ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីឪពុកម្តាយបានប្តឹងថា ចង់សម្លាប់ពួកគាត់ ព្រោះតែខឹងរឿងមិនទុកសាច់គោឲ្យហូបបាយ ។
នគរបាលស្រុកគងពិសី បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា មានប្ដីប្រពន្ធពីរនាក់ បានមកប្ដឹងសមត្ថកិច្ចមូលដ្ឋាន អធិការដ្ឋាននគរបាលស្រុកគងពិសី ឲ្យជួយឃាត់ខ្លួនកូនប្រុសដែលបានយកដំបង និងកាំបិតផ្គាក់ទាញដេញវាយ និងគំរាមសម្លាប់ពួកគាត់ ដោយសារតែមិនទុកសាច់គោ ឲ្យលោកកូនហូប ។
ករណីនេះ កើតឡើង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីព្រឹក ។ ជនសង្ស័យមានឈ្មោះ ស សំអូន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិវាល ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគងពិសី បានឲ្យដឹងថា ក្រោយទទួលបណ្ដឹងប្ដីប្រពន្ធខាងលើ កម្លាំងនគរបាល បានចុះទៅដល់ ឃាត់ខ្លួន បុរសជាកូននាំមកអធិការដ្ឋាននគរបាលស្រុកគងពិសី សាកសួរ ។ ជនសង្ស័យបានឆ្លើយសារភាពរៀបរាប់ និងទទួលស្គាល់ការពិត ថាខ្លួនបានប្រព្រឹត្ដទង្វើ ដូចពាក្យបណ្ដឹងឪពុកម្ដាយអីចឹងមែន។
សមត្ថកិច្ចបន្តថា ដោយសារមានបទល្មើស និងសំណូមពរខាងឪពុកម្ដាយ សមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ។ ជនសង្ស័យ ត្រូវកសាងសំណុំរឿង ចាត់ការបន្ដ៕ សេនាស័ក្តិ