ចែភក្តិ និងបុរសជាដៃគូ ឈ្មោះ ណាក់ នៅតែជាអ្នកដែលមានឥទ្ធិពលខ្លាំងជាងគេ ក្នុងការឈរជើងទិញឈើប្រណីត នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ដោយមានការជួយជ្រោមជ្រែងសម្របសម្រួលពីមន្ត្រីបរិស្ថានឈ្មោះ ជួន ភាព ការទិញឈើដែលប្រជាពលរដ្ឋដឹកចេញពីតំបន់ព្រៃការពារអភិរក្សភ្នំក្រវាញ ខេត្តពោធិ៍សាត់នោះ ចែភក្តិ និងដៃគូ គឺលោកណាក់ គ្រាន់តែដូរទីតាំងឈរជើងទិញឈើម្តងត្រង់នេះ ម្តងត្រង់នោះ មុំៗក្បែរចំការតាលី ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ។ សកម្មភាពនៃការទិញឈើទាំងនេះត្រូវបានគាំពារដោយមន្ត្រីបរិស្ថានលោក ជួន ភាព ក៏ដូចជាឈ្មួញល្បីឈ្មោះ ផាន់នី ដែលជាអ្នករកស៊ីឈើនៅតំបន់នោះដែរ ។
ប្រភពរាយការណ៍ថា ឈ្មួញឈ្មោះ ផាន់នី ក្រៅតែពីរកស៊ីដឹកឈើខ្លួនឯង គាត់ក៏ជាអ្នកកាងរត់ផ្លូវឲ្យចែភក្តិ ផងដែរ ។ លោកផាន់នី ជាអ្នកដែលស្គាល់សមត្ថកិច្ចប្រដាប់អាវុធច្រើននៅតាមដងផ្លូវ ដូច្នេះចែភក្តិ ត្រូវការការជួយសម្របសម្រួលពីលោក ផាន់នី ក្នុងរបររកស៊ីដឹកឈើខុសច្បាប់នេះ ។ ប្រភពរាយការណ៍ថា ចែភក្តិ បានឈរជើងទិញឈើប្រណីតប្រភេទធ្នង់, នាងនួន… ពីប្រជាពលរដ្ឋដែលដឹកចេញពីតំបន់អភិរក្សភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ។ ពីមុន គាត់ឈរទិញឈើនៅនឹងចិញ្ចើមផ្លូវជាចំហរ ប៉ុន្តែឥឡូវបានបោះទីតាំងចូលក្រោយដីចម្ការ ដើម្បីលាក់បាំងពីភ្នែកសមត្ថកិច្ចខ្លះៗ ជាពិសេស ពីភ្នែកអ្នកកាសែត ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ចែភក្តិបានឈរទិញឈើថ្លឹងគីឡូនៅចំណុចក្បែរចម្ការតាលី រីឯពួកមន្ត្រីបរិស្ថានបានឈរជើងនៅក្បែរនោះ ។ ប្រភពរាយការណ៍ថា មន្ត្រីបរិស្ថានបានគៀងគរប្រជាពលរដ្ឋឲ្យដឹកឈើមកលក់ឲ្យចែភក្តិ ។ ពួកមន្ត្រីបរិស្ថានបានឈរជើងនៅចំណុចអគារថ្ម អតីតទីតាំងដែលក្រុមហ៊ុនចិនធ្វើអាងទំនប់ទឹកទីបី ។ សកម្មភាពរបស់ចែ ភក្តិ ត្រូវគេអះអាងថា មិនមានការថមថយនោះឡើយ ។ អាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកភ្នំក្រវាញ ក៏ក្លាយទៅជាអ្នកសម្របសម្រួលក្នុងរបររកស៊ីរបស់ចែភក្តិ និងដៃគូ គឺលោក ណាក់ នេះដែរ ។ ពួកមន្ត្រីរដ្ឋបាលព្រៃឈើអះអាងថា បទល្មើសទាំងនោះមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទេ ដូច្នេះ គឹចាំតែយកលុយពីចែភក្តិប៉ុណ្ណោះ ពីព្រោះឈើទាំងនោះត្រូវបានដឹកចេញពីតំបន់បរិស្ថាន ៕