ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូនៅខណ្ឌដូនពេញបានសម្រេច រត់ទៅលាក់ខ្លួននៅខណ្ឌ៧មករា ត្រូវម្ចាស់ម៉ូតូតាមរកដោយប្រព័ន្ធ GPS រហូតក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេចនៅខណ្ឌដូនពេញ មកលាក់ខ្លួននៅខណ្ឌ៧មករា ត្រូវម្ចាស់ម៉ូតូសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ស្រាវជ្រាវតាមប្រព័ន្ធ GPS រហូតក្របួចជាប់នៅផ្លូវឌឿងហែម សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយជនសង្ស័យ និងបក្ខពួកម្នាក់ទៀតបានធ្វើសកម្មភាពលួចម៉ូតូ ដែលប្រព្រឹត្តិឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៣៩អា ផ្លូវលេខ៤៧ក្រុម១៥០ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ថា ហ៊ីមហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ១៦ អឺ៣ផ្លូវលេខ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន) និងបក្ខពួកម្នាក់ទៀតឈ្មោះ ឡុង ជេដ្ឋា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គុបជេម៉ូតូ ស្នាក់នៅផ្ទះលេខ១៦អឺ៣ ផ្លូវលេខ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (គេចខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះឃុត បឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាពេទ្យព្រះកេតុមាលា ស្នាក់នៅផ្ទះលេខ៣៩អា ផ្លូវលេខ៤៧ក្រុម១៥០ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-9792 លេខតួ+លេខម៉ាស៊ីន 9070567 (ជារបស់ជនរងគ្រោះ) ប្រគល់ឲ្យជនរងគ្រោះយកទៅប្រើប្រាស់ ។ ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-8779 លេខតួ+លេខម៉ាស៊ីន9309140(ជារបស់ជនសង្ស័យ) ។ ម៉ូតូម៉ាកHONDA ICON ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-4219 លេខតួ+លេខម៉ាស៊ីន8015896 (ជារបស់ជនសង្ស័យ) ។ ស្លាកលេខមួយសន្លឹកភ្នំពេញ 1FH-7459 (ជារបស់ជនសង្ស័យ) ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុនៅពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទីយប់ ជនរងគ្រោះឈ្មោះ ឃុត បឿន ភេទប្រុសអាយុ៥៧ឆ្នាំ បានចតម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-9792 លេខតួ+លេខម៉ាស៊ីន9070567 នៅមុខផ្ទះលេខ៣៩អា ផ្លូវលេខ៤៧ក្រុម១៥០ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានចាក់សោរក រួចក៏ដើរចូលទៅក្នុងផ្ទះបានមួយសន្ទុះចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ដោយសារម៉ូតូភ្ជាប់ប្រព័ន្ធGPS ជនរងគ្រោះ បានមករាយការណ៍ប្រាប់សមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ច បានសហការជាមួយជនរងគ្រោះស្រាវជ្រាវរកតាមប្រព័ន្ធ GPS រហូតផ្លូវឌឿងហែម សង្កាត់អូរឫស្សីទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃើញជនសង្ស័យឈ្មោះ ថា ហ៊ីមហាក់ ភេទប្រុស អាយុ១៨ឆ្នាំ កំពុងអូសម៉ូតូរបស់ជនរងគ្រោះ ក៏ធ្វើការអន្តរាមគន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ ។

ចំពោះជនសង្ស័យឈ្មោះ ឡុង ជេដ្ឋា ភេទប្រុស អាយុ៥៦ឆ្នាំ បានរត់គេចខ្លួនបាត់ ។ ចំណែកម៉ូតូម៉ាកខាងលើ ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្នកម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត បន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖