ខេត្តកំពង់ធំ៖ រថយន្តដឹកឈើ១គ្រឿង និងគោយន្តកន្ត្រៃដឹកឈើមូល២គ្រឿង ត្រូវបាន សង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ សហការជាមួយកងរាជអាវុធហត្ថស្រុកបារាយណ៍ និងមន្ត្រីអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បង្រ្កាបរួមទាំងវត្ថុតាងបទល្មើសព្រៃឈើ ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូន ដោយគ្មានច្បាប់អនុញ្ញាត កាលវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩។
តាមការឲ្យដឹងពីមន្រ្តីពីសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ បានឲ្យដឹងថា កម្លាំងចម្រុះបានធ្វើការឃាត់បាន រថយន្តមួយគ្រឿង ម៉ាកSUMYONG ពណ៌លឿងដឹកឈើអារប្រភេទលេខ3 សរុបចំនួន៣០០សន្លឹក ស្មើ1, 440 ម៉ែត្រគូប ចាប់នៅចំណុចលើផ្លូវជាតិលេខ6 ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ចំណែកគោយន្តកន្ត្រៃ ម៉ាកKUBOTA មានឈើចម្រុះចំនួន១០ដើម និងឈើប្រវែង២ម ចំនួន៨ដើម សរុប១៨ ដើម ចាប់នៅចំណុចលើផ្លូវជាតិលេខ6 ភូមិត្រពាំងស្នាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។
ចំណែក នៅថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចចម្រុះ បានចាប់គោយន្តកន្ត្រៃ ម៉ាកKUBOTA ១គ្រឿងទៀត បានដឹកឈើប្រភេទលេខ2 ប្រវែង៤ម សរុបចំនួន៩ដើមចាប់នៅលើផ្លូវជាតិលេខ6 ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ វត្ថុតាងទាំងអស់ថែរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រង់ចាំឲ្យភាគីម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ ប៊ុនរិទ្ធី