ខេត្តកំពង់ធំ ៖ បុរស៤នាក់បងប្អូន នាំគ្នាទៅឆ្លុះសត្វ ស្រាប់តែបុរសម្នាក់ជាម្ចាស់កាំភ្លើងកែច្នៃបានរាលកៃចំខ្លួនឯងបណ្តាលឲ្យស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា រហូតដល់ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ទើបសមត្ថកិច្ច និងក្រុមគ្រួសារបានដឹង និងទៅពិនិត្យសព នៅចំណុចតំបន់វាលព្រៃបាញ់ជាន់ ក្នុងភូមិសាស្ត្រភូមិសង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ជួន ជឿត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ ។
តាមការបំភ្លឺពីស្ត្រីឈ្មោះ ឃាន ប៊ិន អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល៨យប់ថ្ងៃ កើតហេតុ ប្ដីរបស់គាត់ហូបបាយរួច ក៏បាននាំគ្នាចេញទៅឆ្លុះសត្វជាមួយឈ្មោះ រត់ ភេទប្រុស អាយុ២៧ឆ្នាំ ឈ្មោះ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ ទួត ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកទាំង៣ត្រូវជាបងប្អូនជាមួយប្តីគាត់) ។
តាមប្រភពដដែលបានបន្តថា ប្តីរបស់គាត់ រួមទាំងបងប្អូនចំនួន៣នាក់ទៀតបានចេញទៅឆ្លុះសត្វនៅតំបន់បាញ់ជាន់ខាងលិចភូមិសង្វាត ឃុំក្រយា ចំងាយប្រហែល៥០០០ម៉ែត្រ ដោយជិះម៉ូតូ២គ្រឿងចេញទៅ រហូតដល់វេលាម៉ោងប្រហែល១១យប់ ស្រាប់តែអ្នកទាំង៣បានត្រឡប់មកវិញ ដោយឈ្មោះ ទួត បានស្រែកប្រាប់គាត់ថា «មីង! ពូជឿត ស្លាប់ហើយ» និងនិយាយប្រាប់ថា ប្តីរបស់គាត់រាលកៃកាំភ្លើងចំខ្លួនឯងបណ្តាលឲ្យស្លាប់បាត់ហើយ បន្ទាប់មកគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចឲ្យចុះទៅពិនិត្យ ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើនេះភ្លាម កម្លាំងជំនាញស្រុក និងខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យមណ្ឌលសុខភាពបានចុះពិនិត្យកន្លែងកើតហេតុនៅព្រឹកថ្ងៃទី៣ កក្កដា ២០១៩ ។
តាមការពិនិត្យបានរកឃើញថា ជនរងគ្រោះបានប្រើប្រាស់អាវុធកែច្នៃប្រើកម្លាំងខ្យល់បាញ់ដោយគ្រាប់កង់(គ្រាប់ដែកមូលៗ)មិនប្រយ័ត្នធ្វើឲ្យរាលកៃបាញ់ចំខ្លួនឯងបណ្តាលឲ្យស្លាប់តែម្តង ដោយនៅលើខ្លួនជនរងគ្រោះមានស្នាមរបួសមួយកន្លែងធ្លុះចូលលើដើមដោះខាងស្ដាំ និងមានទិសដៅបញ្ឆិតពីក្រោមទៅលើទំហំ០,៨សង្ទីម៉ែត្ររាងមូល ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយរាលកៃចំខ្លួនឯង បណ្តាលឲ្យស្លាប់ប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មណាមួយឡើយ ។
ក្រោយពិនិត្យរួច សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី