ភ្នំពេញ៖ ទើបនឹងបញ្ចប់ការងារបង្ហាញម៉ូតនៅប្រទេសថៃប្រកបដោយជោគជ័យ វង្ស អាលីស បានធ្វើឲ្យអ្នកគាំទ្រនាងកោតសរសើរ និងភ្ញាក់ផ្អើលខ្លាំង ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺការប្រៀបធៀមទម្រង់មុខនាងនិងតារាសម្តែងថៃ ហើយក៏មានមុខមាត់ស្រដៀងគ្នាខ្លាំងនឹងកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៧កញ្ញា ប៊ី សុធារីផងដែរ ។
ទស្សនិកជនបានលាន់មាត់សរសើរខ្លាំងពីសមត្ថភាពទេពកោលសល្យរបស់ វង្ស អាលីសលើឆាកបង្ហាញម៉ូតអន្តរជាតិនៅប្រទេសថៃកាលពីថ្មីៗនេះ ។ ក្រៅពីសមត្ថភាព នេះនាងក៏ត្រូវបានអ្នកគាំទ្រកោតសរសើរពីរូបសម្រស់ស្រស់សោភា ប្រដូចគ្នានឹងកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៧កញ្ញា ប៊ី សុធារី រហួតមានអ្នកគាំទ្រខ្លះថាពួកគេជាសាច់ញាតិជិតដិតនឹងគ្នាថែមទៀតផង ។ ទោះជាយ៉ាងណាតារាសម្តែង និងបង្ហាញម៉ូត វង្ស អាលីសបានបញ្ជាក់ថា នាងមិនដែលនឹកគិតដល់អំពីការប្រៀបធៀបសម្រស់ ឬប្រដូចសម្រស់ខ្លួនទៅនឹងតារាសម្តែង បង្ហាញម៉ូតនិងកញ្ញាឯករូបណាម្នាក់ទេ ប៉ុន្តែកន្លងមកពិតជាមានអ្នកគាំទ្រនាងលើកឡើងដូចគ្នានេះដែរ ។
នាងថា នាងនិងកញ្ញា ប៊ី សុធារី មិនដែលបានស្គាល់គ្នា ហើយក៏មិនជាប់សាច់ឈាមជិតដិតណានោះទេ ប៉ុន្តែនាងធ្លាប់ជាអ្នកគាំទ្រគ្រាដែលកញ្ញាប៊ី សុធារីចេញទៅបង្ហាញសមត្ថភាព និងប្រកួតប្រជែងកាលពីចុងឆ្នាំ២០១៧នៅសហរដ្ឋអាមេរិកនោះផងដែរ ។ នាងថាជាការយល់ឃើញរបស់អ្នកគាំទ្រ ប៉ុន្តែនាងស្នើមិនបញ្ចេញយោបល់ច្រើនជុំវិញការប្រៀងធៀម ព្រោះតែទាំងសមត្ថភាព និងរូបនសម្រស់នារីម្នាក់សុទ្ធតែមានចំណុចពិសេសរៀងខ្លួន ហើយមុខមាត់ស្រដៀងគ្នាខ្លះគឺជារឿងធម្មតា ។ តារាស្រីរូបនេះបញ្ជាក់ដែរថា នាងនៅតែមានស្នាដៃថ្មីដើម្បីបំពេញចិត្តអ្នកគាំទ្រ ដែលនាងនឹងបញ្ចេញស្នាដៃថ្មីជាលក្ខណៈអន្តរជាតិសម្រាប់ផ្ញើជូនអ្នកគាំទ្រនៅចុងឆ្នាំ២០១៩នេះផងដែរ ។
គួរបញ្ជាក់ដែរថា តារាសម្តែង និងបង្ហាញម៉ូដកញ្ញា វង្ស អាលីស បានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ ដ៏ធំមួយនៅប្រទេសថៃ ដែលផលិតឡើងដោយទូរទស្សន៍Line TV ។ ទោះមិនទាន់ឡើងដល់កម្រិតខ្ពស់មួយក្នុងស្នាដៃសិល្បៈ ប៉ុន្តែទាំងរូបសម្រស់ សមត្ថភាពទេពកោសល្យ និងឱកាសតារាស្រីរូបនេះមានរួចស្រេច៕ វឌ្ឍនា