ក្នុងពេលដែលស្ថានភាពពាណិជ្ជកម្ម របស់អាមេរិក ប្រឈមនៅបញ្ហាជាច្រើន ដោយសារតែ វិវាទពាណិជ្ជកម្ម ជុំវិញពិភពលោក ក្នុងនោះមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេច្ឋកិច្ចរបស់ជប៉ុន ។ ដូច្នេះជប៉ុននឹងស្វែងរកដៃគូសេដ្ឋកិច្ចផ្សេងទៀត នៅក្នុងកិច្ចប្រជុំG-20 ។
នៅពេលនេះ ប្រធានាធិបតីបារាំង លោកម៉ាក្រុង ព្រមទាំងភរិយា ទើបតែបានទៅដល់ទីក្រុងតូក្យួ ប្រទេសជប៉ុន នៅ ទី២៦ មិថុនា ។ នេះគឺជាទស្សនកិច្ចលើកទីមួយ នៅប្រទេសជប៉ុន របស់លោកប្រធានាធិបតីវ័យក្មេងបារាំង អេម៉ានុយអែល ម៉ាក្រុង ។ ទស្សនកិច្ច គឺធ្វើឡើងមុន៣ថ្ងៃ នៃការចាប់ផ្តើម បើកជំនួបកំពូលប្រទេស G20 នៅឯទីក្រុង អូសាកា ។ បើតាមការរំពឹងទុក ជំនួបរបស់លោកប្រធានាធិបតីបារាំង ជាមួយនាយករដ្ឋមន្ត្រីជប៉ុននាពេលនេះ អាចជាឱកាស ដែលបារាំង បញ្ជាក់ពីចំណងសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មជាមួយនឹងជប៉ុន ខណៈដែលប្រទេសទាំង២ហាក់មានការថ្នាំងថ្នាក់នឹងគ្នា ដោយសារតែសំណុំរឿង ពាក់ព័ន្ធនឹងអតីតអគ្គនាយកក្រុមហ៊ុន Renault-Nissan ។
សំណុំរឿង ដែលលោក អាម៉ានុយអែល ម៉ាក្រុង នឹងនិយាយជាមួយរដ្ឋាភិបាលជប៉ុន មានច្រើនណាស់ ដែលក្នុងនោះ ធំបំផុតគឺទំនាក់ទំនងសេដ្ឋកិច្ច ។ អមដំណើរជាមួយលោកម៉ាក្រុង គឺមានលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង Bruno Le Maire ដែរ ។ ជប៉ុនគឺជាប្រទេសអាស៊ី ដែលវិនិយោគច្រើនជាងគេនៅបារាំង ហើយជប៉ុនក៏គឺជាប្រទេសអាស៊ីទីពីរ បន្ទាប់ពីចិន ដែលបារាំង មានការដោះដូរពាណិជ្ជកម្មច្រើនជាងគេ ។
ជាមួយគ្នានេះជប៉ុនក៏កំពុងតែស្វែងរកបង្អែកផ្សេងពីអាមេរិក ដើម្បីការពារខ្លួន ។ យើងមិនត្រូវភ្លេចទេ ថានៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក បារាំងមានដែនដីមួយចំនួន ដូចជាតំបន់ប្រជុំកោះ ប៉ូលីណេស៊ី និងនូវែលកាឡេដូនីជាដើម ។ ដែនដីកោះទាំងនោះ បានផ្តល់សិទ្ធិឲ្យបារាំង មានតំបន់សេដ្ឋកិច្ចផ្តាច់មុខ នៅក្នុងលំហសមុទ្រ ។ បើផ្អែកតាមប្រភពព័ត៌មានពីវិមានប្រធានាធិបតីបារាំង ជាមួយនឹងជប៉ុន សហប្រតិបត្តិការរបស់បារាំង នឹងផ្អែកលើគ្រិះចំនួន៣ ក្នុងនោះមានវិស័យសន្តិសុខ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងចុងក្រោយគឺផ្នែកបរិស្ថានជីវចម្រុះ ។
ចាប់តាំងពីឆ្នាំ២០១៤មក បារាំងនឹងជប៉ុន បានបើកការប្រជុំរួមគ្នា រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ទាំងសងខាង មួយឆ្នាំម្តង ។ ប្រទេសទាំង២សុទ្ធតែមានការបារម្ភ ពីចេតនាវាទទី និងមហិច្ឆិតាយោធារបស់ចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ហេតុដូច្នេះហើយ បានជានៅឆ្នាំ២០១៦ បារាំង និងជប៉ុន បានចុះហត្ថលេខាជាមួយគ្នា ដើម្បីបើកការសហការផ្នែកកងទ័ព ធ្វើសមយុទ្ធយោធារួមគ្នា និងការផ្លាស់ប្តូរបច្ចេកវិទ្យា គ្រឿងបរិក្ខារគ្នាទៅវិញទៅមក ក្នុងវិស័យការពារជាតិនេះ៕