ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តដឹក​ស៊ី​ទែន​ហ្គាស បណ្ដាលឲ្យផុងលលាដ៍ក្បាលធ្លាយខួរស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផុងលលា​ដ៍ក្បាល​ហូរ​ឈាម​ស្លាប់ ​​នៅកន្លែង​កើតហេតុ​ភ្លាម​ៗ​ ខណៈបុរស​រូបនោះ​បានជិះ​ម៉ូតូ​ក្នុង​ល្បឿនលឿន​ ​ជ្រុលទៅ​បុក​នឹង​រថយន្ត​ដឹក​ធុង​ហ្គាស​ ដែលជារថយន្ត​ក្រុមហ៊ុន​ តារា​ ស៊ី​ធី​ហ្គាស​ ឈប់​ស្ងៀម​ ត្រូវម៉ូតូបុកពីក្រោយ​ពេញទំហឹង​ កាលពីវេលាម៉ោង​១១និង​៥០នាទី​យប់ ថ្ងៃទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ជិត​និង​ភោជនីដ្ឋាន​ 8888 ផ្លូវ៥០ម៉ែត្រ​ ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។

សពជនរងគ្រោះ​ មានឈ្មោះ​ រិន​ កាមិត្ត​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ មុខរបរ​ កម្មករ​ សំណង់​ ស្នាក់នៅ​ ភូមិ​ស្រុក​ចេក​ សង្កាត់​ជើង​ឯក​ ខណ្ឌ​ដង្កោ​ មានស្រុកកំណើត​ ស្រុក​បាទី​ខេត្តតាកែវ​ និងមានប្រពន្ធឈ្មោះ គឹម ហ៊ាង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយប្តីខាងលើ មានស្រុកកំណើតនៅស្រុកត្រាំងកក់ ខេត្តតាកែវ មានកូនស្រីតូច២នាក់ ។ ដោយជិះម៉ូតូ​ម៉ាក​ ឌ្រីមសង់​ ស៊េរី​២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CR8373 ។

ចំណែក​រថយន្ត​ ដឹក​ស៊ី​ទែន​ហ្គាស​ របស់ក្រុមហ៊ុន​ តារា​ធី​ស៊ី​ ហ្គាស​ ចំណុះ​១​តោន​កន្លះ​ ម៉ាក​ ហ៊ីយ៉ានដាយ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ សៀមរាប​ 2A 7187 បើកបរ​ ដោយ​បុរស​មិន​ស្គាល់​ អត្តសញ្ញាណ​ បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​ ។

តាម​ប្រភព​ព័ត៌មាន​ថា​ រថយន្ត​ ដឹកធុង​ ហ្គាស​ រថយន្ត​ ក្រុមហ៊ុន​ តារា​ ស៊ី​ធី​ ហ្គាស​ បានបើក​មកដល់​ ចំណុច​ខាងលើ​ ស្រាប់​តែ​ខូច​ ហើយ​ចតស្ងៀម​នៅលើ​ចិញ្ចើមផ្លូវ ហើយ​ស្របពេល​នេះដែរ​ បុរសរងគ្រោះ​ជិះ​ម៉ូតូ​​ទិសដៅ​ស្របគ្នា​ ហើយ​ផ្លូវ​ងងឹត​ ទើប​មើល​មិន​ឃើញ​ ក៏ជ្រុល​ទៅ​បុករថយន្ត​ដែល​ឈប់​ស្ងៀម​ ពីក្រោយ​ពេញទំហឹង​ ស្លាប់នៅកន្លែង​កើតហេតុ​តែម្តង​ ។

​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ់​ចរាចរណ៍​បានចុះ​ទៅកន្លែងកើតហេតុ​ ​ពិនិត្យ​​សព ព្រមទាំងមានសាច់ញាតិមកទ្រហ៊ោយំសោកស្តាយ​ផងដែរ​ ។ សពជនរងគ្រោះ​ត្រូវ​បានសមត្ថកិច្ច​ ប្រគល់ឲ្យក្រុមគ្រួសារយក​ទៅ​ធ្វើ​បុណ្យ​ នៅ​ស្រុក​ខាង​ប្រពន្ធ​ ឯខេត្តតាកែវ​ ។ រីឯរថយន្ត​និង​ម៉ូតូ​ សមត្ថកិច្ច​​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ ដើម្បី​រង់ចាំ​ដោះស្រាយពេលក្រោយ​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖