សមាជិកក្រុមនាវឹកនៅក្នុងនាវាមុជទឹកទាំង១៤នាក់ របស់រុស្ស៊ីបានស្លាប់ទាំងអស់ ដោយសារតែ គ្រោះថ្នាក់ផ្ទុះឆេះនៅខាងក្នុងនាវាមុជទឹកសម្រាប់ស្រាវជ្រាវនៅសមុទ្រទឹកជ្រៅ បណ្តាលឲ្យនាវឹកថប់ដង្ហើមស្លាប់ ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានដកស្រង់ប្រសាសន៍របស់មន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ថា អគ្គិភ័យបានកើតឡើងទៅលើនាវាមុជទឹករបស់រុស្ស៊ីមួយគ្រឿង នៅក្រោមទឹកសមុទ្រ បណ្តាលឲ្យស្លាប់សមាជិកនាវិកសរុប១៤នាក់ ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass បានផ្សាយថា កងកម្លាំងនាវាមុជទឹកដែលបានបាត់បង់ជីវិតនោះ គឹដោយសារតែការថប់ដង្ហើមជាមួយនឹងផ្សែង បន្ទាប់ពីមានហេតុការណ៍ភ្លើងឆេះ នៅក្នុងនាវាមុជទឹកនោះ ។ នាវាមុជទឹកនេះបាន និងកំពុងប្រតិបត្តិការស្រាវជ្រាវ នៅក្នុងដែនទឹករបស់ប្រទេសរុស្ស៊ី ។
សារព័ត៌មានដដែល បានបន្តថា បន្ទាប់មក ភ្លើងឆេះត្រូវបានរលត់ ហើយកងកម្លាំងរួមក្រុម នៅលើនាវាមុជទឹកនោះ បានជម្លៀសខ្លួនចេញ ដោយខ្លួនឯង ។ នាវាមុជទឹកនេះ ជាប្រភេទនាវាធុនតូច មានកម្រិត នៅក្នុងការផ្ទុកថាមពល ហើយវាស្ថិតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករបស់រុស្ស៊ី Severomorsk នៅក្នុងសមុទ្រ Barents ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ Sergei Shoigu ត្រួតពិនិត្យការស៊ើបអង្កេតលើករណីភ្លើងឆេះនាវាមុជទឹកធុនតូច ដើរដោយថាមពលនុយក្លេអ៊ែរ ដែលត្រូវភ្លើងឆេះនោះ ។ ប្រភពខ្លះថា ករណីនេះ គឺកើតឡើងដោយសារការផ្ទុះហ្គាស នៅក្នុងនាវានោះ ។
លោកពូទីន បានថ្លែងទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិថា «ខ្ញុំស្នើអ្នកទៅកាន់ Serveromorsk ដើម្បីស្តាប់ការរៀបរាប់ជាបុគ្គល និងក្នុងគោលបំណង់ទទួលបានឲ្យច្បាស់លាស់អំពីមូលហេតុបង្កឲ្យមានសោកនាដកម្មនេះ» ។ ករណីភ្លើងឆេះនាវាមុជទឹកនេះ គឺជាគ្រោះថ្នាក់សម្លាប់ពលទាហានជើងទឹករុស្ស៊ីច្រើនបំផុតនៅក្នុងអំឡុងឆ្នាំចុងក្រោយនេះ ។
កាលពីឆ្នាំ២០០៨ មនុស្សចំនួន២០នាក់បានស្លាប់ នៅលើនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ីមួយគ្រឿង ខណៈត្រូវទុស្សេខ្សែភ្លើង ឆាបឆេះនៅក្នុងប្រព័ន្ធរបស់នាវាមុជទឹកនោះ ។ ដោយឡែកនៅក្នុងឆ្នាំ២០០០ ក៏មានមនុស្សជាង១០០នាក់ បានស្លាប់នៅក្នុងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់រុស្ស៊ី ក្រោយហេតុការណ៍ផ្ទុះពីរលើក និងបានលិចទៅក្នុងមហាសមុទ្រ Barents នោះផងដែរ ៕