ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះនៅក្នុងនាវាមុជទឹក រុស្ស៊ីបណ្តាលឲ្យនាវឹក១៤នាក់ ថប់ដង្ហើមស្លាប់

ចែករំលែក៖

សមាជិកក្រុមនាវឹកនៅក្នុងនាវាមុជទឹកទាំង​១៤នាក់ របស់រុស្ស៊ីបានស្លាប់ទាំងអស់ ដោយសារតែ គ្រោះថ្នាក់ផ្ទុះឆេះនៅខាងក្នុងនាវា​មុជទឹក​សម្រាប់ស្រាវជ្រាវនៅសមុទ្រទឹកជ្រៅ​ បណ្តាលឲ្យនាវឹកថប់ដង្ហើមស្លាប់ ។

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី បានដកស្រង់​​ប្រសាសន៍របស់​មន្ត្រី​ក្រសួងការពារជាតិ​​ បានបញ្ជាក់​កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ថា អគ្គិភ័យបាន​កើតឡើង​ទៅលើ​​នាវា​មុជទឹក​របស់រុស្ស៊ី​មួយ​គ្រឿង​ នៅក្រោមទឹកសមុទ្រ បណ្តាលឲ្យស្លាប់​សមាជិកនាវិក​សរុប​១៤នាក់ ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass បានផ្សាយ​ថា កងកម្លាំង​​នាវាមុជទឹក​ដែល​បានបាត់បង់ជីវិតនោះ គឹ​ដោយសារ​តែការ​ថប់ដង្ហើម​ជាមួយ​នឹងផ្សែង​ បន្ទាប់ពីមានហេតុការណ៍​ភ្លើងឆេះ​ នៅ​ក្នុងនាវាមុជទឹកនោះ ។ នាវាមុជទឹកនេះ​បាន និងកំពុងប្រតិបត្តិការស្រាវជ្រាវ ​នៅក្នុងដែនទឹករបស់ប្រទេសរុស្ស៊ី ។

សារព័ត៌មានដដែល​ បានបន្តថា បន្ទាប់មក ភ្លើង​ឆេះ​ត្រូវបាន​រលត់ ហើយ​កងកម្លាំង​រួមក្រុម​ នៅ​លើនាវាមុជទឹកនោះ​ បានជម្លៀសខ្លួនចេញ ដោយខ្លួនឯង ។ នាវាមុជទឹកនេះ ជាប្រភេទនាវាធុនតូច មានកម្រិត នៅក្នុងការផ្ទុក​ថាមពល ហើយវាស្ថិតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹក​របស់រុស្ស៊ី Severomorsk នៅក្នុងសមុទ្រ Barents ។

ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ​ Sergei Shoigu ត្រួតពិនិត្យ​ការស៊ើបអង្កេត​លើករណី​ភ្លើងឆេះ​​នាវាមុជទឹក​ធុនតូច ដើរដោយថាមពលនុយក្លេអ៊ែរ ដែលត្រូវភ្លើងឆេះនោះ ។ ប្រភពខ្លះ​ថា ករណីនេះ គឺកើតឡើងដោយសារការផ្ទុះហ្គាស ​នៅក្នុងនាវានោះ ។

លោកពូទីន បានថ្លែងទៅកាន់​រដ្ឋមន្ត្រីក្រសួងការពារជាតិថា «ខ្ញុំ​ស្នើអ្នក​ទៅកាន់ Serveromorsk ដើម្បីស្តាប់​ការ​រៀបរាប់​ជាបុគ្គល និងក្នុងគោលបំណង់​ទទួលបាន​ឲ្យច្បាស់លាស់​អំពីមូលហេតុ​បង្កឲ្យមានសោកនាដកម្មនេះ» ។ ករណីភ្លើងឆេះនាវាមុជទឹកនេះ គឺជាគ្រោះថ្នាក់សម្លាប់​ពលទាហានជើងទឹករុស្ស៊ីច្រើនបំផុត​នៅក្នុងអំឡុងឆ្នាំចុងក្រោយនេះ ។

កាលពីឆ្នាំ២០០៨ មនុស្ស​ចំនួន២០នាក់​បានស្លាប់ ​នៅលើ​នាវាមុជទឹក​ដើរ ដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី​មួយគ្រឿង ខណៈត្រូវទុស្សេខ្សែភ្លើង ឆាបឆេះ​នៅក្នុងប្រព័ន្ធ​របស់​នាវាមុជទឹកនោះ ។ ដោយឡែកនៅក្នុងឆ្នាំ២០០០ ក៏មានមនុស្សជាង១០០នាក់​ បានស្លាប់​​នៅក្នុងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់រុស្ស៊ី ក្រោយហេតុការណ៍ផ្ទុះពីរលើក និងបានលិច​ទៅក្នុងមហាសមុទ្រ Barents នោះផងដែរ ៕

 


ចែករំលែក៖