ខេត្តសៀមរាប៖ ក្រុមអ្នកឃ្លាំមើលសកម្មភាពជីកដី និងដឹកជញ្ជូនរបស់ក្រុមឈ្មួញដុះស្លែរដែលកំពុងធ្វើអាជីវកម្មជីកយកអាចម៍ដីលក់ បានអោយដឹងថា ក្រុមឈ្មួញទាំងនោះកំពុងជីក និងដឹកជញ្ជូនដីព្រៃលិចទឹក ដែលជាដែនជម្រកត្រីពងកូនបន្ដពូជ អស់ជាច្រើនហិកតា និងកាន់កាប់យ៉ាងអនាធិបតេយ្យបំផុតស្ថិតនៅក្នុងភូមិសាស្រ្ដ ភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ករណីនេះ ទំនងជាមានការឃុបឃិតគ្នារវាងអាជ្ញាធរ និងសមត្ថកិច្ចជំនាញក្នុងការបើកដៃឲ្យឈ្មូញ ដែលមានលុយ និងមានអំណាច ឈូសឆាយ ជីកកកាយដីព្រៃលិចទឹកទាំងនោះដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់អ្វីទាំងអស់ ។
ពលរដ្ឋរស់នៅក្នុងភូមិល្អក់ បានសូមអំពាវនាវឲ្យស្ថាប័នជំនាញជាប់ពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍អំពីបញ្ហាខាងលើផង ព្រោះថាព្រៃលិចទឹកគឺជាចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការពារ និងផ្តល់ជីវចម្រុះ ពិសេសព្រៃលិចទឹកជាតំបន់សម្រាប់មច្ឆជាតិ ពងកូនបន្ដពូជ ចុះបើគ្មានការបង្រ្កាបបែបនេះ ។ ជុំវិញករណីនេះដែរ អង្គភាពយើងនៅមិនទាន់ទទួលបានការបកស្រាយពី លោកស្រីមិល សុគង្គា មេឃុំកណ្តែក លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង និងមន្ទីរពាក់ព័ន្ធបាននៅឡើយទេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានអះអាងថា៖ ជនណាដែលបានប្រព្រឹត្ត ឬបង្កឲ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ០៣ ឆ្នាំទៅ ០៥ ឆ្នាំ ឬពី ០៥ ឆ្នាំទៅ ១០ ឆ្នាំ តែនេះបំផ្លាញព្រៃលិចទឹកតើ មានចំណាត់ការយ៉ាងណា? ដូច្នេះចាំមើល តើអាជ្ញាធរមន្ទីរពាក់ព័ន្ធខេត្តសៀមរាប អាចមានវិធានការទប់ស្កាត់ និងវែកមុខជនដែលបានឈូសឆាយដីព្រៃលិចទឹកនៅចំណុចខាងលើ យកមកផ្ដន្ទាទោស បានដែរ ឬយ៉ាងណា? ៕ ប៊ុនរិទ្ធី