ភ្នំពេញ៖ លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អត្តលេខ ១៧៥២៦ និងលោកវរសេនីយ៍ទោ ហង្ស មុនី អត្តលេខ ១៣១៦២ ត្រូវបានរាជរដ្ឋាភិបាល ទើបនឹងបង្កើតថ្មីនោះ បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ គឺរួមមានខណ្ឌកំបូល និង ខណ្ឌបឹងកេងកងកាលពីព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពេលដែលអភិបាលខណ្ឌថ្មីទាំង៣រូប ត្រូវបានប្រកាស កាលពីថ្ងៃទី ២២ មេសា ២០១៩ នៅ សាលារាជធានីភ្នំពញ កាលពីពេលកន្លងទៅ ។
ពិធីប្រកាសមុខ តំណែងអធិការនគរបាល ខណ្ឌទាំង២ខាងលើនេះ បានធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសំណាក់ ស្នងការរង ប្រធានការិយាល័យ អធិការខណ្ឌ ព្រមទាំងមន្ដ្រីនគរបាលមួយចំនួនទៀត ។
ក្រៅពីពិធីប្រកាសតែងតាំង អធិការនគរបាលខណ្ឌទាំង២រូបខាងលើនេះ ក៏មានការប្រកាស តែងតាំង និងប្រគល់ភារកិច្ចថ្មី ព្រមទាំងបំពាក់ឋាន្ដរស័ក្ដិជូន ដល់មន្ដ្រីនគរបាលជាច្រើន នាក់ផ្សេងទៀត មានថ្នាក់វរសេនីយ៍ឯក ថ្នាក់វរសេនីយ៍ទោ ថ្នាក់វរសេនីយ៍ត្រីថ្នាក់អនុសេនីយ៍ឯក និង ថ្នាក់អនុសេនីយ៍ទោ ជាដើម ។
ក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានលើកឡើងដោយ សង្ខេបពីលទ្ធផលការងារ ដែលសម្រេចបានរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ នាពេលកន្លងទៅ ទាំងការចូល រួមការពារបទល្មើស រក្សារសន្ដិសុខសណ្ដាប់ធ្នាប់សង្គម ជាដើម ។ ដោយជំរុញឲ្យមន្ដ្រីនគរបាលនគរបាល ជាពិសេស អធិការ នគរបាលខណ្ឌទាំង២រូប ត្រូវខិតខំបំពេញការងារតាមបទបញ្ជាថ្នាក់លើ តបទៅនឹងអ្វីដែលទទួលបានការតែងតាំងនេះ ។ ព្រមទាំងផ្តាំផ្ញើរដល់ អធិការខណ្ឌទាំង១៤ មេត្តាយកចិត្តទុកដាក់លើកការគ្រប់គ្រងមន្ត្រីក្រោមឳវាទ ទាំងមន្ត្រីដល់វ័យចូលនិវត្តន៍ និង មន្ត្រីត្រូវតម្លើងតួនាទី និងឋានន្តរៈស័ក្តិ ស្របតាមការខិតខំប្រឹងប្រែងរបស់ពួកគាត់ នឹងពិនិត្យឲ្យអស់ពីលទ្ធភាព លើមន្ត្រីមូលដ្ឋាន ត្រូវបានលើកទឹកចិត្ត ទទួលមុខតំណែងឬ តួនាទី ក្រោយនាយប៉ុស្តិ៍ ឬអធិការ ចូលនិវត្តន៍ ឬ ផ្លាស់ប្តូរ ទៅកន្លែងផ្សេង ។
លោកស្នងការ បានសង្កត់ធ្ងន់ថា និងមិនលើកលែងឡើយចំពោះមន្ត្រីនគរបាលរូបណា ពាក់ព័ន្ធ និងគ្រឿងញៀន ។ អធិការខណ្ឌទាំង១៤ ត្រូវខិតខំបោសសំអាត ការចរាចរណ៍ ចែកចាយ ប្រើប្រាស់ និងជួយដូរគ្រឿងញៀន ពីមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ចំណែកឯករណី ចោរឆក់ លួច គាស់ផ្ទះ ទាំងយប់ទាំងថ្ងៃត្រូវដាក់កម្លាំងពួនស្ទាក់ទប់ស្កាត់ បង្ក្រាបឲ្យទាន់ពេលវេលា (កុំឲ្យមានតែផែនការណ៍ ក្នុងក្រដាស់ឲ្យតែល្អមើល) ។
សូមបញ្ជាក់ផងដែរថា លោកវរសេនីយ៍ទោ ហង្ស មុនី អត្តលេខ១៣១៦២ ទទួលបានមុខតំណែងថ្មី ពីអធិការរងនៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទៅជា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌខណ្ឌកំបូល ។
ប្រវត្តិការងារ លោកបានចូលធ្វើការតាំងឆ្នាំ ១៩៨៦ ដល់ ១៩៨៧ជាបុគ្គលិកនគរបាលឃុំ ភ្នំពេញថ្មី ស្រុកឫស្សីកែវ ។ ឆ្នាំ ១៩៨៨ដល់ ១៩៩០ A3 ស្រុកឫស្សីកែវ ។ ឆ្នាំ ១៩៩០ ដល់ ១៩៩៧ ជានាយរងប៉ុស្តិ៍ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ ។ ឆ្នាំ ១៩៩៧ ដល់ ២០០៩ជានាយប៉ុស្តិ៍ ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ ។ ឆ្នាំ ២០០៩ ដល់បច្ចុប្បន្ន ជាអធិការរងខណ្ឌសែនសុខ ទទួលផែនសន្តិសុខ ។
ដោយឡែក លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អត្តលេខ ១៧៥២៦ទទួលបានមុខតំណែងថ្មី ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទៅជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ។
ប្រវត្តិការងាររបស់លោកបានបំពេញការងារជាង៣០ឆ្នាំ ចាប់ពីមន្ត្រីប៉ុស្តិ៍ ប្រធានក្រុម នាយរងប៉ុស្តិ៍ នាយប៉ុស្តិ៍ និង ជាអធិការរង ៕ ស តារា