ភ្នំពេញ៖ Grab ដែលជាកម្មវិធីទូរស័ព្ទ ឈានមុខគេមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរៀបចំកម្មវិធីថ្លែងអំណរគុណដៃគូបើកបរម៉ូតូកង់បី និងរ៉ឺម៉ក (GrabTukTuk និង GrabRemork) ឆ្នើម ចំនួន១០០នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ កាលពីថ្ងៃសៅរ៍ កន្លងទៅ ។ ដៃគូបើកបរឆ្នើម ដែលបានចូលរួមទាំងអស់ ទទួលរង្វាន់លើកទឹកចិត្ត និងឱកាសឈ្នះរង្វាន់ពីឆ្នោតផ្សងសំណាងដូចៗគ្នា ។ ក្រៅពីនេះ ពួកគាត់ក៏ទទួលបានការណែនាំ លើមុខងារសំខាន់ៗក្នុងកម្មវិធីរបស់ Grab ដែលជួយឲ្យពួកគាត់ទទួលបានប្រាក់ចំណូលបន្ថែម ។
ដៃគូបើកបរឆ្នើមជាងគេបំផុតចំនួន៣នាក់របស់ Grab ត្រូវបានផ្តល់បណ្ណចាក់ហ្គាសក្នុងចំនួនទឹកប្រាក់១៥០ដុល្លារ ១០០ដុល្លារ និង៨០ដុល្លារ ជារង្វាន់លើកទឹកចិត្តបន្ថែម ។ អ្នកបើកបរផ្សេងទៀត ក៏បានឈ្នះបណ្ណចាក់ហ្គាសក្នុងចំនួនទឹកប្រាក់២០ដុល្លារ និងរង្វាន់ជាច្រើនផ្សេងទៀត ពីការចាប់ឆ្នោតផ្សងសំណាង ផងដែរ ។
លោកប៉ាត អាង ជាដៃគូបើកបរម៉ូតូកង់បី ដែលបានភ្ជាប់កម្មវិធី Grab អស់រយៈពេលជិត១ឆ្នាំ ត្រូវបានជ្រើសរើសជាដៃគូបើកបរឆ្នើមបំផុតប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្នុងកម្មវិធីថ្លែងអំណរគុណនេះ ដោយផ្អែកទៅលើកត្តាជាច្រើន ក្នុងនោះរួមមាន ការវាយតម្លៃខ្ពស់របស់ភ្ញៀវ អត្រានៃការទទួលការងារខ្ពស់ អត្រានៃការលុបចោលការកក់ទាប និងចំនួននៃការដឹកដ៏ច្រើន ។
លោកអាង បាននិយាយថា៖ «Grab គឺជាក្រុមហ៊ុនដ៏ល្អមួយ ។ ចាប់តាំងពីខ្ញុំបានភ្ជាប់ជាមួយនឹងកម្មវិធីរបស់ Grab ខ្ញុំបានទទួលចំណូលច្រើន ។ នៅពេលដែលខ្ញុំបានក្លាយជាដៃគូបើកបរពិសេសរបស់ Grab ក្រុមហ៊ុននេះ បានចាប់ផ្តើមជួយខ្ញុំឲ្យទទួលបានភ្ញៀវកាន់តែច្រើន ។ ក្រុមហ៊ុននេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដើម្បីលើកទឹកដល់ឲ្យអ្នកបើកបរ ដូចជារង្វាន់លួងចិត្តជាដើម» ។
លោកសៀ ស៊ីថាន ដែលជាប់ជាដៃគូបើកបរឆ្នើមបំផុតចំណាត់ថ្នាក់លេខ២ បានចែករំលែកគន្លឹះសំខាន់ៗដល់អ្នកបើកបរផ្សេងទៀត អំពីវិធីសាស្ត្រក្នុងការទទួលបានអត្ថប្រយោជន៍ផ្សេងៗពីការប្រើប្រាស់កម្មវិធី Grab ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ដែលក្រុមហ៊ុន Grab បានរៀបចំកម្មវិធីនេះ ។ កម្មវិធីថ្លែងអំណរគុណនេះ នឹងលើកទឹកចិត្តឲ្យអ្នកបើកបរ ខិតខំធ្វើការងារកាន់តែខ្លាំង ហើយការខិតខំនេះក៏នឹងជួយឲ្យពួកគាត់ទទួលបានចំណូលកាន់តែច្រើន ផងដែរ ។ អ្នកបើកបរគួរតែមានចរិតល្អ និងស្លៀកពាក់ឲ្យបានសមរម្យ ។ ប្រសិនបើគាត់ចង់ឲ្យអ្នកដំណើររីករាយនឹងការធ្វើដំណើរ គាត់មិនគួរធ្វើឲ្យមានក្លិនអាក្រក់ក្នុងម៉ូតូកង់បីរបស់គាត់ឡើយ ហើយត្រូវតែរួសរាយរាក់ទាក់» ។
ក្រុមហ៊ុន Grab បញ្ជាក់ថា ប្រសិនបើដៃគូបើកបរប្រើប្រាស់កម្មវិធី Grab តែមួយ ដៃគូបើកបរទាំងអស់ អាចរកចំណូលបានច្រើនជាងមុន អាចតាមដានចំណូលរបស់ខ្លួនបានច្បាស់លាស់ និងអាចប្រើប្រាស់មុខងារផ្សេងរបស់កម្មវិធីដើម្បីចំនេញពេលវេលា និងសុវត្ថិភាពរបស់ខ្លូន ។
អ្នកស្រីហេង សុធាវី ដែលជាអ្នកតំណាងឲ្យក្រុមហ៊ុន Grab ក្នុងកម្មវិធីនេះ បានឲ្យដឹងថា៖ «យើងកំពុងតែបន្ថែមមុខងារពិសេសថ្មីៗជាច្រើន ចូលក្នុងកម្មវិធីទូរសព្ទនេះ ដើម្បីជួយឲ្យដៃគូបើកបររបស់យើង អាចធ្វើការកាន់តែមានប្រសិទ្ធិភាព រកបានចំណូលបានកាន់តែច្រើន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ក្នុងនោះរាប់បញ្ចូលទាំងរង្វាន់ និងការលើកទឹកចិត្តផ្សេងៗ» ។ អ្នកស្រី បានបន្តថា៖ «តាមរយៈមុខងារពិសេសៗជាច្រើនដូចជា Back-to-Back ដែលអនុញ្ញាតឲ្យដៃគូបើកបរ ទទួលយកការកក់អ្នកដំណើរថ្មី នៅពេលពួកគាត់កំពុងតែដឹកអ្នកដំណើរម្នាក់ផ្សេងទៀត ឬកម្មវិធី My Destination ដែលនឹងជួយឲ្យអ្នកបើកបរ ទទួលបានការកក់ពីអ្នកដំណើរ ដែលត្រូវទៅគោលដៅដូចគ្នាជាមួយនឹងអ្នកបើកបរ ដៃគូបើកបររបស់យើង អាចចាប់ផ្តើមស្វែងរកបន្ថែមអំពីមុខងារនីមួយៗ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មវិធី Grab ដែលកម្មវិធីផ្សេងទៀត មិនអាចផ្តល់ឲ្យ» ។ អ្នកស្រី បានបន្ថែមទៀតថា៖ «ការបង្កើតឱកាសរកចំណូលសម្រាប់ដៃគូបើកបររបស់យើង គឺជាផ្នែកសំខាន់មួយនៃទស្សនវិស័យរបស់ Grab នៅកម្ពុជា ខណៈដែលក្រុមហ៊ុន កំពុងផ្តល់ជូនអតិថិជននូវសេវាកម្ម ដឹកជញ្ជូន ដែលមានតម្លៃសមរម្យជាងគេ ការសន្សំពិន្ទុប្តូររង្វាន់ និងមុខងារសុវត្ថិភាព ជាពិសេសជាច្រើន ដែលកម្មវិធីផ្សេងមិនអាចធ្វើបាន»៕វឌ្ឍនា