ខេត្តកណ្ដាល៖ រថយន្ដដឹកឈើខុសច្បាប់ចំនួនមួយគ្រឿង ត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកណ្កាល សហការជាមួយនគរបាលស្រុកមុខកំពូល បង្រ្កាប នៅវេលាម៉ោង៨ និង១០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា រថយន្ដដឹកឈើម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK- 83 61 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួន) ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ឈឺអារលេខ១ផ្ចឹក ចំនួន៨២សន្លឹក ,ឈើអារលេខ១កកោះ ចំនួន១២សន្លឹក និងកៅអីឈើចំនួន១០កៅអី ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ មន្រ្ដីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានទទួលព័ត៌មានថា មានរថយន្ដម៉ាកសាំងយ៉ុងដឹកឈើខុសច្បាប់ កំពុងដឹកតាមបណ្ដោយផ្លូវជាតិលេខ៦ ភ្លាមៗនោះ កម្លាំងជំនាញខេត្ដ ក៏បានសហការជាមួយកម្លាំងស្រុកមុខកំពូល ចុះស្ទាក់ឃាត់បានរថយន្ដដឹកឈើខាងលើ រួមទាំងវត្ថុតាងឈើខុសច្បាប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងឯកសារប្រគល់ទៅឲ្យមន្រ្ដីជំនាញរដ្ឋបាលព្រៃឈើស្រុកមុខកំពូល អនុវត្ដបន្ដតាមនីតិវិធី ៕ស្អាងជ័យ