ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី៣០ ខែមិថុនានេះ វៀតណាម និងអឺរ៉ុបចុះកិច្ចព្រមព្រៀងពណិជ្ជកម្មដ៏សំខាន់

ចែករំលែក៖

​តាម​ការលើកឡើងរបស់ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប បោះឆ្នោត គាំទ្រ ជា​ឯកច្ឆន្ទ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ជាមួយ​វៀតណាម ។ នៅថ្ងៃទី​៣០ ខែមិថុនានេះ ភាគីទាំងពីរ នឹងចុះកិច្ចព្រមព្រៀង នៅទីក្រុង​ហាណូយ ។

ជាមួយនិងកិច្ចព្រមព្រៀងខាងលើ នឹងជួយដល់សេដ្ឋកិច្ចវៀតណាមកាន់តែរីកចំរើន​ក្នុងពេលអានាគត ។ វៀតណាម និង​សហភាព​អឺរ៉ុប​បាន​រកឃើញ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​គ្នា តាំង​ពី​ឆ្នាំ ២០១៥ ប៉ុន្តែ ប្រទេស​សមាជិក សហភាព​អឺរ៉ុប​ទើប​តែ​បោះឆ្នោត គាំទ្រ ជាផ្លូវការ នៅ​ថ្ងៃ​អង្គារ​ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ ។

លោកស្រី ស្នងការ​អឺរ៉ុប ទទួលបន្ទុក ពាណិជ្ជកម្ម បាន​និយាយ​ថា បន្ទាប់ពី​មាន​ភ្លើងខៀវ​របស់​សហភាពអឺរ៉ុប លោកស្រី និង​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស នឹង​ធ្វើ​ដំណើរ​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ជាមួយ វៀតណាម នៅទីក្រុង​ហាណូយ នៅថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០១៩ ។ បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​នៅទីក្រុង​ហាណូយ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សហភាពអឺរ៉ុប វៀតណាម នឹងត្រូវដាក់​ឲ្យ​សភាអឺរ៉ុប ថ្មី បោះឆ្នោត លើក​ចុងក្រោយ នៅ​អំឡុង​ឆ្នាំនេះ មុន​នឹង​ចូល​ជា​ធរមាន ។

កិច្ចព្រមព្រៀង ពាណិជ្ជកម្ម អឺរ៉ុប-វៀតណាម មាន​ចែង​ពីការលុបចោល ស្ទើរទាំងស្រុង (ប្រមាណ ៩៩%) អត្រា​ពន្ធគយ លើ​ផលិតផល​ទំនិញ នាំចូល​រវាង​ភាគី​ទាំងពី (សហភាពអឺរ៉ុប-វៀតណាម) ។ គេ​អាច​និយាយ​ថា នៅ​ពេល​កិច្ចព្រមព្រៀង​ចាប់អនុវត្ត​ជា​ផ្លូវការ អត្រាពន្ធ​៦៥%​លើ​ទំនិញ អឺរ៉ុប​នាំចូល​ទៅ​វៀតណាម នឹង​ត្រូវ​លុបចោល ចំណែក​អឺរ៉ុប​វិញ នឹង​លែង​យកពន្ធ​លើ​ទំនិញ វៀតណាម នាំចូល​ទៅ​អឺរ៉ុប ដែល​សព្វថ្ងៃ​នេះ មាន​ចំនួន ៧១% ។

នៅមុន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អឺរ៉ុប និង​វៀតណាម ទំហំដោះដូរ​ពាណិជ្ជកម្ម​អឺរ៉ុប និង​វៀតណាម មាន​ប្រមាណ ៥០ពាន់​លាន​អឺរ៉ូ ។ តាម​លោកស្រី ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក ពាណិជ្ជកម្ម Cecilia Malmström វៀតណាម​ជាទីផ្សារ​សំខាន់ និង​មាន​សន្ទុះខ្លាំង ជាមួយ​អតិថិជន ប្រើប្រាស់ ប្រមាណ​៩៥លាននាក់ ។

ប៉ុន្តែ សម្រាប់​ស្នងការ​អឺរ៉ុប លើស​ពីផលប្រយោជន៍​សេដ្ឋកិច្ច សហភាព​អឺរ៉ុប សំលឹង​ចង់​បាន​ផងដែរ ការគោរព សិទ្ធិមនុស្ស ការការពារ​បរិស្ថាន ហើយ​ និង​សិទ្ធិ​របស់​ពលករ នៅទឹកដី​វៀតណាម ។

លោកស្រី​Cecilia Malmström ផ្ទាល់​ធ្លាប់​បាន​សំដែង​ការព្រួយបារម្ភ​ពីការរំលោភ សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅ​វៀតណាម ជាទី មន្រ្តីរដ្ឋការ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ត្រូវ​អាជ្ញាធរ​ចាប់ដាក់ពន្ធនាគារ ក្នុង​បទចោទប្រកាន់ ប្រព្រឹត្ត​អំពើពុករលួយ ។ “កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​មិនធ្វើ​ឲ្យ​វៀតណាម​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទាំងស្រុង ក្នុង​ពេល​តែ​មួយ ថ្ងៃ​នោះទេ” នេះ​ជា​ប្រសាសន៍​របស់​លោកស្រី ស្នងការ​អឺរ៉ុប ទទួល​បន្ទុក​ពាណិជ្ជកម្ម ៕


ចែករំលែក៖