ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ព្រមានដកតំណែងមន្ត្រីមានប្រពន្ធច្រើន

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ពួកអ្នកមានប្រពន្ធច្រើនត្រូវបានដកចេញជាបន្តបន្ទាប់និងបន្តដកចេញនៅពេលខាងមុខ។ នេះជាអភិក្រមទី៥គឺការវះកាត់”។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងការបញ្ចេញប្រសាសន៍ចូលក្នុងសារហ្វេសប៊ុកផេករបស់លោក ដួង តារា ប្រធានក្រុមការងារនៃហ្វេសប៊ុកផេកសម្តេចតេជោ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ជុំវិញរឿងរ៉ាវរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

លោក ថៃ នរៈសត្យា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ក្រាបបង្ខំទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីបញ្ចប់តំណែង ដោយសម្តេចតេជោ មានប្រសាសន៍ថា “សុំកុំប្រកែកគ្នានិងចោទប្រកាន់គ្នាពីរឿងលោក ថៃ នរៈសត្យា ត្រូវដកចេញពីដំណែង ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់លើការដកតំណែងនេះ។ ការដកតំណែងរបស់គាត់គឺចង់អោយថ្នាក់ដឹកនាំក្រសួងវប្បធម៌មានភាពស្អាតស្អំ ។ ពួកអ្នកមានប្រពន្ធច្រើនត្រូវបានដកចេញជាបន្តបន្ទាប់និងបន្តដកចេញនៅពេលខាងមុខ។ នេះជាអភិក្រមទី៥គឺការវះកាត់”។

ទោះបីយ៉ាងណា កន្លងមក លោក ថៃ នរៈសត្យា ថ្លែងថា ការបញ្ចប់មុខតំណែងនេះ គ្រាន់ជាការផ្លាស់ប្តូរមុខតំណែងធម្មតាប៉ុណ្ណោះ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះការផ្លាស់ប្តូរមុខតំណែងទៅកាន់តួនាទីនៅខាងណានោះ លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះជាការសម្រេចរបស់ថ្នាក់លើ៕ ចេស្តា

 


ចែករំលែក៖