ខេត្តឧត្តរមានជ័យ៖ បុរសជនសង្ស័យបង្កៃ គ្រាប់បេ៤០ម្នាក់ត្រូវបានសមត្ថកិច្ចខេត្តឧត្ដរមានជ័យ ឃាត់ខ្លួន បានហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនដែលបានដាក់បង្កៃគ្រាប់បេ40 នៅក្រោយសាលាអនុវិទ្យាល័យរួតចំប៉ី ក្នុង សង្កាត់អូស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យរួចមក ។
កម្លាំងសមត្ថកិច្ចបាន ស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអតីតយោធា នៅវរ:សេនាតូចការពារព្រំដែនគោកលេខ៤០២ យោធ ភូមិភាគទី០៤ ។
យោងទៅតាមប្រភពពីខាងមន្ត្រីជាន់ខ្ពស់ស្នងការនគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើមានឈ្មោះ ហេង ចន្ថា អតីតយោធា នៅវរៈសេនាតូចលេខ៤០២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងសាកសួរ អំពីករណីបង្កៃគ្រាប់B40 និងDK៧៥ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៩ ក្នុងបរិវេណសាលាអនុវិទ្យាល័យរួតចំប៉ី ភូមិរួតចំប៉ី សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅម៉ោងពីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងកសាងសំណុំរឿងទៅតាមច្បាប់ ៕ ប៉ែន នួន