ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ អាជ្ញាធរខណ្ឌ, សង្កាត់ ត្រូវបន្ដបើកវេទិកាសាធារណៈ ដើម្បីបង្កើនប្រសិទ្ធិភាព ដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រែង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌ, សង្កាត់ត្រូវបន្ដរៀបចំវេទិកាសាធារណៈឲ្យបានគ្រប់ខណ្ឌសង្កាត់នៅទូទាំង រាជធនីភ្នំពេញ ដើម្បីប្រមូលបញ្ហាសម្រាប់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ។ លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានក្រុមប្រឹក្សាអាណត្ដិទី៣ និងសមាជិកចំនួន១៧ រូប នៅខណ្ឌព្រែកព្នៅ កាលពីថ្ងៃសុក្រ១២កើត ខែជេស្ន ឆ្នាំកុរឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៩ នៅសាលាខណ្ឌព្រែកព្នៅ ។

នៅក្នុងពិធីប្រកាសចូលកាន់តំណែងលោកម៉ៅ បូរ៉ា ជាប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវបន្ដរៀបចំបើកវេទិកាសាធារណៈ នៅសង្កាត់ ខណ្ឌណាដែលមានបញ្ហាប្រឈមថ្មីៗកើតឡើងជាច្រើន ត្រូវបើកឲ្យប្រជាពលរដ្ឋចូលរួមដោយសេរី ដោយពុំចាំបាច់មានលិខិតអញ្ជើញឡើយ ក្នុងការលើកពីទុក្ខលំបាក និង កង្វល់ជាក់ស្ដែងរបស់ខ្លួនទៅកាន់ អាជ្ញាធរ ខណ្ឌ សង្កាត់ ជួយដោះស្រាយនោះ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការបើកវេទិកាសាធារណៈ នៅខណ្ឌ សង្កាត់គឺដើម្បីចង់បានព័ត៌មាន និងទុក្ខកង្វល់ពិតពីប្រជាពលរដ្ឋ ដើម្បីយកបញ្ហាទំាងនោះ ទៅដោះស្រាយឲ្យចំទិសដៅ ។ ការរៀបចំវេទិកាសាធារណៈ គឺជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពក្នុងការជួបទំនាក់ទំនងដោយផ្ទាល់ជាមួយពលរដ្ឋ ហើយបានដឹងពីតម្រូវការថ្មីៗ របស់់ប្រជាពលរដ្ឋដែលចង់ឲ្យអាជ្ញាធរជួយដោះស្រាយ ។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យ ក្រុប្រឹក្សា ខណ្ឌព្រែកព្នៅដែលទើបតែតំាងថ្មីត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា និងគណ:អភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការលើកកម្ពស់ការទទួល ខុសត្រូវនឹងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារ កិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍន៍ មូលដ្ឋាន និងឆ្លើយបតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋគឺធ្វើឲ្យសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាលំដាប់ ។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩លោកម៉ៅ បូរ៉ាត្រូវបានតែងតំាងជាប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ដែលមានសមាជិកចំនួន១៧រូប ៕ សំរិត


ចែករំលែក៖