ភ្នំពេញ៖ ដេប៉ូលក់ខ្សាច់ដ៍ធំ២កន្លែង មានទីតាំងនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងមូលដ្ឋានមានការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែរថយន្តជាច្រើនគ្រឿងដឹកជញ្ជូនខ្សាច់គគ្រឹកគគ្រេង ជាពិសេសផ្លូវបេតុងតភ្ជាប់ពីផ្លូវជាតិលេខ១ ចូលទៅក្នុងភូមិមានប្រវែង៦០ម៉ែត្រ ក្លាយទៅជាផ្លូវដីពោរពេញទៅដោយទឹក ភក់ ពិបាកក្នុងការធ្វើដំណើរពេលខ្លះរអិលដួលក៏មានដែរ ។
ផ្លូវចូលទៅក្នុងភូមិ ជាប្រភេទផ្លូវបេតុងងាយស្រួលក្នុងការធ្វើដំណើរ ឥឡូវនេះគ្របដណ្តប់ទៅដោយទឹកភក់ ត្រាំងត្រែងគ្មានអ្នកទទួលខុសត្រូវឡើយ ។ ភាពបាត់បង់រូបរាងដើម បាត់បង់សណ្តាប់ធ្នាប់ បង្កការរំខានរស់នៅ និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ គឺផ្តើមចេញពីថៅកែដេប៉ូលក់ខ្សាច់និងបូមខ្សាចទាំង២ទីតាំងរួមគ្នាប្រមូលផលប្រយោជន៍ខ្លួនឯងតាមរយៈការប្រើប្រាស់រថយន្តដឹកខ្សាច់ទាំងតូចទាំងធំដឹងជញ្ជូនខ្សាច់ក្នុងមួយថ្ងៃៗ រាប់រយជើង ធ្វើឲ្យផ្លូវបេតុងក្លាយទៅជាផ្លូវដីភក់ដក់ទឹកត្រាំត្រែងគ្មានអ្នកណាយកចត្តទុកដាក់ឡើយ ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះសោម សាន្ត រស់នៅក្បែរការដ្ឋានបូមខ្សាច់និងលក់ខ្សាច់បានឲ្យដឹងថា កន្លងមកផ្លូវនេះមានឈ្មោះថា ទំនប់វៃចំរើន ដោយពិបាកធ្វើដំណើរចូលភូមិ អ្នកភូមិបានរួមគ្នាសុំជំនួយពីសប្បុរសជន ទើបស្ថាបនាជាផ្លូវបេតុងងាយស្រួលក្នុងការធ្វើដំណើរ ។ បន្ទាប់ពីស្ថាបនាហើយស្រាប់ដេប៉ូលក់ខ្សាច់និងបូមខ្សាច់ចាប់ផ្តើមដំណើរការអាជីវកម្ម ដឹកជញ្ជូនខ្សាច់គគ្រឹកគគ្រេងមួយថ្ងៃៗរាប់រយជើង បណ្តាលឲ្យផ្លូវបេតុងរងការខូចខាតខ្ទេចចេញឆ្អឹងដែក ។ នៅពេលទទួលរងនូវការខូចខាតគ្មានអ្នកទទួលខុសត្រូវឡើយ បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិមានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់លើកគ្នាទៅដល់សាលាសង្កាត់ និងសាលាខណ្ឌច្បារអំពៅដើម្បីឲ្យអាជ្ញាធរជួយអន្តាគមន៍ ។
បន្ទាប់ពីប្រជាពលរដ្ឋប្រតិកម្មខ្លាំងអាជ្ញាធរខណ្ឌរួមជាមួយថៅកែដេប៉ូខ្សាច់ទាំង២ទីតាំងបានធ្វើផ្លូវបេតុងឲ្យប្រជាពលរដ្ឋវិញ តែសព្វថ្ងៃប្រជាពលរដ្ឋទទួលបានផលប្រយោជន៍តិចណាស់ផ្ទុយទៅវិញ អ្នកដែលទទួលបានផលប្រយោន៍ច្រើនគឺថៅកែដេប៉ូលក់ខ្សាច់ ។ ព្រោះតែប្រយោជន៍ខ្លួនឯងបានធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារាល់ថ្ងៃដោយសារផ្លូវបេតុងចូលភូមិគ្របដណ្តប់ទៅដោយទឹកភក់ជាប្រចាំ ពេលរដូវប្រាំងមកដល់ផ្លូវបេតុងនេះគ្របដណ្តប់ទៅដោយដីខ្សាច់ហុយចូលផ្ទះរកស៊ីលក់ដូរមិនបានទេ ព្រោះដីខ្សាច់ហុយចូល ។
ជាចុងក្រោយ ប្រជាពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរខណ្ឌជួយអន្តរាគមន៍ សម្អាតផ្លូវបេតុង១ខ្សែនេះផង ព្រោះថា ទឹកជាសត្រូវជាមួយផ្លូវ បើទុកយូរៗទៅផ្លូវនឹងខូចប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ចំណែកអ្នកទទួលបានផលប្រយោជន៍គឺថៅកែដេប៉ូលក់ខ្សាច់ទាំង២ទីតាំង ៕ សណ្តោស