលធ្វើការទាមទារ លក្ខខណ្ឌការងារ១៣ចំណុច បានចូលបម្រើការងារវិញហើយ ក្រោយដោះស្រាយទទួលបានជោគជ័យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្មករ កម្មការិនី ដែលបម្រើការងារនៅរោង ចក្រ ឌីអិល ដេឌរ័រេសិន ឡៃធីង ឯ. ក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ខណៈដែលធ្វើកូដកម្មមិនព្រមចូលធ្វើការ ទាមទារលក្ខខណ្ឌការងារចំនួន១៣ចំណុចនោះ បានព្រមព្រៀងគ្នាដោះស្រាយចប់សព្វគ្រប់ហើយ ដោយមិនមានផ្ទុះហិង្សាអ្វីនោះទេ ខណៈនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ការប្រជុំដោះស្រាយទាមទារលក្ខខណ្ឌការងារចំនួន១៣ចំណុច រវាងតំណាងកម្មករតំណាងថៅកែរោងចក្រ និងមន្ត្រីមន្ទីរបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ខេត្តស្វាយរៀងដែលទទួលបានជោគជ័យនេះ នៅវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅរោងចក្រ ឌីអិល ដេឌរ័រេសិន ឡៃធីង ឯ. ក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមអាជ្ញាធរ ស្រុកស្វាយទាបបានឲ្យដឹងថា លក្ខខណ្ឌការងារចំនួន១៣ចំណុច ដែលកម្មកររោងចក្រទាមទាររួមមានដូចខាងក្រោម:

១. ស្នើសុំប្រាក់សុខភាព ៥ដុល្លារ

២. ស្នើសុំប្រាក់ថ្លៃសាំងចំនួន ២ដុល្លា សម្រាប់កម្មករនិយោកជិកដែលមកធ្វើការនៅថ្ងៃអាទិត្យ និងថ្ងៃឈប់បុណ្យ ។

៣. ស្នើសុំកុំឲ្យក្រុមហ៊ុនធ្វើការបង្ខិតបង្ខំនៅពេលកម្មករនិយោគជិកឲ្យធ្វើការបន្ថែមម៉ោង ។

៤. ស្នើសុំឲ្យក្រុមហ៊ុនកំណត់ចំនួនផលិតផលច្បាស់លាស់ និងមានចំនួនថេរ ។ ករណីកម្មករធ្វើការលើសចំនួនដែលបានកំណត់សូមឲ្យក្រុមហ៊ុនផ្តល់ជាប្រាក់រង្វាន់ ។

៥. ស្នើសុំក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួលជូនកម្មករនិយោគជិកដែលបានធ្វើការថ្ងៃបុណ្យក្នុង ខែឧសភា ឆ្នាំ២០១៩ ចំនួន ៣០០% បូក ១ ។

៦. ស្នើសុំឲ្យក្រុមហ៊ុនអនុញ្ញាតិឲ្យស្រ្តីមានផ្ទៃពោះចេញមុនការងាររបស់ ១៥នាទី ។

៧. ស្នើសុំកុំឲ្យប្រធានផ្នែកចិនគាបសង្កត់កម្មករ ។

៨. ស្នើសុំកុំឲ្យក្រុមហ៊ុនបញ្ឈប់កម្មករនិយោគជិកដោយគ្មានមូលហេតុ ។

៩. ស្នើសុំក្រុមហ៊ុនរក្សាប្រាឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្នុងថ្ងៃធ្វើកូដកម្ម ។

១០. ស្នើសុំឲ្យក្រុមហ៊ុនធ្វើកិច្ចសន្យាការងារចំពោះកម្ករពេញសិទ្ធិ ៦ ខែម្តង ។

១១. ស្នើសុំគិតជាប្រាក់ ចំពោះការឈប់សំរាកបំណាច់ ឆ្នាំដែលនៅសល់ ។

១២. ស្នើសុំឲ្យក្រុមហ៊ុនប្រមានប្រធានផ្នែកវិចខ្ចប់ជនជាតិខ្មែរ ។

១៣. ស្នើសុំឲ្យក្រុមហ៊ុនរៀបចំបើកប្រាកឈ្នួលឲ្យបានរួចរាល់មុនម៉ោងចេញពីការងារ ៕ យឹម សុថាន


ចែករំលែក៖