ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមានការព្រួយបារម្ភ ខណៈវិស័យសំណង់ខេត្តព្រះសីហនុ កំពុងរីកដុះដាល តែម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ខ្សាច់ យកខ្សាច់សមុទ្រ លាយជាមួយខ្សាច់កំពង់ស្ពឺ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ កំពុងមានការព្រួយបារម្ភ ចំពោះសំណង់រីកដុះដាលដូចផ្សិត ទាំងសំណង់របស់ខ្មែរ និងសំណង់វិនិយោគជនជាតិចិន (ពិសេសសំណង់ចិន) នៅក្នុងក្រុង ខេត្តព្រះសីហនុ ដោយសារតែមន្ត្រីជំនាញ មិនបានគិតគូរពីលក្ខណៈបច្ចេកទេស ។

បច្ចុប្បន្ននៅក្រុង ខេត្តព្រះសីហនុ មានក្រុមហ៊ុនខ្សាច់ជាច្រើនដែលកំពុងកាក់កបលើមុខរបរលក់ខ្សាច់ ដោយសារវិស័យសំណង់ហក់ឡើងយ៉ាងគំហ៊ុក ធ្វើឲ្យពួកគេជាម្ចាស់អាជីវកម្មទាំងនោះនាំគ្នាលេងល្បែងថ្ពិនភ្នែក យកខ្សាច់សមុទ្រ ឬខ្សាច់បូបពីព្រែកដែលតភ្ជាប់ទៅសមុទ្រ ឬខ្សាច់ក្នុងស្ទឹងលាយដី យកមកលាយគ្នាជាមួយខ្សាច់ក្នុងស្រុក (ខ្សាច់មកពីកំពង់ស្ពឺ) តិចតួចយកមកលាយគ្នា បណ្តាលឲ្យគុណភាពបេតុងមិនមានលក្ខណត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស នៅក្នុងការដ្ឋាននានា ក្នុងក្រុង.ខេត្តព្រះសីហនុ ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមតិរៈវិថីសម្តេចហ៊ុនសែន បានសង្កេតឃើញ ក្រុមហ៊ុនឡេងជិន ដែលមានទីតាំងនៅជិតមណ្ឌល៣ ( ទំនប់រកចាស់)សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាក្រុមហ៊ុនផ្គត់ផ្គង់ខ្សាច់ដ៍ធំមួយ បាននាំខ្សាច់តាមសាឡង់មកពីស្រែអំបិល និងកោះកុង និងខ្សាច់មកពីខេត្តកំពង់ស្ពឺ តិចតួចយកមកលាយចូលគ្នាធ្វើបាត់បង់គុណភាពសំណង់ អាចបង្ករហានិភ័យដល់ម្ចាស់សំណង់ដួលរលំបាក់រងគ្រោះថ្នាក់ដល់អាយុជីវិតទៅថ្ងៃមុខ ។

ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្ននៅក្នុងសង្កាត់លេខ0៣ មានទីតាំងក្រុមហ៊ុនខ្សាច់ចំនួន៣កន្លែងកំពុងធ្វើសកម្មភាពដឹកខ្សាច់សមុទ្រតាមសាឡង់មកយកមកលាយ និងខ្សាច់មកពីកំពង់ស្ពឺមានចំនួន០៣ទីតាំង ទី១/ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទី២/ ខាងមុខផ្លូវចូលផែច្រកទី១ និងទី៣ /ជិតស្នាក់ការមណ្ឌល៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ក្រុម ហ៊ុនខ្សាច់ទាំង៣ខាងលើនេះមិនដែលមានមន្ត្រីជំនាញចុះមកពិនិត្យអំពីគុណភាពខ្សាច់ម្តងណាឡើយ គឺធ្វើតាមតម្រូវការទីផ្សាររោងចក្រក្រឡុកសីម៉ងតែបណ្ណោះ ពួកគាត់មិនបានគិតគូរពីគុណភាពបេតុងរបស់ពួកគាត់ទេ ព្រោះតម្រូវការបេតុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រសិនបើដឹកខ្សាច់មានគុណភាព យកមកផ្គត់ផ្គង់ តាមតម្រូវការឲ្យរោងចក្រក្រឡុកសីម៉ង់មិនទាន់ទេ គឺត្រូវបូមយកខ្សាច់សមុទ្រ ឬព្រែកជាប់ដៃសមុទ្រមកលាយទើបអាចយកមកផ្គត់ផ្គង់ឲ្យរោងចក្រ និងអតិថិជនបានទាន់ពេលវេលា ដោយមិនខ្វល់ពីគុណភាព ដែលជាការប្រឈមទៅ និងការរលំបាក់អាគារ និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ។

ដោយឡែកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសតែងតាំងផ្លាស់ប្តូរអភិបាលខេត្តព្រះសីហនុថាសំណង់មានគុណភាពបាខ្សាច់ក៍ត្រូវមានគុណភាព ខ្សាច់មកពីខេត្តកំពង់ស្ពឺ ។ តែបើយកខ្សាច់សមុទ្រ ខ្សាច់ពីព្រែកតភ្ជាប់សមុទ្រទឹកសាប និងទឹកប្រៃ និងខ្សាច់លាយដីយកមកធ្វើសំណង់ មិនអាចធានាគុណភាពសំណង់បានទេ ។ ដូច្នេះរាល់ការដ្ឋានសំណង់ត្រូវធានាខ្សាច់ មានគុណភាពក្នុងការប្រើប្រាស់បានយូរ ។

គួររំលឹកឲ្យដឹងផងដែរថា នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹក នាំមន្ត្រីបច្ចេកទេស ចុះត្រួតពិនិត្យការដ្ឋានសំណង់ធ្វើពីគ្រោងឆ្អឹងដែកចំនួន៣កន្លែងនៅភូមិ២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ លោកអភិបាលខេត្តបានឲ្យម្ចាស់ការដ្ឋានសំណង់ទាំង៣ ទីតាំងផ្អាកសកម្មភាពសាងសង់ រង់ចាំក្រុមបច្ចេកទេសត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសសំណង់ ទើបអាចបន្តការសាងសង់បាន ។

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មានមិនអាចស្វែងរកការពន្យល់ពីមន្ត្រីជំនាញបានទេ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖