ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តស្វាយរៀងបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះប្រើប្រាស់ទឹកដោយចេះសន្សំសំចៃ និងមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ។
ការអំពាវនាវបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ នៅទីធ្លាសាលាស្រុកស្វាយជ្រំក្នុងពិធីសួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌ ជាស្បៀង សម្ភារ និងថវិកាមួយចំនួន ជូនចាស់ជរា ១១៣ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់ កុមារកំព្រា ៣ នាក់ ជនពិការ ៣ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ១៣១ គ្រួសារ សរុប ២៥២ គ្រួសារ មកពី ១៦ ឃុំ ក្នុងស្រុកស្វាយជ្រំ ។
លោក ម៉ែន វិបុល បានពាំនាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។ ក្នុងឪកាសនោះលោកក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះសូមអោយមានការប្រុងប្រយត្ន័ខ្ពស់ចំពោះគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ ហើយខណៈដែលមានភ្លៀងខ្យល់កន្ត្រាក់ ត្រូវរកកន្លែងដែលមានសុត្ថិភាព ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិដូចជាផ្ទះសម្បែងជាដើម ហើយត្រូវមើលថែរកូន ចៅតូចៗ កុំឲ្យលេងទឹកព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ដោយសារលង់ទឹក មួយវិញទៀតរដូវវស្សាហ៍ បានមកដល់ សូមប្រជាពលរដ្ឋត្រូវត្រៀមឧបករណ៍ សម្រាប់ធ្វើស្រែចំការឲ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវដាំបន្លែរួមផ្សំបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពបានមួយកម្រិតបន្ថែមទៀត ៕ យឹម សុថាន