ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីហ្ស៊ុយស៊ុយបុកហ៊ីយ៉ាន់ដាយកំពុងចត ស្លាប់អ្នកបើកបរម្នាក់ នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបររថយន្តម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីបានបើករថយន្តរបស់ខ្លួន ទៅបុកនឹងថយន្តដែលកំពុងចតស្ងៀមនៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរគ្រោះដែលនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះម៉េង លាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកបើកបររថយន្តអ៊ីហ្ស៊ុយស៊ុយ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿង ពាក់ស្លាក កំពង់ចាម ៣A-៤៧៧០ ជាប្រភេទរថយន្ត សណ្តោងរឺម៉ក កំពុងចតស្ងៀមនៅមួយកន្លែង ក្នុងពេលដែលចតនៅមួយកន្លែងនោះ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក អ៊ីហ្ស៊ុយស៊ុយ ពណ៌ស ពាក់ស្លាកលេខ ពោធិសាត់ ៣A-០៣៩៧ ។ ធ្វើដំណើរក្នុងទិសដៅពីជើងទៅខាងត្បូង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយពេញមួយទំហឹង បណ្តាលឲ្យអ្នកបើករថយន្ត អ៊ីហ្ស៊ុយស៊ុយកៀបជាប់រនឹងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។

ក្រោយពេលកើតហេតុមធ្យោបាយបង្កទាំងពីរ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖