ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃនៅចំណុចភ្នំក្រហម ឃុំស្វាយលើ ត្រូវគេឈូសឆាយបំពានច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖ តាមប្រភពព័ត៌មានពីពលរដ្នថា ការទន្រ្ទានដីព្រៃយកដីចែកគ្នានៅចំណុចភ្នំក្រហម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្ដើមតាំងពីថ្ងៃ២‑៣ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ខណៈពេលកំពុងធ្វើសកម្មភាពវាយកម្ទេចព្រៃ ត្រូវបានអ្នកសារព័ត៌មានចូលទៅថតយករូបភាពធ្វើឲ្យបុគ្គលឈ្មោះ ចយ ចេញមុខមកអះអាងតាមទូរស័ព្ទមកប្រាប់ថា ជាដីរបស់ខ្លួនទិញពីពលរដ្ឋក្រីក្រ លុះសួររកឯកសារសំអាង ស្រាប់តែបិទទូរស័ព្ទ !មួយសន្ទុះ លោកចយ បានទូរស័ព្ទមកកាន់អ្នកកាសែតម្តងទៀត បាននិយាយថា អ្នកកាសែតពិតជាអ្នកស្នេហាជាតិមែន សុំឲ្យជួយសម្រួលដល់លោកផង តែសួរថា អ្នកណាជាអ្នកអនុញ្ញាតឲ្យឈូសឆាយ សំណួរនេះបានធ្វើឲ្យ លោកចយ បិទទូរស័ព្ទ ក្រោយពីបានដឹងថា មានអ្នកនៅពីក្រោយខ្នង លោកចយ ជាអ្នកឃុបឃិត! ត្រូវបានពលរដ្ឋក្នុងភូមិបាត់ខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើបង្ហើបតម្រុយប្រាប់ថា អភិបាលស្រុកស្វាយលើ និងនាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើប្រើឲ្យទៅទន្រ្ទានព្រៃនៅទីនោះចែកគ្នា ។

អ្នកកាសែតបានទៅសាលាស្រុកស្វាយលើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចង់ដឹងពីព័ត៌មាននេះ បានជួបលោកឡុង ហំ អភិបាលស្រុកស្ដីទីលោកឆ្លើយថា ពុំបានដឹងរឿងនេះទេ លោកចាត់ឲ្យមន្រ្តីចុះទៅមើលទីនោះ ចំណែកនាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើមិននៅកន្លែង ។

គេបានលើកឡើងថា ពិតជាមានអ្នកឲ្យទៅទន្រ្ទានព្រៃនោះពិតប្រាកដមែន ហើយបើដីនោះជាកម្មសិទ្ធិបុគ្គល ដែលយកអេស្ការទៅវាយទន្រ្ទានដីព្រៃ ទើបតែបានមួយថ្ងៃពីរថ្ងៃ ពេលអ្នកសារព័ត៌មានចុះថតយករូបភាព បានទំនាក់ទំនងមន្រ្ដីជំនាញគ្រប់ស្ថាប័ន ត្រូវបានមន្រ្ដីទាំងនោះឆ្លើយថា មិនដឹងនោះទេ ។

ម្ចាស់អេស្កាបានយកគ្រឿងចក្រចេញពីព្រៃយ៉ាងប្រញាប់ប្រញាល់ទៅទាំងយប់ បន្ទាប់ពីលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដាក់បទបញ្ជាឲ្យ លោកម៉ែន វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើឲ្យចុះទៅត្រួតពិនិត្យនៅទីនោះ ។

ពលរដ្ឋជុំរុញឲ្យ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជួយទប់ស្កាត់ព្រៃនៅចំណុចនេះ ទុកឲ្យនៅគង់វង្សបានយូរអង្វែងជៀសវាងជនខិលខូចរំលោភយកធ្វើកម្មសិទ្ធិផ្ដាច់មុខ ។

មកទល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅមិនទាន់បានទទួលព័ត៌មានអ្វីពីចំណាត់ការរបស់មន្រ្ដីជំនាញពាក់ព័ន្ធនៅក្នុងតំបន់នោះឆ្លើយនៅតបនៅឡើយទេ ស្រាប់តែស្ងាត់ឈឹងដូចចោរលួចសេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖