ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន រួចក៏វ៉ាក់អើជាមួយនឹងរថយន្តកុងទីន័រមួយគ្រឿងទៀត ដែលបើកឆ្លងផ្លូវ ហើយបានចាប់ហ្វ្រាំង បណ្តាលឲ្យដួលអូសចូលទៅក្រោមកង់រថយន្តកិនស្លាប់ម្នាក់ និងរងរបួសម្នាក់ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម កែងនិងផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ថា ហ្សេន ហ្សាលី អាយុ២២ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរ ជាងដែក ស្នាក់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះដែលរងរបួស មានឈ្មោះ មាន សុភឿន អាយុ២៨ឆ្នាំ មុខរបរ ជាងសំណង់ មានស្រុកកំណើតនៅភូមិព្រែកផ្តៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថានៅមុនពេលកេីតហេតុគេឃេីញមានរថយន្តដឹកកុងទីន័រមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្ទៃមេឃលាយស ពាក់ស្លាកលេខ ភ្នំពេញ 3D-0298 ធ្វើដំណើរតាមបណ្តោយផ្លូវសម្ដេច ជាស៊ីម ក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ ជាផ្លូវបែកជាបួន រថយន្តបានបើកឆ្លងកាត់ផ្លូវ២០១១ ឆ្ពោះទៅផ្លូវលំខាងមុខ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-3794 ។ បើកបរដោយបុរសទាំងពីរនាក់ តាមបណ្ដោយផ្លូវលេខ២០១១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះ ដោយម៉ូតូវ៉ាក់អើជាមួយនឹងរថយន្ត ចាប់ហ្វ្រាំង បណ្តាលឲ្យដួលអូសម៉ូតូរួមទាំង ជនរងគ្រោះម្នាក់ ចូលក្រោមរថយន្តកុងទីន័រកិនចំពាក់កណ្តាលខ្លួនរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិក សម្ភពរស្មី ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែជាអកុសល ខណៈទៅមន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ចំណែកបុរសម្នាក់ទៀត រងរបួសបែកមុខបែកមាត់ ចំណែកឯម៉ូតូរងការខូចខាតបន្តិចបន្តួច។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ ទាក់ទងហៅសមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចទាក់ទងស្វែងរកសាច់ញាតិក្រុមគ្រួសារ និងបានប្រគល់សពជនងគ្រោះឲ្យដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តកណ្តាល ៕ ជ្រោយពេជ្រ