ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិភាគតិចប្តឹងថៅកែសិប្បកម្មពីបទគំរាមសម្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់មានប្រជាជន៦នាក់ ដែលតំណាងប្រជាសហគមន៍ការពារព្រៃឈើ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានដាក់ពាក្យប្តឹងថៅកែសិប្បកម្មអាឈើ ឈ្មោះ សារឿន ម៉ាប់ ជាអតីតមន្ត្រីយោធា ខេត្តមណ្ឌលគិរី ទៅអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ពាក់ព័ន្ធករណី គំរាមសម្លាប់ពួកគាត់។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិច បានប្តឹងឈ្មោះ សារឿន ម៉ាប់ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីបទ គំរាមកំហែងអាយុជីវិតតំណាងសហគមន៍៧ភូមិ និងបទ បើកអាជីវកម្មអាឈើរួមទាំងនាំជនបរទេសចូលមកកម្ពុជា ដោយខុសច្បាប់ ចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រឿងរ៉ាវដែលលោក សារឿន ម៉ាប់ ឈានដល់ប្រើពាក្យគំរាមកំហែងថានឹងសម្លាប់ប្រជាសហគមន៍ បានកើតឡើងកាលពីដើមសប្ដាហ៍កន្លងទៅ នៅគ្រាដែលប្រជា សហគមន៍ចុះល្បាតព្រៃ និងប្រទះឃើញ ម៉ាស៊ីនរ៉ៃ អាច្រៀកឈើខ្នាតធំ នៅក្នុងសិប្បកម្មអាឈើ របស់ឈ្មោះ សារឿន ម៉ាប់ ស្ថិតនៅចំណុចអូរច្រាស់ទ្រាំង ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្ថិតក្នុងតំបន់ការពារភ្នំណាមលៀរ ។ គេមិនដឹងថា ហេតុអ្វីបានជាតំបន់ការពារមួយនេះ បណ្តោយឲ្យមានរោងម៉ាស៊ីអារ ឈើទ្រង់ទ្រាយធំ ដែលមានជនជាតិវៀតណាមរហូតដល់១០នាក់នោះទេ?

នៅពេលចុះល្បាតការពារព្រៃឈើ ក្រុមប្រជាសហគមន៍ បានថតរូបសិប្បកម្មអាឈើ និងថតរូបជនជាតិវៀតណាម (មិនចេះនិយាយភាសារខ្មែរ) ចំនួន ១០នាក់ ខណៈដែលពួកគេកំពុងអាច្រៀកឈើធ្វើគ្រឿងសង្ហារឹមឲ្យថៅកែ ម៉ាប់ ដែលនេះហើយជាដើមចមធ្វើឲ្យលោកថៅកែ សារឿន ម៉ាប់ ខឹងសម្បារយ៉ាងខ្លាំងរហូតទៅគំរាមសម្លាប់ ប្រជាសហគមន៍ដល់ផ្ទះតែម្តង។

សេចក្តីរាយការណ៍បន្ថែមថា លោកថៅកែ សារឿន ម៉ាប់ បានគំរាមថា នឹងយកកាំបិត កាប់ដាច់កែងជើង ប្រសិនបើប្រជាសហគមន៍ មិនបញ្ឈប់ការថតរូបនៅទីតាំងសិប្បកម្ម កែច្នៃឈើរបស់លោក។

ពាក់ព័ន្ធ ករណីប្តឹងចោទប្រកាន់ខាងលើ លោក សារឿន ម៉ាប់ បានប្រាប់អ្នកសារព័ត៌មាន

តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះថា កាលពីម្សិលមិញ លោកបាន ចូលខ្លួនទៅឆ្លើយចំពោះមុខសមត្ថកិច្ច នៃអធិការរដ្ឋានគរបាលស្រុកពេជ្រាដា រួចហើយ។

លោក សារឿន ម៉ាប់ បានបញ្ជាក់ថា «ខ្ញុំ អត់មានទៅគំរាម ពួកគាត់ដល់ផ្ទះទេ គឺខ្ញុំនិយាយតាមឆាត (Chat) ទៅពួកគាត់ ថាបើអញ!ទាន់អញកាប់ដាច់កែងជើង។ ខ្ញុំនិយាយចឹង ព្រោះចឹងពួកគាត់ ទៅលួចថត កន្លែងខ្ញុំអាឈើនៅក្នុងចំការរបស់ ខ្ញុំដោយគ្មានការអនុញ្ញាត ហើយថែមទាំងគំរាមទារលុយខ្ញុំ ៧០០ដុល្លារទៀត។ ចូលថតកន្លែងគេមិនសុំគេ ហើយមកទារលុយទៀត អ្នកណាមិនខឹង?»។

លោក សារឿន ម៉ាប់ បន្ថែមថា លោកបានទិញឈើពីប្រជាសហគមន៍ ដើម្បីអាឈើធ្វើក្តា និងពិដានផ្ទះ សរុបចំនួន ៨ម៉ែត្រគូប ដោយសារពិបាកយកទៅផ្ទះ លោកក៏យកម៉ាស៊ីនច្រៀក និងជួលជនជាតិវៀតណាម ៣នាក់ ឲ្យជួយធ្វើនៅ ក្នុងចំការតែម្តងទៅ។

ចំពោះជនជាតិវៀតណាម ទាំង ៣នាក់ គឺលោកពិតជាបានជួលមកមែន ដោយ មានការសុំអាជ្ញាធរមូលដ្ឋាន ប៉ុន្តែក្រោយពីមានរឿង ក្រុមជនជាតិវៀតណាមបានត្រឡប់ទៅវិញអស់ហើយ ដើម្បីធ្វើលិខិតឆ្លងដែន និងសំណុំឯកសារចូលកម្ពុជាឲ្យបានត្រឹមត្រូវ។

លោក សារឿង ម៉ាប់ ថ្លែងថា «កន្លងមក ខ្ញុំធ្លាប់ផ្ញើលុយតាមវីង ឲ្យពួកគាត់ចាយដែរ។ តែលើកនេះពួកគាត់ទារច្រើនពេក ទើបខ្ញុំមិន ព្រមឲ្យ។ ខ្ញុំមិនប្តឹងពួកគាត់ទេ គឺខ្ញុំចាំតែដើរតាមពួកគាត់ទេ ចង់ប្តឹងទៅណា ក៏ខ្ញុំតាមដែរ» ។

តាមការលើកឡើងរបស់ថៅកែឈើ សារឿន ម៉ាប់នេះ គឺបញ្ជាក់ច្បាស់ថា បទល្មើសកាប់ បំផ្លាញព្រៃឈើនៅតំបន់នោះពិតជាកើតមាន ហើយថែមទាំងមានកម្មករជនជាតិវៀតណាម ចូលមកធ្វើការងារទៀតផង។ ករណីនេះ អាជ្ញាធរខេត្តពិតជាមិនអាចបដិសេធបានឡើយ ចំពោះការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីទាំងក្នុងតំបន់ការពារទាំងក្រៅតំបន់ដែលត្រូវការពារ ។ ពួកមន្ត្រីនៅតំបន់ការពារស្ទើរក្លាយជាសេដ្ឋីទៅហើយ ៕ ហេង នរិន្ទ្រ


ចែករំលែក៖