ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ចែភក្តិ ឈរជើងយ៉ាងរឹងមាំ​ទិញឈើ​នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ចែភក្តិ និងបុរសជាដៃគូ ឈ្មោះ ណាក់ នៅតែ​ជាអ្នកដែលមាន​ឥទ្ធិពលខ្លាំងជាងគេ ក្នុងការឈរជើងទិញឈើ​ប្រណីត នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ដោយមានការជួយជ្រោមជ្រែងសម្របសម្រួល​ពីមន្ត្រីបរិស្ថានឈ្មោះ ជួន ភាព ការទិញឈើ​ដែលប្រជាពលរដ្ឋដឹកចេញពី​តំបន់​ព្រៃការពារ​​អភិរក្សភ្នំក្រវាញ ខេត្តពោធិ៍សាត់នោះ ចែភក្តិ និងដៃគូ គឺលោកណាក់ គ្រាន់តែដូរទីតាំងឈរជើងទិញឈើ​ម្តងត្រង់នេះ ម្តងត្រង់នោះ មុំៗ​ក្បែរចំការ​តាលី ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ។ សកម្មភាព​នៃការទិញឈើ​ទាំងនេះត្រូវបានគាំពារដោយ​មន្ត្រីបរិស្ថានលោក ជួន ភាព ក៏ដូចជាឈ្មួញល្បីឈ្មោះ ផាន់នី ដែលជាអ្នករកស៊ីឈើ​នៅតំបន់នោះដែរ ។

ប្រភពរាយការណ៍ថា ឈ្មួញឈ្មោះ ផាន់នី ក្រៅតែពីរកស៊ីដឹកឈើខ្លួនឯង គាត់ក៏ជាអ្នកកាងរត់ផ្លូវឲ្យចែភក្តិ ផងដែរ ។ លោកផាន់នី ជាអ្នក​ដែលស្គាល់សមត្ថកិច្ចប្រដាប់អាវុធច្រើននៅតាមដងផ្លូវ ដូច្នេះចែភក្តិ ត្រូវការ​ការជួយសម្របសម្រួលពីលោក ផាន់នី ក្នុងរបររកស៊ីដឹកឈើ​ខុសច្បាប់នេះ ។ ប្រភពរាយការណ៍ថា ចែភក្តិ បានឈរជើង​ទិញឈើប្រណីត​ប្រភេទធ្នង់, នាងនួន… ពីប្រជាពលរដ្ឋដែលដឹកចេញពីតំបន់​អភិរក្សភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ។ ពីមុន គាត់ឈរទិញឈើ​នៅ​នឹង​ចិញ្ចើមផ្លូវជាចំហរ ប៉ុន្តែឥឡូវបានបោះទីតាំងចូលក្រោយដីចម្ការ ដើម្បីលាក់បាំងពីភ្នែកសមត្ថកិច្ចខ្លះៗ ជាពិសេស ពីភ្នែក​អ្នកកាសែត ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ចែភក្តិ​បានឈរទិញឈើ​ថ្លឹងគីឡូនៅចំណុចក្បែរចម្ការតាលី រីឯពួកមន្ត្រីបរិស្ថាន​បានឈរជើង​នៅក្បែរនោះ ។ ប្រភពរាយការណ៍ថា មន្ត្រីបរិស្ថាន​បានគៀងគរ​ប្រជាពលរដ្ឋឲ្យដឹកឈើ​មកលក់​ឲ្យចែភក្តិ ។ ពួកមន្ត្រីបរិស្ថាន​បានឈរជើង​នៅចំណុចអគារថ្ម អតីត​ទីតាំងដែល​ក្រុមហ៊ុនចិនធ្វើអាងទំនប់ទឹកទីបី ។ សកម្មភាពរបស់ចែ ភក្តិ ត្រូវគេអះអាងថា មិនមានការថមថយ​នោះឡើយ ។ អាជ្ញាធរ​មានសមត្ថកិច្ច​ក្នុងស្រុក​ភ្នំក្រវាញ ក៏ក្លាយទៅជាអ្នកសម្របសម្រួល​ក្នុងរបររកស៊ីរបស់ចែភក្តិ និងដៃគូ គឺលោក ណាក់ នេះដែរ ។ ពួកមន្ត្រីរដ្ឋបាលព្រៃឈើ​អះអាងថា បទល្មើសទាំងនោះ​មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទេ ដូច្នេះ គឹចាំតែយកលុយ​ពីចែភក្តិប៉ុណ្ណោះ ពីព្រោះឈើទាំងនោះ​ត្រូវបានដឹកចេញពីតំបន់បរិស្ថាន ៕


ចែករំលែក៖