តាមការលើកឡើងរបស់ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រទេសសមាជិកសហភាពអឺរ៉ុប បោះឆ្នោត គាំទ្រ ជាឯកច្ឆន្ទ កិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយវៀតណាម ។ នៅថ្ងៃទី៣០ ខែមិថុនានេះ ភាគីទាំងពីរ នឹងចុះកិច្ចព្រមព្រៀង នៅទីក្រុងហាណូយ ។
ជាមួយនិងកិច្ចព្រមព្រៀងខាងលើ នឹងជួយដល់សេដ្ឋកិច្ចវៀតណាមកាន់តែរីកចំរើនក្នុងពេលអានាគត ។ វៀតណាម និងសហភាពអឺរ៉ុបបានរកឃើញ កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងគ្នា តាំងពីឆ្នាំ ២០១៥ ប៉ុន្តែ ប្រទេសសមាជិក សហភាពអឺរ៉ុបទើបតែបោះឆ្នោត គាំទ្រ ជាផ្លូវការ នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ ។
លោកស្រី ស្នងការអឺរ៉ុប ទទួលបន្ទុក ពាណិជ្ជកម្ម បាននិយាយថា បន្ទាប់ពីមានភ្លើងខៀវរបស់សហភាពអឺរ៉ុប លោកស្រី និងរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស នឹងធ្វើដំណើរទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយ វៀតណាម នៅទីក្រុងហាណូយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ។ បន្ទាប់ពីពិធីចុះហត្ថលេខានៅទីក្រុងហាណូយ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សហភាពអឺរ៉ុប វៀតណាម នឹងត្រូវដាក់ឲ្យសភាអឺរ៉ុប ថ្មី បោះឆ្នោត លើកចុងក្រោយ នៅអំឡុងឆ្នាំនេះ មុននឹងចូលជាធរមាន ។
កិច្ចព្រមព្រៀង ពាណិជ្ជកម្ម អឺរ៉ុប-វៀតណាម មានចែងពីការលុបចោល ស្ទើរទាំងស្រុង (ប្រមាណ ៩៩%) អត្រាពន្ធគយ លើផលិតផលទំនិញ នាំចូលរវាងភាគីទាំងពី (សហភាពអឺរ៉ុប-វៀតណាម) ។ គេអាចនិយាយថា នៅពេលកិច្ចព្រមព្រៀងចាប់អនុវត្តជាផ្លូវការ អត្រាពន្ធ៦៥%លើទំនិញ អឺរ៉ុបនាំចូលទៅវៀតណាម នឹងត្រូវលុបចោល ចំណែកអឺរ៉ុបវិញ នឹងលែងយកពន្ធលើទំនិញ វៀតណាម នាំចូលទៅអឺរ៉ុប ដែលសព្វថ្ងៃនេះ មានចំនួន ៧១% ។
នៅមុនមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម អឺរ៉ុប និងវៀតណាម ទំហំដោះដូរពាណិជ្ជកម្មអឺរ៉ុប និងវៀតណាម មានប្រមាណ ៥០ពាន់លានអឺរ៉ូ ។ តាមលោកស្រី ស្នងការអឺរ៉ុបទទួលបន្ទុក ពាណិជ្ជកម្ម Cecilia Malmström វៀតណាមជាទីផ្សារសំខាន់ និងមានសន្ទុះខ្លាំង ជាមួយអតិថិជន ប្រើប្រាស់ ប្រមាណ៩៥លាននាក់ ។
ប៉ុន្តែ សម្រាប់ស្នងការអឺរ៉ុប លើសពីផលប្រយោជន៍សេដ្ឋកិច្ច សហភាពអឺរ៉ុប សំលឹងចង់បានផងដែរ ការគោរព សិទ្ធិមនុស្ស ការការពារបរិស្ថាន ហើយ និងសិទ្ធិរបស់ពលករ នៅទឹកដីវៀតណាម ។
លោកស្រីCecilia Malmström ផ្ទាល់ធ្លាប់បានសំដែងការព្រួយបារម្ភពីការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ នៅវៀតណាម ជាទី មន្រ្តីរដ្ឋការ និងសកម្មជនការពារសិទ្ធិមនុស្ស ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារ ក្នុងបទចោទប្រកាន់ ប្រព្រឹត្តអំពើពុករលួយ ។ “កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងមិនធ្វើឲ្យវៀតណាមក្លាយជាប្រទេសប្រជាធិបតេយ្យទាំងស្រុង ក្នុងពេលតែមួយ ថ្ងៃនោះទេ” នេះជាប្រសាសន៍របស់លោកស្រី ស្នងការអឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្ម ៕