ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងបាកក ប្រទេសថៃប្រកបដោយសុវត្ថិភាព

ចែករំលែក៖

ប្រទេសថៃ៖ នៅម៉ោងប្រមាណ៩.០០នាទីព្រឹក ថ្ងៃ សៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ទីក្រុងបាកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាងកក ប្រទេសថៃ សម្តេចតេជោត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ ឯកឧត្តម វីរ៉ា រ៉ូចប៉ូចចាន់ណារ៉ាត់ រដ្ឋមន្រ្តីក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ ឯកឧត្តម អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំប្រទេសថៃ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជន ការទូតរបស់កម្ពុជា ប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូបទៀតផង។

តាមកម្មវិធីគ្រោងទុក សម្រាប់ថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (ពេញអង្គ) ក្រៅពីនេះសម្ដេចតេជោនឹងមានជំនួបជាមួយប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន(AIPA), ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន(ASEAN-BAC) និង ជាមួយតំណាងយុវជនអាស៊ាន(ASEAN Youth’s Representative)។ សម្រាប់ព័ត៌មានលំអិតនៃកិច្ចប្រជុំនិមួយៗនឹងផ្សាយជូនជាបន្តបន្ទាប់៕


ចែករំលែក៖