ខេត្តកំពត ៖ ផ្តើមចេញពីរឿងទារប្រាក់ថ្លៃលក់ដូរក្នុងសាលារៀនចំនួន១៥ម៉ឺនរៀលមិនបាន ធ្វើឲ្យលោកនាយកសាលាបឋមសិក្សាមហាព្រហ្ម ប្រឈមនឹងការដោះដូរដកចេញ ដោយសារប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តរួមជាមួយព្រះសង្ឃផងដែរនោះ បាននាំគ្នាផ្តិតមេដៃសំណូមពរដល់អាជ្ញាធរដែនដីឲ្យដោះដូរលោកនាយកសាលារូបនេះ ចេញពីសាលារៀនបឋម សិក្សាមហាព្រហ្មជាបន្ទាន់ ។
ទាក់ទិននឹងបញ្ហានេះលោកអធិការនគរបាលស្រុកឈូកបានធ្វើការបកស្រាយមួយដោយបំភ្លឺជូនសាធារណជនជួយវិភាគនិងទទួលជ្រាបថា ម្ចាស់អាក់ខោនហ្វេសប៊ុក ឈ្មោះ គ្រូស្រៀង មហាព្រហ្ម ដែលបាន បង្ហោះកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នូវខ្លឹមសារថា«នេះឬតម្លៃគ្រូបង្រៀន»សូម បងប្អូនជួយ share ម្នាក់មួយផង។នេះហើយលទ្ធផលទទួលបានពីការអភិវឌ្ឍសាលាបឋមសិក្សាមហាព្រហ្មកន្លងមក ត្រូវអ្នកលក់ដូរតាមរោងល្ខោនព្រួតវាយ ឯប្រជាពលរដ្ឋបានត្រឹមបញ្ឆេះកំហឹងថែម «វ៉ៃវាឲ្យងាប់ទៅ» នេះជាសម្ដីមេភូមិព្រៃពាយ ឃុំត្រពាំង ភ្លាំង ស្រុកឈូក ខេត្តកំពត គ្មានសមត្ថកិច្ចឬអាជ្ញាធរណាជួយដោះស្រាយទេ សូម្បីតែ អធិការស្រុកឈូក ក៏មិនចេញមុខផង ។
ជុំវិញការលើកឡើងខាងលើនេះ ក្នុងនាមលោកជាអធិការនគរបាលស្រុកឈូក សូមជម្រាបជូនពីដំណើររឿងមានដូច តទៅកន្លងមកលោកគ្រូចៅអធិការវត្តមហា ព្រហ្ម បានរៀបចំធ្វើពិធីបុណ្យឆ្លងសាលាឆាន់ ដោយមានពុទ្ធបរិស័ទ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាអ្នកមូលមតិគ្នា ផ្តើមបុណ្យ។ បន្ទាប់ពីមានការរៀបចំពិធីបុណ្យនេះឡើង លោកមេភូមិព្រៃពាយ បានធ្វើការស្នើសុំលោកនាយកសាលាបឋមសិក្សាមហាព្រហ្ម ដើម្បីដាក់សិល្បៈល្ខោនកម្សាន្ត និងកន្លែងកម្សាន្តផ្សេងៗ នៅក្នុងបរិវេណសាលា ព្រោះបរិវេណវត្ត និងសាលា រៀនគឺនៅជាប់គ្នា ហើយលោកនាយក សាលារូបនេះ ក៏បានអនុញ្ញាតហើយដែរ។
លុះមកដល់ ម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ (ជាថ្ងៃ បុណ្យឆ្លងសាលាឆាន់) លោកនាយក សាលារូបនេះ អះអាងថា ការដាក់លក់ដូរ និងដាក់កន្លែងកម្សាន្តសម្រាប់ក្មេងលេង គ្មានការសុំអនុញ្ញាតពីគាត់ទេ រួចគាត់ក៏បានមកទាររកសេវាពីប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ និងកន្លែងកម្សាន្តសម្រាប់ក្មេងលេង ចំនួន ១៥ម៉ឺនរៀល តែប្រជាពលរដ្ឋមិនឲ្យ ហើយរូបគាត់ក៏មានការខឹងសម្បានិង បានធ្វើការទាត់បំផ្លិចបំផ្លាញ កន្លែងលក់ ដូររបស់ប្រជាពលរដ្ឋ និងបានធ្វើការ រុះរើរោង តូបលក់ដូររបស់ប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសដោយខ្លួនឯងដោយ មិនមានអ្នកណាម្នាក់មកបង្កហិង្សាលើរូបគាត់ឡើយ។
ក្រោយមកលោក នាយកសាលារូបនេះ បានមករកដុតរោងសិល្បៈល្ខោនដែលកំពុងលេងនៅទីនោះទៀត ប៉ុន្តែត្រូវបានអាជ្ញាធររួមទាំងកម្លាំងសមត្ថកិច្ចធ្វើការហាមឃាត់ និងសម្របសម្រួលគាត់កុំឲ្យប្រព្រឹត្តបែបនេះទៀត។ បន្ទាប់មកក៏មានអ្នកមកជម្លៀសលោកនាយកសាលារូបនេះចេញពីទីនោះបាតទៅ។
ប្រជាពលរដ្ឋក្នុងភូមិព្រៃពាយ បាន បញ្ជាក់ថា ដើមចមនៃបញ្ហានេះគឺ ផ្តើមចេញពីការទារលុយប្រជាពលរដ្ឋដែលដាក់លក់របស់របរនៅទីនោះមិនបានធ្វើឲ្យលោក នាយកសាលាក្តៅក្រហាយ។ យ៉ាងណា ក្នុងករណីនេះ ប្រជាពលរដ្ឋ លោកមេភូមិ លោកគ្រូចៅអធិការវត្ត និងលោកតាអាចារ្យ វត្តកំពុងដាក់ពាក្យផ្តិតមេដៃ និង សំណូមពរឲ្យដោះដូរលោកនាយកសាលារូបនេះ ចេញពីសាលារៀនបឋមសិក្សា មហាព្រហ្ម នេះ។ ឯអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន កំពុងធ្វើការពិចារណាជាមួយថ្នាក់លើ៕ សហការី