ខេត្តសៀមរាប៖ ថ្មីៗនេះមានករណី កុមារ៉ា អាយុ១១ឆ្នាំ បានធ្វើការចាប់រំលោភកុមារីតូចៗ២នាក់បងប្អូន ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៥ឆ្នាំ ដោយក្រុមគ្រួសារជនបង្កបានឲ្យលុយ ពី១០ម៉ឺនរៀល ទៅ១០០ដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែជនរងគ្រោះមិនព្រម ខាងក្រុមគ្រួសារជនបង្កក៏បោះពាក្យថា បើមិនយកទៅប្តឹងអ្នកណាក៏ទៅៗ ហើយពេលទៅប្តឹងប៉ូលិសគេ ក៏មិនទទួលថា ជនល្មើស អាយុ១១ឆ្នាំ មិនដឹងយកទៅណា ។ យោងតាមការបង្ហោះរបស់អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនីតិសម្បទា អាហ្វេស៊ីប ទុំឌី បានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅខេត្តសៀមរាប ដោយករណីរំលោភនេះ បានកើតឡើងតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមគ្រួសារជនរងគ្រោះមានជីវភាពខ្វះខាត ឪពុកជាកម្មករនៅតាមបេនឡាន ម្តាយដើរបេះត្រកួនលក់ សូម្បីតែខ្ទមសឹងតែមិនមាននៅផង ។
ខាងក្រោមនេះជាការបង្ហោះរបស់អ្នកស្រី ម៉ម សុម៉ាលី ទាក់ទងនឹងករណីរំលោភសេពសន្ថវៈនេះ ៖ “ពិតជាឈឺចាប់បំផុតហេតុតែខ្លួនក្រ សូម្បីតែខ្ទមសឹងមិនមាននៅផង ម្តាយដើរបេះត្រកួនលក់ ឯឪពុកជាកម្មករនៅតាមបេនឡាន កូនស្រី២នាក់បងប្អូនម្នាក់ អាយុ៨ឆ្នាំ ម្នាក់ទៀតអាយុ៥ឆ្នាំត្រូវកូនអ្នកមានលុយ អាយុ១១ឆ្នាំរំលោភ ។ ហើយជនល្មើសបានគំរាមឲ្យលុយ១០ម៉ឺនរៀល ជនរងគ្រោះមិនព្រមក៏សុខចិត្តឲ្យ ២០ម៉ឺនរៀល តែជនរងគ្រោះនៅតែមិនសុខចិត្ត ក៏គំរាមថា ឲ្យ១០០ដុល្លារ បើមិនយកទៅប្តឹងអ្នកណា ក៏ទៅៗ ។ អនិច្ចាជីវិតអ្នកក្រ ម្តាយនិងឪពុក ទៅប្តឹងប៉ូលិសក៏គេមិនទទួលដោយយកលេសថា ជន ល្មើសនៅតូច អាយុ១១ឆ្នាំ មិនដឹងយកទៅណា ម្តាយរត់ឆ្លេឆ្លាតែគ្មានអ្នកជួយ ។
សូមជំរាបថា កណីរំលោភនេះកើត តាំងពីថ្ងៃទី១៤ ខែមិថុនា តែម្តាយរកអ្នកជួយមិនបាន ទើបតែជួបប្អូនស្រីចិត្តធម៌ម្នាក់ គាត់ក៏តេមករកនាងខ្ញុំ ភ្លាមៗ បុគ្គលិកអង្គការក៏ចុះជួបថ្ងៃនេះភ្លាម បានជួបជនរងគ្រោះហើយ ។ នេះជាព័ត៌មានបឋម នាងខ្ញុំនឹងស្រាវជ្រាវថា តើលោកអ្នកមានណា ដែលកូនរំលោភគេហើយ គំរាមគេទៀត នោះ ហើយ ប៉ូលិសណា ដែលសមគំនិត ព្រោះថា ខ្ញុំពិតជាមិនដែលជួបទេ ធ្លាប់តែធ្វើការជាមួយប៉ូលិសដែលល្អ ជួយ ជនរងគ្រោះដោយមិនខ្លាចនឿយហត់ ពិបាកនឹងជឿមែន ដែលនៅមានជនបែបនេះ ។
ករណីនេះនៅខេត្ត សៀមរាប ហើយជាខេត្តដែលឯកឧត្តមអភិបាលខេត្ត យកចិត្តទុកដាក់បំផុត ចំពោះករណីរំលោភបំពានលើ កុមារ និង ស្ត្រី បញ្ជាក់នេះជាព័ត៌មានបឋម បានមកពីគ្រួសារជនរងគ្រោះ៕ ប៊ុនរិទ្ធី