ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យជាករណីរំលោភសម្លាប់ សាកសពម្នាក់ត្រូវបានគេដុតចោលនៅក្បែរវិមានឈ្នះ ឈ្នះ

ចែករំលែក៖

ភ្នំពេញ ៖ សាកសពម្នាក់ត្រូវឃាតករមិនស្គាល់មុខដុតស្លាប់ចោលឡើងរួញខ្មៅ សង្ស័យជាស្រ្តី បន្ទាប់ពីឃើញអាវត្រនាប់នៅក្បែសព ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅម៉ោង៩យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចដីឡូត៍មួយកន្លែង ខាងជើងវិមានឈ្នះឈ្នះ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ទំនងជាស្រ្តី ត្រូវបានជនសង្ស័យរំលោភ វ៉ៃសម្លាប់ហើយដុតចោលតែម្តង ពីព្រោះមានបន្សល់ទុកនៅអាវត្រនាប់ក្បែរសាកសព ចម្ងាយមួយម៉ែត្រ និងដែកទីពប្រវែងប្រហែល៦តឹកចំនួន៤កំណាត់ ។

តាមសម្តីកម្មករបូមខ្សាច់ម្នាក់ដែលធ្វើការនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុឃើញមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ កម្មករទាំងនោះក៏បាននាំគ្នាទៅមើលក្រែងលោឆេះព្រៃ ក៏ប្រទះឃើញថា ជាសាកសពហើយនាំគ្នារត់ចេញ ពីកន្លែងកើតហេតុ រួចរាយការណ៏ប្រាប់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ក៏បាន យកទឹកទៅជះឲ្យរលត់តែ សពឆេះខ្លោចរួញស្លាប់ទៅហើយ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យមកពិនិត្យដោយសារកន្លែងកើតហេតុ មានភ្លៀងរលឹមផង សមត្ថកិច្ចបានឲ្យរថយន្តដឹកសពយកទៅដម្កល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំពេលព្រឹកពិនិត្យ ម្តងទៀត ៕ ជ្រោយពេជ្រ


ចែករំលែក៖