ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខាងសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បង្ក្រាបរថយន្តស៊េរីទំនើប៥គ្រឿង គ្មានពន្ធគយនាំចូល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ រថយន្តទំនើបចំនួន៥គ្រឿង ត្រូវបានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ សហការជាកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺស្រាវជ្រាវ និងឈានទៅបង្ក្រាបបាននៅចំណុចភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ អនុវត្តតាមនីតិវិធីគយ ខណៈគ្មានពន្ធនាំចូល។

មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺបានឲ្យដឹងថា៖ រថយន្តដែលស្រាវជ្រាវបង្ក្រាបបានចំនួន៥គ្រឿងមាន៖ទី១ Lexus 350 ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 2AS-2244 ,ទី២ TOYOTA Vellfire ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខខេមរភូមិន្ទ ខម01-2-2547, ទី៣ Lexus GS300 ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ2AG-3893,ទី៤ TOYOTA Land Cruiser ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ 2AO-9313, ទី៥ Rang Rover ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខខេមរភូមិន្ទ ខម02-2-1528 ។

បើទោះបីរថយន្តទាំង៥គ្រឿងមានបំពាក់ស្លាកលេខពិតមែន តែតាមការស្រាវជ្រាវរបស់សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺបានរកឃើញថារថយន្តមិនទាន់បានបំពេញកាតព្វកិច្ច ពន្ធ និងអាករ នាំចូលឲ្យបានត្រឹមត្រូវឡើយ ទើបឈានទៅបង្ក្រាបឃាត់ទុកបែបនេះ ។សាខាគយបានស្នើសុំឲ្យពលរដ្ឋមេត្តាចូលរួមបំពេញកាតព្វកិច្ច ពន្ធគយ និងរដ្ឋាករឲ្យបានត្រឹមត្រូវ ហើយរាល់ការទិញឬលក់រថយន្តត្រូវពិនិត្យផ្ទៀងផ្ទាត់គ្រប់ឯកសារគយច្បាស់លាស់ផងដែរ ។

សូមបញ្ជាក់ថា ករណីនៃបង្ក្រាបបទល្មើសគយទាមទាឲ្យមន្ត្រីគយ បើកការស្រាវជ្រាវប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈនិងច្បាប់ ។

បច្ចុប្បន្នសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺធ្វើកំណត់ហេតុបទល្មើសគយបញ្ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករសុំសេចក្តីសម្រេច ៕ សហការី


ចែករំលែក៖