ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពញឃាត់ខ្លួនបុរសញៀនថ្នាំម្នាក់ បន្ទាប់ពីជាប់ពន្ធធនាគារ២ឆ្នាំ ករណីដុតផ្ទះខ្លួនឯង ចេញពីពន្ធធនាគារវិញ បាន៨ខែហើយវាយបំភ្លេចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯង រួចហើយដុតផ្ទះម្តងទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសង់ថ្មីភូមិអណ្តូងទី៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។
បុរសដែលគេអះអាងថាញៀនថ្នាំ ឈ្មោះ បោន ស្រស់ អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដមានប្រពន្ធឈ្មោះ ចុង សុខលាភ អាយុ៤២ឆ្នាំ អ្នកទាំង២មានកូនប្រុស៣នាក់ក្នុងបន្ទុកស្នាក់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើបានវាយ បំភ្លេចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្លួនឯង រួចហើយប្រពន្ធបានឃាត់មិនស្តាប់ ក៏រាយការណ៍ប្រាប់សម្ថកិច្ចមូលដ្ឋានឲ្យអន្តរាគមន៍ នៅពេលសមត្ថកិច្ចចុះទៅដល់គ្រាន់តែក្រឡេកឃើញសមត្ថកិច្ចភ្លាម ក៏ប្រមូលរបស់របរទ្រព្យសម្បត្តិក្នុងផ្ទះគរដុតនៅលើពូកបន្ទប់ឡៅតឿ បណ្តាលឲ្យឆេះពូក ត្រូវបានគេជួយបន្លត់ទាន់ពេល ភ្លាមៗនោះរូបគេបានឡើងទៅលើដំបូលផ្ទះទោះបីមានអ្នកលួងលោម ឲ្យចុះមកក្រោមទាំងកម្លាំងអាវុធហត្ថ និងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋនៅតែរូបគេមិនព្រមចុះដែរ ។
ប្រភពបានបន្តថា មិនត្រឹមតែមិនព្រមចុះមកក្រោមទៀតជននោះបានយកដែកស្មាព្យួរខោអាវចាក់លើដងខ្លួនឯងនៅលើដំបូលផ្ទះកំពស់៨ម៉ែត្រអស់រយៈពេលប្រមាណ៣ម៉ោងទើបសមត្ថកិច្ចប្រើជំនាញ ពិសេសរហូតជននោះលោកមកក្រោមត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនតែម្តង ។
គួររំលឹកថា ជនញៀនថ្នាំរូបនេះ ធ្លាប់ជាប់ពន្ធនាគារហើយទើបចេញពីពន្ធនាគារ បានប្រមាណ៨ខែ ប៉ុណ្ណោះ ក្នុងករណីដូចគ្នានេះ ។ តាមការឲ្យដឹងពីស្ត្រីជាប្រពន្ធជនសង្ស័យថា ប្តីរបស់ខ្លួនប្រើប្រាស់គ្រឿងញៀនយូរឆ្នាំមកហើយ ។
ក្នុងប្រតិបត្តិការណ៍បង្ក្រាប់ជនសង្ស័យអុកឡុកបំផ្លាញរបស់របរ និងដុតផ្ទះខ្លួនឯនេះសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រើពេលអត់ធ្មត់អស់រយៈពេល៣ម៉ោង គឺតាំងម៉ោង៩ព្រឹកព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ទើបឃាត់ជននោះទៅសាកសួរតាមនីតិវិធី ៕ ជ្រោយពេជ្រ