631:
ដោយខ្លាចសង្គ្រាមកើតឡើងជាទ្រង់ទ្រាយធំ នៅក្នុងតំបន់មជ្ឈិមបូព៌ា បណ្តាសមាជិកព្រឹទ្ធសភាអាមេរិក បានស្នើអនុម័តច្បាប់ទប់ស្កាត់លោក ត្រាំ វាយប្រហារអ៊ីរ៉ង់ ។
កាលពីថ្ងៃទី២៦ ខែមិថុនា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោត ទៅលើសេចក្តីព្រាងច្បាប់ ដើម្បីរារាំងប្រធានាធិបតី ដូណាល់ ត្រាំ វាយប្រហារដោយយោធាទៅលើ ប្រទេសអ៊ីរ៉ង់ ដោយគ្មានការយលព្រមពីសភា ។
នៅក្នុងសេចក្តីប្រកាស សមាជិកព្រឹទ្ធសភា លោក Mitch McConnell បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភាបានពិភាក្សា លើច្បាប់កែប្រែ ដើម្បីរារាំងប្រធានាធិបតី ដូណាល់ ត្រាំ ប្រើប្រាស់កម្លាំងយោធាវាយប្រហារទៅលើប្រទេសផ្សេងទៀត ក្នុងនោះមានអ៊ីរ៉ង់ ដោយមិនបានឆ្លងកាត់សភាអនុញ្ញត ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលបណ្តាមន្ត្រីអាមេរិកមានក្តីបារម្ភយ៉ាងខ្លាំង ពីសកម្មភាពវាយប្រហារដោយយោធារបស់លោកត្រាំទៅលើអ៊ីរ៉ង់ ។ ប៉ុន្តែច្បាប់នោះ ត្រូវការសំឡេងគាំទ្រយ៉ាងតិច៦០ ទើបអាចអនុម័តចូលជាធរមានបាន ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលលោកត្រាំបាន បញ្ជាឲ្យវាយប្រហារអ៊ីរ៉ង់ ប៉ុន្តែ១០នាទីក្រោយមក ក៏បានលុបចោលវិញ ។ ប្រសិនបើលោកត្រាំ វាយប្រហារអ៊ីរ៉ង់នោះនឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែតានតឹងខ្លាំងឡើង អាចឈានដល់សង្គ្រាមទ្រង់ទ្រាយធំ ។
ចំពោះអ៊ីរ៉ង់ នាពេលនេះ បានបង្ហាញពីគោលជំហររឹងមាំមិនខ្លាចអាមេរិក វាយប្រហារនោះឡើយ ។ អ៊ីរ៉ងបានគំរាមទុកមុនដែរថា នឹងឆ្លើយតបវិញ ដោយមិនប្រណីដៃបន្តិចឡើយ បើអាមេរិកហ៊ានវាយប្រហារមុន ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានព្រមានទុកជាមុនថា យោធាអ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងរាល់ការរំលោភបំពានជាថ្មីរបស់សហរដ្ឋអាមេរិក លើព្រំដែនអ៊ីរ៉ង់ ខណៈលោក ដូណាល់ ត្រាំ ក៏ទើបតែប្រកាសផងដែរថា អាមេរិកនឹងតបតវិញ ដោយគ្មានត្រាប្រណីឡើយ បើអ៊ីរ៉ង់ហ៊ានវាយប្រហារណាមួយ ។
ការព្រមានខាងលើរបស់លោក រូហានី ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅក្នុងសប្ដាហ៍នេះ ។ ស្ថិតក្នុងឱកាសនោះ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជា សហរដ្ឋអាមេរិករំលោភបំពានដែនអាកាស និងដែនទឹកអ៊ីរ៉ង់សារជាថ្មី នោះ កងកម្លាំងយោធាអ៊ីរ៉ង់ នឹងចាត់វិធានការឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត» ។
គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្ទើរតែផ្ទុះទៅជាជម្លោះប្រដាប់ទៅហើយ បន្ទាប់ពីអ៊ីរ៉ង់បាញ់ទម្លាក់យន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង ។ ចំណែកឯលោក ដូណាល់ ត្រាំ ក៏បានបញ្ជាឲ្យកងទ័ពអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់វិញដែរ តែលោកលុបចោលបញ្ជា នេះទៅវិញក្រោយពេលតែ ១០វិនាទី ។
សហរដ្ឋអាមេរិកចោទអ៊ីរ៉ង់ថា បានបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួន នៅក្នុងដែនអាកាសអន្តរជាតិលើច្រកសមុទ្រ Hormuz តែទីក្រុងតេហេរ៉ង់វិញ បានបដិសេធ និងឆ្លើយតបទៅអាមេរិកវិញថា យន្ដហោះនេះ ត្រូវបានបាញ់ទម្លាក់ នៅពេលវាហោះរំលោភចូលដែនអាកាសរបស់អ៊ីរ៉ង់ ខណៈបំណែករបស់ដ្រូន ត្រូវបានអ៊ីរ៉ង់ស្រង់ចេញពីក្នុងដែនទឹករបស់ខ្លួនថែមទៀតផង ។
ចំពោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញ បានបញ្ជាក់ថា បើចង់វាយអ៊ីរ៉ង់ គឺមិនប្រើពេលយូរទេ និងមិនចាំបាច់ប្រើទ័ពជើងគោក គឺប្រើមីស៊ីលបាញ់កម្ទេចទីតាំង យោធា និងសព្វាវុធរបស់ប្រទេសនេះ ។
ស្ថិតក្នុងបរិបទ នៃការប្រឈមមុខគ្នាដោយអាវុធ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងពេលបច្ចុប្បន្ននេះ លោកដូណាល់ ត្រាំ បាននិយាយថា បើសិនជាអាមេរិក ត្រូវសម្រេចចិត្តធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់មែន សង្រ្គាមនោះ នឹងមិនចំណាយពេលយូរទេ ហើយអាមេរិក ក៏មិនចាំបាច់ បញ្ជូនកងទ័ពជើងគោកទៅវាយដែរ ព្រោះអាមេរិក មានកម្លាំងខ្លាំងជាងអ៊ីរ៉ង់ឆ្ងាយណាស់ ។
នៅលើកញ្ចក់ទូរទស្សន៍ Fox Business ថ្ងៃពុធ ទី២៦ មិថុនា លោកដូណាល់ ត្រាំ បានអះអាងជាថ្មីថា លោកមិនចង់ឲ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់ទេ ។ តែទន្ទឹមនឹងនេះ លោកដូណាល់ ត្រាំ បាននិយាយបែបយ៉ាងជឿជាក់ក្នុងចិត្តថា បើសិនជាត្រូវធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់មែន សង្រ្គាមនោះនឹងមិនចំណាយពេលយូរទេ ។ អាមេរិកក៏មិនចាំបាច់បញ្ជូនកងទ័ពជើងគោក ឲ្យចូលទៅដីអ៊ីរ៉ង់ដោយផ្ទាល់ផងទេ ព្រោះថា សមត្ថភាព កម្លាំងរបស់អាមេរិកខ្លាំងសម្បើមណាស់ ។
សម្តីប៉ុន្មានម៉ាត់របស់លោក ដូណាល់ ត្រាំ ជាពាក្យគំរាមថ្មីបន្ថែមទៀត ដល់អ៊ីរ៉ង់ ព្រមជាមួយនឹងការមាក់ងាយ ថា អ៊ីរ៉ង់ គ្មានសមត្ថភាពតទល់ជាមួយនឹងកម្លាំងទ័ពផ្លូវអាកាសរបស់អាមេរិក ។ ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីអាមេរិក ឆ្លៀតបញ្ជាក់ថា លោកគ្មានបំណងបញ្ជូនកងទ័ពជើងគោក ទៅដោយផ្ទាល់ ដូចក្នុងករណីនៅអាហ្វាហ្កានីស្ថាន ឬនៅអ៊ីរ៉ាក់ទេ ។
គួរកត់សម្គាល់ដែរថា ការគំរាមជាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចបន្ថែមទណ្ឌកម្មទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដោយបានវាយសំដៅទៅលើផលប្រយោជន៍ហិរញ្ញវត្ថុ របស់លោក អាយ៉ាតូឡា អាលីខាមឺណី មគ្គុទេសន៍សាសនារបស់អ៊ីរ៉ង់ ។
ដោយឡែក ភាគីអ៊ីរ៉ង់វិញ ត្រូវបានគេសង្កេតឃើញថា ហាក់ដូចជាមានគោលជំហរ បន្ថយកំហឹងមកវិញខ្លះ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ។ លោកប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានទូរស័ព្ទនិយាយជាមួយលោក ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារទី២៥ ខែមិថុនា ។ បើតាមការឲ្យដឹង ពីមន្ត្រីវិមានប្រធានាធិបតីបារាំង គឺលោក ហាសាន់ រ៉ូហានី បាននិយាយក្នុងន័យថា អ្វីៗនៅមិនទាន់ហួសពេលទេ បើសិនជាប្រទេសអឺរ៉ុប និងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ចង់ជួយអ៊ីរ៉ង់ ។
ដូចគ្នានេះដែរ យោងតាមទីភ្នាក់ងារព័ត៌មាន Iran លោក ហាសាន់ រ៉ូហានី បានលើកឡើងថា អ៊ីរ៉ង់គ្មានចេតនាធ្វើសង្គ្រាមជាមួយប្រទេសណាទាំងអស់ កុំថាឡើយ ជាដល់ទៅជាមួយសហរដ្ឋអាមេរិក ។ តែយ៉ាងណា លោកប្រធានាធិបតីអ៊ីរ៉ង់ បានទំលាក់កំហុសទៅលើអាមេរិក ថា បានទាញដៃបិទទ្វារការចរចាផ្លូវទូត ជាលក្ខណៈស្ថាពរទៅហើយ ជាមួយនឹងទណ្ឌកម្មថ្មី ដែលអាមេរិកបានដាក់មកលើអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ ៕