អ៊ីស្រាអែលអាចនិយាយបានថា ជាប្រទេស ដែលមានប្រព័ន្ធការពារ មីស៊ីលដ៏ទំនើបបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ មិនតែប៉ុណ្ណោះ អីស្រាអែល មានអាមេរិក ការពារពីក្រោយទៀត ជួយឲ្យរនាំងការពារអ៊ីស្រាអែលកាន់តែរឹងមាំពីបាកនៅក្នុងការវាយទម្លុះ ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានព្រមាន ថានឹងកម្ទេចអ៊ីស្រាអែលទាំងមូលក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះ ។ ទាំងនោះគឺជារឿងស្រមៃខ្លាំងពេកហើយ ដោយអីស្រាអែល មានប្រព័ន្ធការពារ ប្រកាសអាសន្ន អាចកម្ទេចរាលមីស៊ីលដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ។
ក្រុមអ្នកជំនាញបានលើកឡើងថា ការប្រកាសខាងលើរបស់អ៊ីរ៉ង់ គឺហួសពីការពិតហើយ ដោយអ៊ីស្រាអែលជាប្រទេសតូច ពលរដ្ឋតិច តែយុទ្ធសាស្ត្រការពារ របស់ប្រទេសនេះរឹងមាំខ្លាំងណាស់ ។ ប៉ុន្តែបច្ចុប្បន្នអ៊ីរ៉ង់ក៏មានកម្លាំងទាហាន និងសព្វាវុធទំនើបៗជាច្រើន ដែលអាចវាយទម្លុះរនាំការពាររបស់អ៊ីរ៉ង់បាន ។
ក្រុមអ្នកឯកទេសលើកឡើងថា អ៊ីរ៉ង់មិនត្រូវភ្លេចថា កាលពីអតីតកាល អីស្រាអែល តែម្នាក់ឯងប៉ុណ្ណោះ បានយកឈ្នះ សម្ព័ន្ធមិត្ត អារ៉ាប់ដែលមាន ដល់ទៅ ៦ប្រទេសរួមគ្នា ហើយប្រទេសទាំង៦រួមគ្នា ខ្លាំងជាង កម្លាំងទាហានបដិវត្តន៍អីស្លាមអ៊ីរ៉ង់ជាច្រើនដង ។ ទាំងនោះហើយការកម្ទេចអ៊ីស្រាអែលឲ្យទៅជាផេះមិនមែនជារឿងងាយស្រួលនោះឡើយ ។
លើសពីនេះទៅទៀត អ៊ីស្រាអែលមានក្បាលគ្រាប់បរមាណូ ជាច្រើន ដែលអាចកម្ទេចអ៊ីរ៉ង់ បានគ្រប់ពេលវេលា ។ ចំណែកអ៊ីរ៉ង់វិញកំពុងស្ថិតនៅក្នុងដំណាក់កាលចម្រើនសារធាតុអ៊ុយរ៉ានិញ៉ម សម្រាប់បរមាណូប៉ុណ្ណោះ ។
បើទោះបីបែបណាក្តី ពេលថ្មីៗនេះអ៊ីរ៉ង់បានព្រមានថានឹងកម្ទេចអ៊ីស្រាអែល ឲ្យទៅជាផេះក្នុងរយៈពេល៣០នាទី ប្រសិនបើអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះ ។ ការព្រមានខាងលើកើតឡើងក្រោយពេលដែលអាមេរិក -អ៊ីរ៉ង់ប្រឈមុខតានតឹង ដាក់គ្នា កាន់តែខ្លាំង អាចឈានដល់ការផ្ទុះសង្គ្រាម ។
លោក Zolnour មន្ត្រីយោធាជាន់ខ្ពស់ អ៊ីរ៉ង់បានបញ្ជាក់ថា«ប្រសិនបើអាមេរិកវាយប្រហារយើងនោះ អ៊ីស្រាអែល អាចស្ថិតស្ថេរបានតែកន្លះម៉ោង ប៉ុណ្ណោះ» ។
អ៊ីស្រាអែលគឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ របស់អាមេរិក និងជាសត្រូវ ធំបំផុតរបស់អ៊ីរ៉ង់ ក្នុងតំបន់ ។ ក្រុមអ្នកឯកទេសវិភាគធ្លាប់បានលើកឡើងថា អាចនឹងមានសង្គ្រាមរវាងអ៊ីរ៉ង់នឹងអ៊ីស្រាអែលផ្ទុះឡើងក្នុងពេលខាងមុខ ។ កាលពីឆ្នាំ២០១៨លោកត្រាំបានសម្រេច បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូដោយចាត់ទុកថាកិច្ចព្រមព្រៀងនោះមិនមានតម្លាភាព ។ ក្នុងពេលជាមួយគ្នានោះអ៊ីរ៉ង់បានបញ្ជាក់ថា កម្មវិធីបរមាណូ ក្នុងគោលដៅសន្តិភាពតែប៉ុណ្ណោះ ។
កាលពីថ្ងៃទី១ខែកក្កដា អ៊ីរ៉ង់បានប្រកាសថា នឹង ចម្រើនសារធាតុ អ៊ុយរ៉ានីញម លើសពីចំនួន៣០០គីឡូក្រាម ជាជំហានដំបូងដែលអ៊ីរ៉ង់អាចផលិត គ្រាប់បែកបរមាណូ ។
សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការប្រឈមមុខតានតឹងដាក់គ្នារវាងអាមេរិក និងអ៊ីរ៉ង់ ហើយភាពតានតឹងនោះមិនត្រូវបានលើកមកពិភាក្សាជាលក្ខណអន្តរជាតិ នៅក្នុងកិច្ចប្រជុំG-20 នាពេលកន្លងមក ធ្វើឲ្យបារម្ភកាន់តែខ្លាំងពីសង្គ្រាមវាយប្រហារដោយអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខ ។
ចំណែកប្រធានាធិបតីអាមេរិកដូណាលត្រាំវិញបានលើកឡើងថា អ៊ីរ៉ង់កំពុងលេងជាមួយភ្លើង ។ រដ្ឋាភិបាលអ៊ីរ៉ង់កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានប្រកាសថា ខ្លួនបានចាប់ផ្ដើមចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូម លើសពី៣០០គីឡូក្រាម ដែលជាកម្រិតត្រូវ បានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ ការប្រកាសបែបនេះ បាននាំឲ្យមានការចេញព្រមានមួយទៀត ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា ទីក្រុងតេអេរ៉ង់កំពុងតែលេង«ជាមួយភ្លើង» ។
នេះជាការប្រកាសអំពីការវិវឌ្ឍន៍ថ្មីៗបំផុត និងឆ្ពោះទៅរកការប្រឈមមុខតានតឹងដាក់គ្នា កាន់តែខ្លាំងរវាងអាមេរិក និងអីរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាងមួយឆ្នាំកន្លងមក ហើយ និងប្រកាសដាក់ទណ្ឌអ៊ីរ៉ង់ ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានថ្លែងថា អ៊ីរ៉ង់មិនបានរំលោភលើកិច្ចព្រមនុយក្លេអ៊ែរនោះឡើយ ហើយថា ការដែលអ៊ីរ៉ងចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបន្ថែមនេះ ក៏ព្រោះតែខ្លួននៅមានសិទ្ធិដើម្បីឆ្លើយតបការដើរចេញរបស់អាមេរិកពីកិច្ចព្រមពៀងនោះ ។
សារព័ត៌មានអ៊ីរ៉ង់ Fars បានផ្សាយថា ប្រទេសនេះបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងស្តុកទុកលើសពី៣០០គីឡូក្រាម ដែលបានកំណត់តាមរយៈកិច្ចព្រមព្រៀងនោះហើយ ។
ក្រុមឃ្លាំមើលបញ្ហានុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺអង្គការ IAEA បានបញ្ជាក់ថា ទីក្រុងតេងអ៊េរ៉ង់បានរំលោភលើអ្វីដែលបានកំណត់នោះហើយ ។
សារព័ត៌មាន aljazeera បានផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ថា លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅពេលត្រូវបានសួរថា តើលោកមានបានផ្ញើលិខិតអ្វីមួយសម្រាប់អ៊ីរ៉ង់ដែរឬទេ? លោកបានឆ្លើយថា «ទេ គ្មានលិខិតសម្រាប់អ៊ីរ៉ង់ឡើយ ។ ពួកគេដឹងនូវអ្វីដែលពួកគេកំពុងតេធ្វើយហើយ ។ ពួកគដឹងនូវអ្វីដែលពួកគេកំពុងតែលេងនោះហើយ ៗខ្ញុំគិតថា ពួកគេកំពុងតែលេងជាមួយនឹងភ្លើង ។ ដូច្នេះ គ្មានសារអ្វីទាំងអស់សម្រាប់អ៊ីរ៉ង់ឡើយ» ៕