ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លោក វេង សាខុន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួប ៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) ដែលរៀបចំនៅ ក្នុងបរិវេណអនុវិទ្យាល័យគានជ្រៃដោយមានសមាជិក សមាជិកាអញ្ជើញចូលរួមប្រមាណ ១៤៥០នាក់ អញ្ជើញមកពីឃុំរអាង គានជ្រៃ រំចេក និងហាន់ជៃ នៃស្រុកកំពង់សៀម។
នាឱកាសជាប្រវត្តិសាស្ត្រនេះ លោកប្រធានក្រុមការងារ បានលើកយកប្រវត្តិសង្ខេបនៃការចាប់ បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជាមកជម្រាបជូនអង្គពិធីជាបន្តបន្ទាប់។ ចាប់តាំងថ្ងៃបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍប្រទេសពីដំណាក់កាលមួយមកដំណាក់កាលមួយ។ ១៩៧៩-២០១៩ ៤០ឆ្នាំបានកន្លងមកគណបក្ស ប្រជាជនកម្ពុជាបានរំដោះប្រទេសចេញពីវាលពិឃាត ពីសង្គ្រាមស៊ីវិលរាំរ៉ៃ កសាងប្រទេសចាប់ពីចំណុចសូន្យ ក្រីក្រ ខ្វះស្បៀង មកជាប្រទេសមានសុខសន្តិភាព ឯករាជ្យជាតិ សេរីភាព ប្រជាធិប តេយ្យ នីតិរដ្ឋធម្មនុញ្ញ មានអំណាច និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយពិភព លោកស្មើមុខស្មើមាត់។ ប្រទេសជាតិទទួលបានជោគជ័យយ៉ាងធំធេងនូវដំណើរការសន្តិភាវូបនី យកម្មតាមរយ:ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាម ស៊ីវិល តំបន់អភិគម ការបែកបាក់រវាងខ្មែរនិងខ្មែរ បង្កើតបានសុខសន្តិភាពនៅទូទាំងផ្ទៃប្រទេស។
លោក ប្រធានបានលើកយកសារសំខាន់ៗទាំង ១៦ចំណុចរបស់សម្តេចតេជោ មកជម្រាបជូនអង្គពិធីជ្រាបមានន័យតភ្ជាប់ទៅនឹងសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសដែលយើងមាន បានផ្តល់ឱកាសឲ្យគណ:បក្សប្រជាជនធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ទាំងវិស័យពុទ្ធចក្រ និងអា ណាចក្រជាអាទិ៍÷ សាលារៀនគ្រប់កម្រិត វត្តអារាម មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រោងចក្រ សហគ្រាស សំណង់អាគាររដ្ឋបាល វប្បធម៌ និងសេដ្ឋកិច្ចដុះស្កឹមស្កៃទូទាំងផ្ទៃប្រទេស ការវិនិ យោគ ការរីកចម្រើនវិស័យកសិកម្ម ទេសចរណ៍ ថាមពល និងជាពិសេសកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ។ល។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយកំណែទម្រង់ផ្ទៃស៊ីជម្រៅ និងអភិក្រមទាំង០៥ សំដៅកែលម្អការប្រកួតប្រជែង អភិវឌ្ឍធនធានមនុស្ស រក្សាកំណើនសេដ្ឋកិច្ច បង្កលក្ខណ:អំណោយផលក្នុងការវិនិយោគក្នុងគោលដៅធានានូវចីរភាព និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដើម្បីប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមក្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។
ក្រៅពីនេះ លោកប្រធានក៏បានលើកយកយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសទាំង ០៧ចំណុច របស់សម្តេចមកគូសបកស្រាយជូនសមាជិក សមាជិកាផងដែរ ដែលមានន័យជារួមដំដៅដល់ការប្តេជ្ញាចិត្តបន្តខិតខំកសាង ការពារ និងអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាជន បន្តអនុវត្តគោលដៅអភិវឌ្ឍគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព បន្តពង្រឹងនិងពង្រីកសេវាសង្គមកិច្ចសម្រាប់ជនងាយរងគ្រោះ លើកកម្ពស់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បន្តជំរុញធ្វើសមាហរណកម្មកម្ពុជាជាមួយសហគមន៍អន្តរជាតិទាំងក្របខណ្ឌតំបន់ និងពិភពលោក។ល។ លោកបានបញ្ជាក់ថា សមិទ្ធផលយ៉ាងធំធេងដែលគណបក្សប្រជាជនសម្រេចបានគឺមិនអាចខ្វះបានពីការចូលរួម ការគាំទ្រអស់ពីដួងចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ចាប់តាំងពីថ្ងៃបដិសន្ធិ រហូតមកទល់បច្ចុប្បន្ន។ ហេតុដូច្នេះ ក្នុងនាមឲ្យគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល លោកបានស្នើសុំឲ្យបងប្អូនខិតខំអនុវត្តឲ្យបានសម្រេចនូវគោលនយោបាយអភិវឌ្ឍប្រទេសជាតិ និងជាពិសេសបន្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម លើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីផ្ទៃក្នុង និងឯកភាពជាតិ ស្រឡាញ់ និងបម្រើប្រជាជនឲ្យអស់ពីចិត្តថ្លើម (សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់)៕ សិលា