ព័ត៌មានទាន់ហេតុការណ៍៖

អាចនឹងមានបាតុកម្ម កើតឡើងនៅពេលកិច្ចប្រជុំ​G-20 នៅជប៉ុន​

ចែករំលែក៖

ពលរដ្ឋជប៉ុនអាចប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅទីក្រុង អូសាកា ប្រទេសជប៉ុន ដែលជាកន្លែងរៀបចំកិច្ចប្រជុំ​ G-20 នាថ្ងៃទី​២៨ និង​២៩ ខែមិថុនាខាងមុខនេះ ។ ដើម្បីបញ្ជៀសហេតុការណ៍អាក្រក់កើតឡើង ក៏ដូចជាធ្វើឲ្យរាំងស្ទះ ដល់ដំណើរការកិច្ចប្រជុំ រដ្ឋាភិបាលសម្រេចឲ្យសាលារៀនបិទទ្វារ​២ថ្ងៃ​ ហើយដាក់ពង្រាយក្រុមសន្តិសុខជាង៣ម៉ឺននាក់ការពារ​ ។

កម្លាំងសន្តិសុខជប៉ុន ជាង៣២ ០០០នាក់ ត្រូវបានដាក់ពង្រាយ នៅគ្រប់ទិសទី ជាពិសេស នៅក្នុងទីក្រុងអូសាកា ជាទីកន្លែងរៀបចំកិច្ចប្រជុំកំពូល G-20 នោះតែម្ដង ។ ជាមួយគ្នានេះដែរ នៅទីនោះ អាចនឹងមានពលរដ្ឋ ប្រមាណ៣ម៉ឺននាក់ ធ្វើដំណើរទៅកាន់ទីក្រុងនោះ ដើម្បីធ្វើបាតុកម្មផងដែរ ។

បច្ចុប្បន្ន ការរក្សាសន្តិសុខ គឺជាបញ្ហាប្រឈមមុខរបស់ជប៉ុន នៅក្នុងពេលរៀបចំ នៃកិច្ចប្រជុំកំពូល G-20 នេះ ។ សាលារៀនទាំងអស់ នៅក្នុងទីក្រុងនោះ ត្រូវបិទទ្វារ ហើយរដ្ឋាភិបាល បានសេចក្ដីព្រមានដល់ប្រជាពលរដ្ឋ ត្រូវកាត់បន្ថយការធ្វើដំណើរទៅកាន់តំបន់ ដែលមានការរៀបចំកិច្ចប្រជុំ G-20 នោះទៀតផង ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុន បានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅទីក្រុងនោះ កាត់បន្ថយការធ្វើដំណើរ តាមយានយន្តផ្ទាល់ខ្លួន ដោយបង្វែទៅធ្វើដំណើរតាមមធ្យោបាយសាធារណៈវិញ ដោយសារចរាចរណ៍អាចនឹងកកស្ទះ ។

សិស្សសាលាជាង៧០០កន្លែង នៅក្នុងប្រទេសជប៉ុន នឹងឈប់សម្រាក រយៈពេល២ថ្ងៃ ខណៈកិច្ចប្រជុំកំពូល G-20 នឹងធ្វើឡើង នៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០១៩ នេះ ។

កម្លាំងសន្តិសុខបានប្រើប្រាស់ឧបករណ៍ បំបែករលកធាតុអាកាសរបស់យន្តហោះគ្មានមនុស្សបើក ។ នៅក្នុងបរិវេណ នៃកិច្ចប្រជុំកំពូលនោះ គឺយន្តហោះគ្មានមនុស្សបើក (ដ្រូន) មិនអាចបញ្ជាបានឡើយ ។ ចាប់តាំងពីដើមសប្តាហ៍កន្លងមក ក្រុមអ្នកជំនាញមុជទឹក បានត្រួតពិនិត្យជុំវិញវិមាន OSAKA ដែលជាកន្លែង រៀបចំពីធីជប់លៀងរបស់បណ្តាមេដឹកនាំពិភពលោក ដែលមកចូលរួម ។

បន្ទាប់ពីកិច្ចប្រជុំ G-20 នោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបពិភាក្សាទ្វេភាគីជាមួយបណ្តាមេដឹកនាំពិភពលោក ក្នុងនោះមានលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្ស៊ូអាបេ លោកប្រធានាធិបតីចិន ស៊ី ជីនពីង លោកប្រធានាធិបតីរុស្ស៊ី ពូទីន លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison លោកស្រីអធិកាបតីអាល្លឺម៉ង Angela Merkel លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉ាដ្រម៉ូឌី លោកប្រធានាធិបតីតួកគី Recep Tayyip Edogan ព្រះរាជទាយាទមហាក្សត្រអារ៉ាប៊ី សាអូឌិត Mohammed bin Salman និងលោកប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ៕


ចែករំលែក៖