ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍ពីក្រុងសៀមរាបបានឲ្យដឹងថា មានករណី ជនជាតិអ៊ីស្រាអែល (Israel) ម្នាក់ បានស្លាប់បន្ទាប់ពីមានជំងឺក្រពះរ៉ាំរ៉ៃ ហូបចំណីអាហារមិនកើត រយះពេលជាង១ខែ ដោយមានរូបរាងស្គមស្គាំង សល់តែស្បែក និងឆ្អឹង ដេកនៅកន្ទេល ។
ហេតុការណ៍គួរអាសូរនេះ កើតឡើងនៅវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែម្តង ដែលមានទីតាំងនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរង គ្រោះឈ្មោះ OKUNIEVDMYTRO ភេទប្រុស អាយុ៥៤ឆ្នាំ កំណើត ១៩៦៥ ជាអន្តោប្រវេស៍បានមកស្នាក់នៅផ្ទះជួលក្នុងភូមិភ្ងារជ័យ សង្កាត់ ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ។
តាមសាក្សីបានឲ្យដឹងថា ជនរងគ្រោះឈឺហើយបានចូលទៅសម្រាកនៅមន្ទីរពេទ្យបង្អែក កាលពីវេលាម៉ោង១២.00 នាទី ថ្ងៃទី ២១ មិថុនា ២០១៩ តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក មិនអាចសង្រ្គោះ ហើយបានស្លាប់នៅវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី ២៣ មិថុនា ២០១៩ នេះ ។
សមត្ថកិច្ចថា ជនរងគ្រោះ កាន់លិខិតឆ្លងដែនលេខ ២២៨១៦ ៨០៧ ក្រោយ ពីការពិនិត្យលើខ្លួនសាកសព បានឃើញថា -ផ្នែកក្បាល -ផ្នែក ក -ផ្នែកដងខ្លួន -ផ្នែកអវយវះ ពំុមានស្នាក់ស្នាមអ្វីទេ ។
តាមការសន្និដ្ឋានរបស់ជំនាញ សព ជនរងគ្រោះស្លាប់ដោយសារជំងឺរ៉ាំរ៉ៃ (ក្រពះខ្សោយសិរីរាង្គហូបអ្វីមិនកើត រយៈពេលជាងមួយខែមកហើយ) ។
បច្ចុប្បន្នសពជនរងគ្រោះបានយកទៅរក្សាទុកនៅមន្ទីពេទ្យខ្មែរសូវៀតរាជធានភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារសពមកទទួលយក ៕ ប៊ុនរិទ្ធី