ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅក្នុងសប្តាហ៍នេះ

ចែករំលែក៖

ប្រធានាធិបតីស៊ី ជីងពីន នឹងក្លាយជាមេដឹកនាំចិនលើកដំបូងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០០៥មក ។ តាមគម្រោង លោកប្រធានាធិបតីចិន​ស៊ី ជីងពីន ជាលើកដំបូង ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ​២០១២ នឹងធ្វើឡើងនៅថ្ងៃទី​២០ និង​២១ ខែមិថុនា ​ឆ្នាំ​២០១៩​ ។

សារព័ត៌មានស៊ីនហួ បានផ្សាយថា នេះជាដំណើរទស្សនកិច្ចដំបូងគេបំផុតរបស់ប្រធានាធិបតីចិន ស៊ី ជីងពីន ទៅកាន់កូរ៉េខាងជើង ។ នេះជាដំណើរទស្សនកិច្ចដំបូងគេអំឡុងពេលជាងមួយទសវត្សរ៍ ហើយក៏ស្របពេលដែលខួបទំនាក់ទំនងការទូតលើកទី៧០ឆ្នាំ រវាងប្រទេសទាំងពីរផងដែរ ។

លោក ស៊ី ជីងពីន និងលោក គីម ជុងអ៊ុន ធ្លាប់បានជួបគ្នាច្រើនដងរួចមកហើយ ។ ជំនួបចុងក្រោយបង្អស់របស់មេដឹកនាំទាំងពីរ គឺនៅក្នុងខែមករា ឆ្នាំ២០១៩ ។

លោក Ko Min-jung អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា: «ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកដល់ការបន្តការចរចា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតសន្តិភាពជាអចិន្រ្តៃយ៍នៅលើឧបទ្វីបកូរ៉េ» ។

ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិនធ្វើឡើងមុន កិច្ចប្រជុំកំពូល​G-20 ​នៅក្នុងប្រទេសជប៉ុន ដែលធ្វើឡើងនៅចុងខែមិថុនានេះ ។

រដ្ឋាភិបាលកូរ៉េខាងត្បូង សង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹង ជួយដល់ដំណើរការរំសាយអាវុធបរមាណូនៅកូរ៉េខាងជើង មានដំណើរការល្អឆ្ពោះទៅមុខ ។ មេដឹកនាំចិននិងកូរ៉េខាងត្បូង​ក៏បានព្រមព្រៀងគ្នា ជួបពិភាក្សា​ទ្វេភាគីបន្ទាប់ពីកិច្ចប្រជុំ​ G-20 នៅសប្តាហ៍ក្រោយ ដើម្បីពីភាក្សាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាឧបទ្វីបកូរ៉េ ៕


ចែករំលែក៖