ខេត្តតាកែវ៖ វាជារឿងនឹកស្មានមិនដល់មួយដែលពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានធ្វើការធ្វេសប្រហែសមិនយកចិត្តទុកដាក់ ដោយបង្កើតកូនឲ្យស្រ្តីម្នាក់បែរជាភ្លេចយកបង់រុំរបួស (កំប្រេស) ពីដៃស្បូនស្រី្តឆ្លងទន្លេ បណ្ដាលឲ្យស្រ្តីជាអ្នកជំងឺ មានឈាមហូរធ្លាក់ច្រើន ហើយត្រូវបានបញ្ជូនបន្តទៅ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
លោក មុន ឈិន ជាប្ដីស្រ្តីរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានមកឆ្លងទន្លេមន្ទីរពេទ្យបង្អែកខេត្តតាកែវ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ដោយឆ្លងទន្លេធម្មតា ហើយមានពេទ្យឆ្មបស្រ្តីម្នាក់ឈ្មោះ សុធា ជាអ្នកបង្កើត។
លោក មុន ឈិនបានប្តថា លុះបង្កើតហើយបាន ៣ថ្ងៃ គាត់បាននាំប្រពន្ធមកសម្រាកនៅផ្ទះក្នុងស្រុកសំរោង បានមួយថ្ងៃ ស្រាប់តែប្រពន្ធរបស់គាត់ចុកពោះយ៉ាងខ្លាំង ហើយក្រុមគ្រូសារបានយកទៅព្យាបាលនៅពេទ្យឯកជនក្នុងឃុំម្តង ហើយពេលនោះអ្វើដែលស្មានមិនដល់នោះ គឺគ្រូពេទ្យបានពិនិត្យទ្វារមាសយ៉ាងដិតដល់ស្រាប់តែឃើញកំប្រេសនៅក្នុងស្បូន ហើយក៏វះយកបានមកក្រៅ តែនៅហូរឈាមចេញច្រើនពេក ពេលនោះក្រុមគ្រូសារក៏បានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកនៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានប្រាប់ថា ប្រពន្ធរបស់គាត់មានមេរោគឆ្លងនៅក្នុងស្បូន ហើយត្រូវបញ្ចូលឈាមអស់ជាច្រើន និងកំពុងសម្រាកព្យាបាលក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ។
ពាក់ព័ទ្ធនឹងការបង្កើតកូនមិនយកចិត្តទុកដាក់ភ្លេចយកបង់រុំរបួសនៅក្នុងស្បួនស្រ្តីឆ្លងទន្លេនេះ លោក នុត សីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់សារព័ត៌មានថា មន្ទីរសុខាភិបាលរបស់លោកកំពុងតែធ្វើការស្រាវជ្រាវ ដែលអាចនឹងដឹងរឿងប្រាកដក្នុងពេលឆាប់ៗ ហើយបើពិតដូចជាការអះអាងរបស់ បុរសជាប្ដីស្រ្តីរងគ្រោះមែន មន្ទីរនឹងមានមានវិធានការទៅលើគ្រូពេទ្យដែលធ្វើការធ្វេសប្រហែសក្នុងរឿងនេះ ៕ សហការី