ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព្រមាន លោកវេជ្ជបណ្ឌិត ហម ឡុងដែលព្យាបាលអ្នកជំងឺ២នាក់ទារប្រាក់៥,២០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណ ឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ​ក្រសួងសុខាភិបាលបានថ្លែងថា លោកវេជ្ជ បណ្ឌិត ហម ឡុង ម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺឈ្មោះ ហម ទ្បុង ដែលមានទីតាំង​នៅ​សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញពិនិត្យនិងព្យាបាលជំងឺគ្រុនឈាម ដែលបានឱ្យអ្នក​ជំងឺដេកសម្រាកព្យាបាល​រយៈពេល ៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ ដែលជាករណីខុសទៅនឹងលិខិតអនុញ្ញាតចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឲ្យបើកបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ជាប្រភេទសេវាមិនអនុញ្ញាតឲ្យមានគ្រែ សម្រាប់អ្នកជំងឺដេកសម្រាកព្យាបាលលើសពី ២៤ ម៉ោងឡើយ ។

យោងតាមខ្លឹមសារខាងលើនេះ លោក វេជ្ជបណ្ឌិត ហម ទ្បុង ត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននូវលិខិតបទដ្ឋានគតិយុត្តិរបស់​​ ក្រសួងសុខាភិបាលដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតនិងមិនត្រូវឲ្យមានករណីនេះកើតឡើងទៀតឡើយ។ ក្នុងករណីមិនគោរពតាមការណែនាំក្រសួងសុខាភិបាលនឹងបិទបន្ទប់ពិគ្រោះព្យាបាលជំងឺឈ្មោះ ហម ទ្បុង ព្រមទាំងលោកវេជ្ជបណ្ឌិត ហម ឡុង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន មានប្រសាសន៍ថាក្រោយពីចេញលិខិត ព្រមាននេះទៅលោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវអនុវត្តតាមដាន រាល់សកម្មភាពពិនិត្យនិងព្យាបាលជំងឺរបស់លោកវេជ្ជបណ្ឌិតហម ឡុង ជាប្រចាំនិងធ្វើ​របាយការណ៍ផ្ញើមកក្រសួងសុខាភិបាល។

យ៉ាងណាក៏ដោយក្រោយពីមានការ​បង្ហោះចែកចាយនៅលើបណ្តាញសង្គម និងទទួលបានការប្រតិកម្មយ៉ាងខ្លាំងពីមហាជន ដើម្បីដោះស្រាយនូវបញ្ហានេះ ក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួលរវាងមាតាបិតាក្មេងអ្នកជំងឺ និងគ្រូពេទ្យ ហើយជាលទ្ធផលពួកគាត់ទាំងអស់គ្នាបានព្រមព្រៀងគ្នារួចហើយ ដោយក្រុមគ្រួសារអ្នកជំងឺសុខចិត្តប្រគល់ទឹកប្រាក់ចំនួន ២,០០០ ដុល្លារ ដល់មន្ទីរ ព្យាបាលខាងលើដើម្បីជាការបញ្ចប់រឿង ផងដែរ។

ក្រោយផ្ទុះការតវ៉ារវាងគ្រួសារអ្នកជំងឺ​និងពេទ្យព្យាបាលលោកវេជ្ជបណ្ឌិត ហម ឡុង ទារលុយកប់ពពកផ្អើលពេញបណ្តាញហ្វេកប៊ុកមក នៅរសៀលថ្ងៃដដែលមន្ទីរ សុខាភិបាល រាជធានីភ្នំពេញ បានចុះទៅសម្របសម្រួលដោយភាគីសងខាងព្រមឲ្យនិងទទួលយកលុយត្រឹម២០០០ដុល្លារ ​ និងធ្វើកិច្ចសន្យាបញ្ចប់រឿងដោយមិនមានប្តឹងផ្តល់គ្នាឡើយ។

បន្ទាប់ពីមានករណីគ្លីនិកឯកជនមួយ មានឈ្មោះបន្ទប់ពិនិត្យនិងព្យាបាលជំងឺ ហម ឡុង ធ្វើការព្យាបាលអ្នកជំងឺម្នាក់មានជំងឺគ្រុនឈាមរយៈពេល៩ថ្ងៃ ហើយពេលគិតវិក្កយបត្រអស់ប្រាក់រហូតដល់ទៅ ៥,២០០ដុល្លារ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមគ្រួសារអ្នកជំងឺ ត្រូវបានលោក​វីល្លាមប្រតិកម្មយ៉ាងខ្លាំងថា ប្រសិនបើ ការណ៍ពិត វាមិនខុសអ្វីពីប្លន់ទេ ដែល​ត្រឹមជំងឺគ្រុនឈាម។

លោកវីល្លាម ប្រធានគណបក្សខ្មែរ ក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ បានសរសេរលើ​ហ្វេសប៊ុកថា សម្រាកព្យាបាល៩ថ្ងៃអស់​រហូត ៥,២០០រដុល្លានោះ នេះជាបន្ទប់​ពិនិត្យ​ជំងឺ​ធម្មតា មិនមែនជាគ្លីនិកឯកជនមានស្តង់ដារត្រឹមត្រូវនោះឡើយ តម្លៃ​នេះគឺ គេហៅថាប្លន់តាមវិជ្ជាជីវៈ ត្រូវមាន​ វិធានការបន្ទាន់បណ្ដែតបណ្ដោយបែបនេះគឺ​បណ្ដាលឲ្យខូចឈ្មោះពេទ្យគេដែលល្អផ្សេងទៀត។

លោកបានថ្លែងថា ករណីរបៀបនេះ​​​ ក្នុងកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល យើងខ្ញុំនឹងលើកឡើងដើម្បីទប់ស្កាត់ការយកសេវាសុខាភិបាលឯកជនដែលថ្លៃហួសកម្រិត ! ជាពិសេសគួរមានច្បាប់កំណត់ផង​ដែរ ចំពោះសេវាសុខាភិបាលឯកជន ថា​ហ៊ានយកលុយគេ ចុះបើអ្នកជំងឺមានបញ្ហា តើការទទួលខុសត្រូវគឺរបៀបណា ?

កាលពីពេលថ្មីៗនេះ មានករណីគ្លីនិក​ឯក​ជន​មួយ មានឈ្មោះបន្ទប់ពិនិត្យនិង​ព្យាបាលជំងឺ ហម ឡុង ធ្វើការព្យាបាលអ្នកជំងឺម្នាក់មានជំងឺគ្រុនឈាមរយៈពេល៩ថ្ងៃ ហើយដល់ពេលគិតវិក្កយបត្រអស់ប្រាក់​រហូតដល់ទៅ ៥,២០០ដុល្លារ ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមគ្រួសារ​អ្នក​ជំងឺ នាំគ្នាស្រែកតវ៉ា។ ភាគីខាងគ្រួសារអ្នកជំងឺនៅពេលដែលឃើញវិក្កយបត្រមានទឹកប្រាក់ចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ក៏មានប្រតិកម្មយ៉ាងខ្លាំង ព្រោះមិនដែលគិត​ ថា គ្រាន់តែជំងឺគ្រុនឈាមសោះអស់ប្រាក់ច្រើនបែបនេះ។ ដោយគ្មានប្រាក់គ្រប់ផងធ្វើឲ្យម្ដាយអ្នកជំងឺ សុំអង្វរឲ្យលោកគ្រូពេទ្យជួយចុះថ្លៃបន្តិច តែលោក​គ្រូពេទ្យមិនព្រម ក៏បង្កឲ្យមានការប៉ះទង្គិចពាក្យសំដីគ្នាតែម្តង។

តាមរយៈគណនីហ្វេសប៊ុកមួយ​មាន​ឈ្មោះ ខេមរា គូប៉ូតា បានសរសេររៀប​រាប់ថា «ដេកពេទ្យ ៩ថ្ងៃចេញវិក្កយបត្រ ៥,២០០ដុល្លារ ជំងឺគ្រុនឈាម ជួយឲ្យគាត់ល្បីផងបងប្អូនជិតផ្សារឌុយមិច»។ ក្នុង វីដេអូឃ្លីបប្រមាណ ៧នាទី បានឲ្យដឹងថា កាលដើមឡើយពេលម្ដាយអ្នកជំងឺឃើញ វិក្កយបត្រអស់ប្រាក់ច្រើនបែបនេះ ក៏សួរ ទៅគ្រូពេទ្យឲ្យចុះថ្លៃ តែត្រូវស្ត្រីម្នាក់និយាយខ្លាំងៗថា «កូនឈឺអស់១០ថ្ងៃពេញ មិន មែនបួនប្រាំថ្ងៃទេ ប្រើសុទ្ធតែថ្នាំថ្លៃៗ ស្គាល់ហើយអ្នកខេត្តពេទ្យមើលជំងឺជាហើយកុំ ចង់ធ្វើបាបពេទ្យ!» ។ គ្រូពេទ្យបន្ថែមថាប្រើសុទ្ធតែថ្នាំថ្លៃៗ ក្នុងមួយថ្ងៃ ៣០០ ដុល្លារ ហើយនៅមានថ្នាំបន្ថែមផ្សេងៗទៀត។

គ្រូពេទ្យបានបន្ថែមទៀតថា «អុីឯង ពេលកូនឈឺដំបូងប្រាប់ថា អស់ប៉ុន្មានអស់ ទៅឲ្យតែកូនជា តែពេលកូនជាហើយ ស្រែកថាអស់ថ្លៃ»។ បន្ទាប់ពីវីដេអូត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ចែករំលែក ហើយអ្នកខ្លះបានបញ្ចេញមតិ យោបល់ថា លោកគ្រូពេទ្យ! ទោះប្រើថ្នាំថ្លៃបែបណាក៏មិនអស់ដល់ ៥,២០០ដុល្លារ ដែរ បើគ្រាន់តែជំងឺគ្រុនឈាមនោះ។ ឯអ្នក ខ្លះទៀតថា ជំងឺគ្រុនឈាមកូនគាត់មើល អស់តែ៤០ដុល្លារផង ហើយពេទ្យឯកជន ទៀត។

ការប្រកែកគ្នាតឹងសរសៃកបានធ្វើឱ្យ ប្រពន្ធវេជ្ជបណ្ឌិត ប្រើពាក្យថា “ស្គាល់ហើយ អ្នកព្រៃវែង ស្គាល់ហើយ ស្គាល់ច្បាស់… អ្នកព្រៃវែងខ្ញុំស្បថ ខ្ញុំស្គាល់ច្បាស់ហើយ”។ ពាក្យសម្ដីទាំងនេះ ត្រូវបានថតជាប់ក្នុង វីដេអូ ដែលត្រូវបង្ហោះចែកចាយព្រោងព្រាតនៅថ្ងៃនេះ។ ចំណែកគ្រួសារអ្នកជំងឺ គ្រាន់ តែឮពាក្យនេះភ្លាម ក៏និយាយទាំងតូចចិត្ត ថា“ហេតុអីមើលងាយពូជអ្នកព្រៃវែងម៉េស?”។

ទាំងប្ដី និងប្រពន្ធវេជ្ជបណ្ឌិត បាន និយាយថា ពេលដែលគ្រួសារអ្នកជំងឺយកអ្នកជំងឺមកដំបូងក្នុងស្ថានភាពធ្ងន់ធ្ងរ សុំ​គ្រូពេទ្យឱ្យជួយ ទោះអស់ប៉ុន្មានក៏បាន ប៉ុន្តែពេលគិតលុយ បែរជានាំគ្នាមកតវ៉ា។ ប្រពន្ធវេជ្ជបណ្ឌិតថា ពេលនោះខ្លួនថែមទាំងជួយអុជធូបបន់ស្រន់ឱ្យក្មេងបានជាវិញផង ហើយសំខាន់ពេលនេះគឺអ្នកជំងឺរួច ផុតពីគ្រោះថ្នាក់នៅមានជីវិត។ ប្រពន្ធវេជ្ជ បណ្ឌិតថែមទាំងបញ្ជាក់ទៀតថា បើទៅ សិង្ហបុរីអស់តិចណាស់ ក៏ ១០ ទៅ ២០ម៉ឺន ដុល្លារដែរ ។

បើតាមវេជ្ជបណ្ឌិតព្យាបាលអ្នកជំងឺ​មុនៗ ដែលអស់ថ្លៃរាប់ពាន់ដុល្លារ ដែរនោះ បានបញ្ជាក់ថា អ្នកពីមុនមិនធ្លាប់ តវ៉ា​ឡើយ ព្រោះគិតតាមថ្លៃថ្នាំ និងការព្យាបាល រហូតដល់ការប្រើថ្នាំឃាត់ឈាម ព្យួរសេរ៉ូម ថ្លៃស្នាក់នៅ ទឹកភ្លើងមួយចប់ ។ ចំណែក ប្រពន្ធវេជ្ជបណ្ឌិតបន្ថែមថា បើកពេទ្យ ២០ -៣០ឆ្នាំហើយ មិនធ្លាប់ព្យាបាលប៉ះអ្នកជំងឺមិនព្រមបង់លុយបែបនេះទេ ហើយក៏ និយាយថាស្បថចំពោះអ្នកព្រៃវែងតែម្ដង។

ខាងឪពុកគ្រួសារអ្នកជំងឺ បាននិយាយ ថា បើមានលុយមិនសុខចិត្តថោកទាបអ៊ីចឹង ទេ ប៉ុន្តែដោយសារអត់មានដល់រាប់លានរៀលបែបនេះ ទើបសុំគ្រូពេទ្យឱ្យចុះថ្លៃខ្លះ ព្រោះធ្លាប់ឮថាព្យាបាលមុនអស់ជាង ១,០០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែខាងគ្រូពេទ្យបានបបួលអុជធូប ថាខ្លួនមិនស៊ីលើ ស៊ី ក្រោម លើសថ្លៃថ្នាំឡើយ៕ ហេង នរិន្ទ្រ


ចែករំលែក៖