ព័ត៌មានទាន់ហេតុការណ៍៖

ឱ!ឆ្មបស្រុកខ្មែរអើយ សម្រាលកូនភ្លេចយកបង់រុំរបួសពីដៃស្បូនស្រ្តីឆ្លងទន្លេ

ចែករំលែក៖

ខេត្តតាកែវ៖   វាជារឿងនឹកស្មានមិនដល់មួយដែលពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានធ្វើការធ្វេសប្រហែសមិនយកចិត្តទុកដាក់ ដោយបង្កើតកូនឲ្យស្រ្តីម្នាក់បែរជាភ្លេច​យកបង់រុំរបួស (កំប្រេស) ពីដៃស្បូនស្រី្តឆ្លងទន្លេ បណ្ដាលឲ្យស្រ្តីជាអ្នកជំងឺ មានឈាម​ហូរធ្លាក់ច្រើន ហើយត្រូវបានបញ្ជូនបន្តទៅ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

លោក មុន ឈិន ជាប្ដីស្រ្តីរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានមកឆ្លងទន្លេមន្ទីរពេទ្យ​បង្អែកខេត្តតាកែវ កាលពីថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ២០១៩ ដោយឆ្លងទន្លេធម្មតា ហើយមានពេទ្យ​ឆ្មប​ស្រ្តីម្នាក់ឈ្មោះ សុធា ជាអ្នកបង្កើត។
លោក មុន ឈិនបានប្តថា លុះបង្កើតហើយបាន ៣ថ្ងៃ គាត់បាននាំប្រពន្ធមកសម្រាក​នៅផ្ទះ​ក្នុង​ស្រុកសំរោង បានមួយថ្ងៃ ស្រាប់តែប្រពន្ធរបស់គាត់ចុកពោះយ៉ាងខ្លាំង ហើយក្រុមគ្រូសារ​បានយកទៅព្យាបាលនៅពេទ្យឯកជនក្នុងឃុំម្តង ហើយពេលនោះអ្វើដែលស្មានមិនដល់នោះ គឺគ្រូពេទ្យបានពិនិត្យទ្វារមាសយ៉ាងដិតដល់ស្រាប់តែឃើញកំប្រេសនៅក្នុងស្បូន ហើយក៏វះ​យក​បានមកក្រៅ តែនៅហូរឈាមចេញច្រើនពេក ពេលនោះក្រុមគ្រូសារក៏បានបញ្ជូន​បន្តមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកនៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានប្រាប់ថា ប្រពន្ធរបស់គាត់មានមេរោគឆ្លងនៅក្នុងស្បូន ហើយត្រូវបញ្ចូលឈាមអស់ជាច្រើន និងកំពុងសម្រាកព្យាបាលក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ។

ពាក់ព័ទ្ធនឹងការបង្កើតកូនមិនយកចិត្តទុកដាក់ភ្លេចយកបង់រុំរបួសនៅក្នុងស្បួនស្រ្តីឆ្លងទន្លេនេះ លោក នុត សីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់សារព័ត៌មានថា មន្ទីរ​សុខាភិបាលរបស់លោកកំពុងតែធ្វើការស្រាវជ្រាវ ដែលអាចនឹងដឹងរឿងប្រាកដក្នុង​ពេល​ឆាប់ៗ ហើយបើពិតដូចជាការអះអាងរបស់ បុរសជាប្ដីស្រ្តីរងគ្រោះមែន មន្ទីរនឹងមានមានវិធាន​ការទៅលើគ្រូពេទ្យដែលធ្វើការធ្វេសប្រហែសក្នុងរឿងនេះ ៕ សហការី


ចែករំលែក៖