ខេត្តតាកែវ-បាត់ដំបង ៖ សោកនាដកម្មដែលកើតចេញពីភ្លើងប្រចណ្ឌ ធ្វើឲ្យប្តីកំណាចពីរនាក់មិនញញើត លើកដៃសម្លាប់ប្រពន្ធដើម្បីស្រាយកំហឹងនោះឡើយ ដោយមួយករណីកើតឡើងនៅខេត្តតាកែវ ប្តីចាក់សាំងដុតប្រពន្ធទាំងរស់រួចអារកខ្លួនឯងជាក្រោយតែមិនស្លាប់ និងមួយករណីទៀត កើតឡើងនៅខេត្តបាត់ដំបង ប្តីកាប់ប្រពន្ធរបួសធ្ងន់រួចទើបអារកខ្លួនឯងស្លាប់ដូចបំណងជាក្រោយ ។
ប្រភពព័តមានពីខេត្តតាកែវបានឲ្យដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិ ត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ប្តីកំណាចម្នាក់បានយកសាំងចាក់ស្រោចលើប្រពន្ធដុតទាំងរស់បណ្តាលឲ្យស្លាប់នៅក្នុងមន្ទីរពេទ្យយ៉ាងវេទនា ឯប្តីកំណាចរូបនោះស្ទុះយកកាំបិតអារកខ្លួនឯងបំណងបញ្ចប់ជីវិតតាមប្រពន្ធ តែមិនសម្រេចបានត្រឹមរបួសធ្ងន់ត្រូវបានក្រុមគ្រសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
សាក្សីបានឲ្យដឹងក្នុងរឿងនេះថា នៅពេលព្រលប់ប្តីបានរៀបគម្រោងដុតប្រពន្ធជាស្រេច ដោយរៀបចំសាំងពីរប៊ីដុងទុកនៅលើផ្ទះ ។ លុះមក ដល់វេលា ម៉ោង៤ទៀបភ្លឺ ថ្ងៃនោះ គ្រាដែលប្រពន្ធដ៏ស្រស់ស្អាតមានវ័យ២៥ឆ្នាំដេកលង់លក់ ប្តីបានយកសាំងមួយប៊ីដុងជះទៅលើប្រពន្ធ និងមួយកានទៀតបើកគម្របទុកចោលជាស្រេច បន្ទាប់មកប្តីក៏យកដែកកេះ កេះដុតប្រពន្ធទាំងរស់តែម្តង ។ ភ្លាមនោះដែរប្តីបានយកកាំបិតមក អារកខ្លួនឯងតាមក្រោយ ដើម្បីបញ្ចប់ជីវិត នៅក្នុងភ្លើងជាមួយគ្នា តែសំណាងបានអ្នកជិតខាងដែលឃើញភ្លើងឆេះនៅក្នុងផ្ទះនាំគ្នារត់ទៅជួយ ប៉ុន្តែទ្វារផ្ទះត្រូវបានចាក់គន្លិះជាប់ពីក្នុង ហើយដោយអ្នកជិតឃើញភ្លើងឆេះ និងលាយឡំជាសំឡេងស្រ្តីរងគ្រោះស្រែកឲ្យជួយ ក៏សម្រេចបុកទ្វារទម្លាយចូលតែម្តង ។
សាក្សីបានឲ្យដឹងទៀតថា ពេលចូលទៅដល់ គេឃើញភ្លើងកំពុងឆាបឆេះប្រពន្ធឡើងស្ទើរខ្លោចទៅហើយ ចំណែកប្តីក៏បានអារកខ្លួនឯងដែរ តែមិនបានសម្រេច រួចក៏នាំគ្នា ដឹកប្រពន្ធយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ តែក្រោយមកដោយសាររបួសធ្ងន់ធ្ងរពេកនាងក៏បាត់បង់ជីវិតទៅ ។ ចំណែកបុរសជាប្តីដែលក្រុមគ្រួសារអះអាងថាមានជំងឺប្រចាំកាយ ចង់វិកលចរិតម្តងៗ របួសធ្ងន់ដោយអារកខ្លួនឯងនោះត្រូវដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។
ដោយឡែកករណីមួយទៀតកើតមាននៅខេត្តបាត់ដំបង ដោយសារការប្រចណ្ឌបែបនេះដែរ ធ្វើឲ្យប្រពន្ធរងរបួសធ្ងន់ដោយប្តីកាប់ ឯប្តីអារកខ្លួនឯងស្លាប់ជាក្រោយព្រោះនឹកស្មានថាប្រពន្ធស្លាប់បាត់ទៅហើយ ។
សាក្សីបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃព្រហស្បតិ៍១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះលេខ១៩៦ ក្រុមទី១៣ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បុរសជាប្តីឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅកើតហេតុខាងលើ បានប្រើហិង្សាកាប់ទៅលើប្រពន្ធ ឈ្មោះ សុខ លីន អាយុ ២៧ឆ្នាំ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ដោយសារប្រចណ្ឌហើយត្រូវបានក្រុមគ្រួសារ បញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី៥(ព២) ហើយគ្រាដែលប្ដីស្មានថា ប្រពន្ធស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាងួកកាំបិតមក អារក សម្លាប់ខ្លួនឯងស្លាប់នៅកន្លែងកើតហេតុតែម្តងទៅ ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ពេលខ្លួនកំពុងអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយបងប្អូន ស្រាប់តែឈ្មោះ រ៉ាត់ ចិត្រា បានដើរមកដល់ផ្ទះខ្លួន ហើយបានសុំខ្ចីកាំបិតមួយភ្លែត ។ ពេលនោះខ្លួនសួរថា ឯងយកកាំបិតធ្វើអី? រ៉ាត់ ចិត្រា ប្រាប់ថា យកទៅធ្វើទូរសព្ទ័រួចវាក៏ដើរមកជិតកាំជណ្ដើរផ្ទះគាត់រួចយកកាំបិតនោះអាករខ្លួនឯងស្លាប់តែម្ដងទៅ សូម្បីគាត់ស្ទុះទៅឃាត់ ក៏ឃាត់មិនទាន់ផង ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុធ្វើកោសលវិច័យរួចសន្និដ្ឋានថា សាកសពស្លាប់ដោយធ្វើអត្តឃាត ដោយយកកាំបិតអាករសម្លាប់ខ្លួនឯង ប្រាកដមែន មិនមែនជារឿងឃាតកម្មនោះឡើយរួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕ ប្រាថ្នា