ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ស ខេង ជំរុញឲ្យក្រុមប្រឹក្សា ខេត្តដែលតែងតាំងថ្មី ត្រូវខិតខំបម្រើពលរដ្ឋដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញប្រធានក្រុមប្រឹក្សា សមាជិកទាំងអស់ ត្រូវតែខិតខំបម្រើផលប្រយោជន៍ ចូលរួមបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋដោយឈរលើស្មារតីស្មើភាព យុត្តិធម៌ មិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីនោះឡើយ ។

ការថ្លែងរបស់របស់សម្តេចក្រឡាហោ ស ខេងបានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តស្វាយរៀង អាណត្តិទី៣ នៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នៅសាលប្រជុំសាលា ខេត្តស្វាយរៀង ក្រុងស្វាយរៀង ។

សម្តេចក្រឡាហោ ស ខេង បានថ្លែងបន្តថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្តស្វាយរៀង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំ ខេត្តឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំង មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវនឹងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា គណៈបញ្ជាការឯកភាព ខេត្ត ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌ ខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ក្នុងនោះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំង ខេត្ត ។

សូមបញ្ជាក់ថា នៅអាណត្តិទី៣នេះ ក្រុមប្រឹក្សា ខេត្តស្វាយរៀង មានចំនួន២៣រូប ក្នុងនោះលោក ជុំ ហាត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សា ខេត្ត៕ យឹម សុថាន


ចែករំលែក៖