ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ស្នើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមាន ប្រសិទ្ធភាព តាមរយៈការផ្តល់ព័ត៌មានដល់ កម្លាំងមានសមត្ថកិច្ចដើម្បីឈានដល់ការ បង្ក្រាបមុខសញ្ញាប្រព្រិត្តិបទល្មើសផ្សេងៗដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ។

ការស្នើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព នេះបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។

ថ្លែងនៅក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌបានណែនាំឲ្យអាជ្ញាធរភូមិ សង្កាត់ ត្រូសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារកិច្ចផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ។ ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក់ត្រូវដាក់វេនគ្នាប្រចាំការដើម្បីចាំទទួលយក នូវសំណូមពរ និង សំណើររបស់ប្រជាពលរដ្ឋមកធ្វើការពិភាក្សាដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើបាន ។ គម្រោងសាងសង់ទីស្នាក់ភូមិនៅតាមសង្កាត់ទាំង៨ នេះគឺជាការសម្រេចចិត្តដោយយុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌខណ្ឌ សំដៅធ្វើយ៉ាងណាជំរុញការផ្តល់សេវាសាធារណៈឲ្យជិតប្រជាពលរដ្ឋ ។

ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានស្នើឲ្យប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ លប់បំបាត់មិនឲ្យមានការចែកចាយ ប្រើប្រាស់ និងផលិតថ្នាំញៀន គោរពច្បាប់ចរាចរទាំងអស់គ្នា ។ បើមានការសង្ស័យពីមុខសញ្ញាមិនប្រក្រតីត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីស្រាវជ្រាវស៉ើបអង្កេតទៅលើមុខសញ្ញាទាំងនោះ រាល់ការផ្តល់ព័ត៌មានពីមុខសញ្ញាផ្សេងៗ សមត្ថកិច្ច និងរក្សាការសម្ងាត់ជូនបងប្អូន ។ ការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែករបស់អាជ្ញាធរ និងសមត្ថកិច្ចប៉ុណ្ណោះ គឺជាការងាររួម ៕ សណ្តោស


ចែករំលែក៖