631:
សារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃទី២ ខែកក្កដា បានផ្សាយថា កូរ៉េខាងជើងបានចេញកាក់ប្រាក់ថ្មី ដែលមានអក្សរ ពាក់ព័ន្ធ នឹងគោលបំណងរំសាយអាវុធបរមាណូរបស់ប្រទេសនេះ ។ ទាំងនោះ គឺជាការប្តេជ្ញារបស់កូរ៉េខាងជើង ដើម្បីបញ្ចប់វិវាទ ។
លោក Lee Sang Hyun សមាជិកក្រុមប្រឹក្សាសន្តិភាព និងសហប្រតិបត្តិការណ៍ជាមួយកូរ៉េខាងជើងបានឲ្យដឹងថា លោកទទួលបានកាក់ប្រាក់ អនុស្សាវរីយ៍ ពីធនាគារជាតិកូរ៉េខាងជើង ។ កាក់ប្រាក់ដែល លោក លី ទទួលបាន មានអក្សរថា «រំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ» និង «ការពារសន្តិភាព និងសន្តិសុខពិភពលោក»។ នៅចំណុចកណ្តាលមានរូបបាតដៃចំនួន៣ កាន់គ្រាប់បែកបរមាណូយ៉ាងជាប់ ។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានជួបគ្នា នៅតំបន់ព្រំដែនគ្មានយោធា DMZ ។ នៅពេលនោះ ប្រធានាធិបតីដូណាល់ ត្រាំ បានឈានជើងចូលទឹកដីកូរ៉េខាងជើង បាន២០ជំហាន ។ នៅក្នុងជំនួបរយៈពេលជាង១ម៉ោង មេដឹកនាំទាំងពីរបានសម្រេចបន្តពិភាក្សាស្តីពីកម្មវិធីបរមាណូ ដើម្បីឈានដល់ការរំសាយទាំងស្រុង ។
មេដឹកនាំ គីម ជុងអ៊ុន គឺជាមេដឹកនាំ ជំនន់ទី៣ របស់កូរ៉េខាងជើង បន្ទាប់ពី គីម អ៊ីល ស៊ុង, គីម ជុងអ៊ីល ដែលជាជីតា និងឪពុក ។ មកដល់ជំនន់ គីម ជុង អ៊ុន ជាមនុស្សធ្លាប់ទៅសិក្សា ក្នុងប្រទេសសេរី តំបន់អឺរ៉ុប ដែលមានសេដ្ឋកិច្ចរីកចំរើន ។ ទាំងនោះហើយ លោកចង់អភិវឌ្ឍន៍សេដ្ឋកិច្ច កូរ៉េខាងជើង ឲ្យកាន់តែល្អ ជាជាងផលិតសព្វាវុធ ។
កន្លងមក លោកគីម ជុងអ៊ុន ធ្លាប់បានលើកឡើងថា ដល់ពេលពលរដ្ឋកូរ៉េខាងជើង រួចផុតពី សង្គ្រាម អូសបន្លាយរយៈជិត៧០កន្លងមក ដល់ពេលពលរដ្ឋ ត្រូវរស់នៅដោយមានក្តីសុខ និងមានសេដ្ឋកិច្ចរីកចំរើន ។ លោក គីម ជុងអ៊ុន ធ្លាប់មានលើកឡើងនៅមុនពេលជួបពិភាក្សាជាមួយលោកត្រាំ កាលពីចុង ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រទេសវៀតណាមថា «បើលោកមិនចង់រំសាយបរមាណូនោះទេ លោកមិនមកទីនេះឡើយ» ។ លោកគីម ជុងអ៊ុនធ្លាប់បានលើកឡើងទៀតថា លោកមិនចង់ឲ្យកូនចៅជំនន់ក្រោយរបស់លោកត្រូវបន្ត អម្រែកបរមាណូ យ៉ាងធ្ងន់ ទៀតឡើយ ។
តើអាមេរិក និងកូរ៉េខាងជើងអាចក្លាយជា មិត្តដ៏ជិតស្និទ្ធ និងគ្នាដែរឬទេក្រោយជំនួបលើកទី៣ ? ផ្អែកលើផលប្រយោជន៍នយោបាយ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចមាន ភាពល្អប្រសើរនឹងគ្នា ប៉ុន្តែបើយកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រមកនិយាយ ប្រទេសទាំងពីរទំនងជា មិនអាចក្លាយជាមិត្តនឹងគ្នាឡើយ ។ ដ្បិតបច្ចុប្បន្ន កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ហើយថែមទាំង មានចិនជាខ្នងបង្អែកទៀត ។ សហរដ្ឋអាមេរិក ធ្លាប់បានអះអាងថា ខ្លួននឹងមិនបន្ធូរបន្ថយការដាក់ ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងនោះទេ រហូតទាល់តែរបបដឹកនាំលោក គីម ជុងអ៊ុន លុបបំបាត់ចោល អាវុធនុយក្លេអ៊ែរជាមុនសិន ពោលគឺមិនអាចបណ្ដោយឲ្យកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ និងសេដ្ឋកិច្ចរឹងមាំព្រមគ្នានោះទេ ។
ចំណែកឯកូរ៉េខាងជើង ក៏ដឹងខ្លួនយ៉ាងច្បាស់ផងដែរថា ទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបមាន សុវត្ថិភាព ព្រមទាំងមានទឹកមាត់ប្រៃនិយាយជាមួយសហរដ្ឋអាមេរិក ។ លើសពីនេះ ទៅទៀត ទីក្រុងព្យុងយ៉ាង មិនអាចទុកចិត្តលោក ដូណាល់ ត្រាំ ១០០ភាគរយនោះទេ ខណៈកងទ័ពអាមេរិក រាប់ម៉ឺននាក់កំពុងឈរជើងនៅកូរ៉េខាងត្បូង និងជប៉ុន ។
និយាយឲ្យងាយស្ដាប់ សហរដ្ឋអាមេរិក ទំនងជាមិនអាចដកទ័ពចេញពីកូរ៉េខាងត្បូង និងជប៉ុនឡើយ ពីព្រោះវត្តមានកងទ័ពទាំងនេះ គឺក៏ទុកសម្រាប់ឃ្លាំមើលទាំងចិន និងរុស្ស៊ីផងដែរ រីឯកូរ៉េខាងជើងវិញ នៅតែត្រូវរក្សាទុកអាវុធនុយក្លេអ៊ែរដូចគ្នា ដើម្បីការពារខ្លួន ។
នៅក្នុងជំនួបលើកទី៣ នៅព្រំដែន កូរ៉េទាំងពីរ រវាងលោកត្រាំ និងគីម ជុងអ៊ុន ដោយនៅទីនោះ លោកត្រាំបានឈានជើងចូលក្នុងទឹកដី កូរ៉េខាងជើងជាលើកដំបូង ។ ជំនួបនេះត្រូវបានបណ្ដាប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរួមទាំង កូរ៉េខាងជើង ចាត់ទុកថាជាជំនួបប្រវត្តិសាស្ត្រ ខណៈក្រុមអ្នកជំនាញខ្លះរំពឹងថាលោក គីម នឹង ឆ្លើយតបទៅវិញជាវិជ្ជមាន តាមរយៈការពិចារណាលើការអញ្ជើញមកកាន់សហរដ្ឋអាមេរិក របស់ លោក ត្រាំ ។
តាមការពិតទៅជំនួបរវាងត្រាំ-គីម កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដើម្បពិភាក្សាការងារជាមួយលោក គីម មុននឹងត្រូវលោក ត្រាំ នៅកិច្ចប្រជុំ G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន ។ ម្យ៉ាងវិញទៀត ទោះបីជាមិនមានការបញ្ជាក់ថា ជំនួបនេះមានជាប់ពាក់ព័ន្ធនឹងជំនួបត្រាំ-គីមក៏ដោយ ប៉ុន្តែជារឿយៗ លោក ត្រាំ តែងតែអំពាវនាវឲ្យចិនជួយដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង ហើយគេក៏ដឹងដែរ ថាបើគ្មានចិន ក៏គ្មានជំនួបណាមួយអាចកើតឡើងដែរ ។
ដូច្នេះហើយ មជ្ឈដ្ឋានមួយចំនួនយល់ថា ចិននឹងព្យាយាមបញ្ចុះបញ្ចូលឲ្យលោក គីម ជុងអ៊ុន ជួបចរចាជាមួយលោក ដូណាល់ ត្រាំជាថ្មី ឬក៏ទទួលយកការអញ្ជើញមកទស្សនកិច្ចនៅអាមេរិក តែម្ដង ជាថ្នូរនឹងការបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្ម ។ ជាក់ស្ដែង ជុំវិញបញ្ហានេះ បើតាមអ្នកជំនាញ នយាបាយកូរ៉េ ដូចជាលោក Steven Borowiec លោក ដូណាល់ ត្រាំ អាចនឹងរិះរកមធ្យោបាយ បញ្ចុះបញ្ចូលឲ្យលោក គីម បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក ដើម្បីទាក់ទាញ
ប្រជាប្រិយភាព មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ ក៏ដូចជាបង្ហាញប្រជាជនអាមេរិក ថាលោកគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើឲ្យសត្រូវដូចជាកូរ៉េខាងជើង មកក្លាយជាមិត្តរបស់ សហរដ្ឋអាមេរិក៕