ភ្នំពេញ៖ រថយន្តTuntra មួយគ្រឿង បើកបោះពួយយ៉ាងលឿនទៅបុកបង្កោលភ្លើង បំភ្លឺផ្លូវមួយដើមដាច់អូសជាច្រើនម៉ែត្រ ម្ចាស់ទុករថយន្តចោលរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតចំណុចស្តុបរង្វង់មូលអាងទឹក តាមបណ្តោយផ្លូវព្រះសីហនុកែងនឹងផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញរថយន្តម៉ាកTUNTRA មួយគ្រឿងពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខ ភ្នំពេញ 2AY-3841 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេយុខាងលើ បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្កោលភ្លើងបំភ្លឺផ្លូវមួយដើម ដាច់ដល់គល់អូសជាច្រើនម៉ែត្រ រថយន្តបង្កទៅមុខលែងរួច ។ ចំណែកអ្នកបើកបរគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ