ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងជន់លិចលំនៅឋានពលរដ្ឋក្រុងព្រះសីហនុម្តងទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ប្រភពពីពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ បានឱ្យដឹងថា លំនៅឋានមួយចំនួននៅភូមិ២ សង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបាន ទឹកភ្លៀងជន់លិច និងហូរចូលក្នុងផ្ទះ នៅម៉ោង២យប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពី ក្រុងនេះ មានភ្លៀងធ្លាក់មួយមេធំ។

ពលរដ្ឋរងផលប៉ះពាល់បានឱ្យដឹង ថា បច្ចុប្បន្ននេះមូលដ្ឋានរបស់ពួកគាត់ តែងមានជំនន់ទឹកភ្លៀង ហូរចូលផ្ទះជាញឹក ញាប់នៅពេលមានភ្លៀងធ្លាក់មកម្តងៗ។ ផ្តើមពីបញ្ហានេះ ក្រុមពលរដ្ឋរងគ្រោះខាង លើ បានសំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋ បាលក្រុង-ខេត្តព្រះសីហនុ ស្នើឱ្យជួយ មានដំណោះស្រាយ បញ្ចៀសបញ្ហាទឹក លិចលំនៅឋាន ជូនពួកគាត់ឱ្យបានឆាប់ ដោយអនុគ្រោះផង។

ឆ្លើយតបបញ្ហានេះ មន្ត្រីរដ្ឋបាលខេត្ត ព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ កំពុងចាត់ វិធានការជាបន្តបន្ទាប់ ដើម្បីឈានទៅទប់ ស្កាត់ការចាក់ដី ឬការសាងសង់រំលោភលើ ដីចំណីអូរ ឬប្រឡាយបង្ហូរទឹក នៅក្រុងព្រះ ដែលបណ្តាលឱ្យមានជំនន់ទឹកភ្លៀងជន់លិច។ បន្ថែមលើនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានដាក់បទ បញ្ជាដល់មន្ត្រីជំនាញឱ្យពិនិត្យផ្លូវច្បាប់ ដើម្បីឈានទៅដាក់ពាក្យបណ្តឹង ចំពោះ អ្នកជាប់ពាក់ព័ន្ធ សកម្មភាពដឹកដីចាក់ រំលោភយកចំណីអូរ ឬប្រឡាយបង្ហូរទឹក ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស។

យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋបាលខេត្ត ព្រះសីហនុបានបញ្ជាក់ថា ចំពោះចំណាត់ការបញ្ចៀសជំនន់ទឹកភ្លៀងខាងលើនេះ គឺជាគោលដៅឆ្ពោះទៅរកដំណោះស្រាយ ដើម្បីឈានទៅកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ឱ្យបានទាន់ពេល និង មានប្រសិទ្ធភាព៕


ចែករំលែក៖