ក្រុមបងប្អូនអិស្លាមដែលគាំទ្រអតីតប្រធានាធិបតី Mohamed Morsi កាលពីថ្ងៃទី១៧ ខែមិថុនា បានបញ្ជាក់ថា ការស្លាប់របស់អតីតប្រធានាធិបតី គឺជាការសម្លាប់មនុស្ស ធ្វើឡើងដោយក្រុមតុលាការ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមបងប្អូនអិស្លាមបានអំពាវនាវឲ្យធ្វើ មហាបុណ្យសព ជូនលោក Morsi ដោយពិធីនេះ នឹងធ្វើឡើងនៅជុំវិញពិភពលោក ។ លោក Morsi អាយុ៧៦ឆ្នាំ បានស្លាប់ពេលកំពុងកាត់ក្តី។ នៅពេលនេះ តុលាការមិនទាន់បញ្ជាក់ពីមូលហេតុបណ្តាលឲ្យស្លាប់នោះឡើយ។
លោក Mohammed Morsi អតីតជាប្រធានាធិបតីអេហ្ស៊ីប បានទទួលមរណភាពយ៉ាងអាណោចអាធ័ម ខណៈកំពុងត្រូវបានកាត់ក្តីនៅក្នុងសវនាការមួយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។ ប្រភពពីក្រុមគ្រួសាររបស់លោក Mohammed Morsi និងទូរទស្សន៍រដ្ឋអេហ្ស៊ីបបានផ្សាយថា គាត់បានទទួលមរណភាព ខណៈកំពុងស្ថិតនៅក្នុងរង្វង់ក្រចកសេះ ពេលកំពុងត្រូវបានសួរចម្លើយពីក្រុមចៅក្រម ។
សូមបញ្ជាក់ថា លោក Mohammed Morsi ជាអតីតប្រធានាធិបតីអេហ្ស៊ីប ដែលជាប់ឆ្នោតឡើងកាន់តំណែង ក្រោយការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យមួយនៅប្រទេសអេហ្ស៊ីប ។ លោកជាមេដឹកនាំអិស្លាមនិយមរបស់អេហ្ស៊ីប ប៉ុន្តែជាអកុសលត្រូវកម្លាំងយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពីលោកកាន់តំណែងបានមួយឆ្នាំ ។ ប្រមុខកងទ័ពអេហ្ស៊ីប Abdel Fattah el-Sisi ជាមេខ្លោងធ្វើរដ្ឋប្រហារនៅកាលណោះ ហើយបន្តកាន់តំណែងនៅអេហ្ស៊ីបរហូតដល់សព្វថ្ងៃ ។
តាំងពីពេលរដ្ឋប្រហារនោះមក លោក Mohammed Morsi ត្រូវបានចាប់ខ្លួន និងឃុំខ្លួនអស់មួយជីវិត ។ លោកមានអាយុ៦៧ឆ្នាំហើយ មកដល់ឆ្នាំ២០១៩នេះ ។ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្ត្រីដែលស្និទ្ធនឹងកិច្ចការនេះ ថ្លែងថា លោក Mohammed Morsi អំឡុងពេលសវនាការកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងរង្វង់ក្រចកសេះនោះ គាត់បានលើកឡើងថា គាត់មានរឿងសម្ងាត់ជាច្រើន ដែលត្រូវលើកឡើង ។ ពីបីនាទីក្រោយមក ស្រាប់តែគាត់ដួលនៅក្នុងរង្វង់ក្រចកសេះ ក្នុងអំឡុងពេលកំពុងធ្វើសវនាការនោះតែម្តង ។
លោក Kamel Madour មេធាវីការពារក្តីជូនលោក Mohammed Morsi អតីតប្រធានាធិបតីអេហ្ស៊ីប បានថ្លែងថា កូនក្តីរបស់លោក បានទទួលមរណភាព មុនពេលដែលគាត់អាចត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ លោក Madourបានបន្តថា លោកMorsi បានពោលពាក្យចុងក្រោយបង្អស់នោះថា គាត់ជាប្រធានាស្របច្បាប់របស់អេហ្ស៊ីប ៕